ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិន្នន័យ​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ដំបូង​មាន​ភាព​វិជ្ជមាន តែ ​«មិន​អស្ចារ្យ​​ទេ»


បុគ្គលិក​សុខាភិបាល​ធ្វើ​តេស្ត​សម្រាប់​អ្នក​ស្រុក​នៅ​ក្នុង​ក្រុង​វូហាន ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល​ធ្វើ​តេស្ត​សម្រាប់​អ្នក​ស្រុក​នៅ​ក្នុង​ក្រុង​វូហាន ខេត្ត Hubei ប្រទេស​ចិន កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ Lancet កាលពី​ថ្ងៃសុក្រ ទី២២ ខែឧសភា​បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ថ្មី​មួយ បង្ហាញ​លទ្ធផល​វិជ្ជមាន ប៉ុន្តែ​ក៏​មាន​លទ្ធផល​ដែល​គួរ​ឲ្យ​ខកចិត្ត​ផងដែរ នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ធ្វើ​តេស្ត​នេះ។

វ៉ាក់សាំង​ដែល​ត្រូវ​បាន​សាកល្បង​នៅក្នុង​ប្រទេស​ចិន​នេះ​បានធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ភាគច្រើន​នៅ​ក្នុង​រាងកាយ​មនុស្ស​មាន​ប្រតិកម្ម តែ​មិន​ទាំងអស់​នោះ​ទេ ហើយ​អ្នក​ជំងឺ​ជា​ច្រើន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយសារ​វ៉ាក់សាំង​នោះ។

ការសិក្សា​នេះ គឺ​ជា​ការចេញផ្សាយ​លើក​ដំបូង​បំផុត​នូវ​លទ្ធផល​ពី​ដំណាក់កាល​ទីមួយ​នៃ​ការ​សាកល្បង​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩។ មាន​វ៉ាក់សាំង​ជាង ១០០ ​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក កំពុង​ត្រូវ​គេ​ស្រាវជ្រាវ​បង្កើត​ឡើង​ ក្នុង​នោះ​មាន​វ៉ាក់សាំង​៩ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ព្យាបាល​សាកល្បង។

លោក Gary Simon ដែល​ជា​ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​នៅ​សាលា​វេជ្ជសាស្ត្រ និង​វិទ្យាសាស្រ្ត​សុខាភិបាល នៃ​សាកល​វិទ្យាល័យ George Washington ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ប្រសិន​បើ​វា​ជា​វ៉ាក់សាំង​តែ​មួយ​គត់​ដែល​មាននោះ ខ្ញុំ​គិត​ថា មនុស្ស​ជា​ច្រើន​នឹង​សុខ​ចិត្ត​ប្រើ​វា»។

ប៉ុន្តែ​ លោក Gary Simon បាន​ថ្លែង​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«ប្រសិន​បើគេ​មិន​អាចបន្ថយ​ផល​អវិជ្ជមាន​របស់​វ៉ាក់សាំង​នេះ​បាន​ច្រើនជាង​មុនទេ ខ្ញុំ​គិត​ថា វា​នឹង​មិន​មាន​តួនាទី​ធំដុំ នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​នេះ​ទេ»។

ដំណាក់កាលទី១

ការសាកល្បង​បឋម​ខ្នាត​តូច​នេះ បាន​ធ្វើ​តេស្ត​ទៅ​លើ​អ្នកស្ម័គ្រចិត្ត​ដែល​មាន​សុខភាព​ល្អ​ចំនួន ១០៨ នាក់​នៅ​ទីក្រុង​វូហាន​នៃ​ប្រទេស​ចិន ដែល​ជា​កន្លែង​ដែល​វីរុស​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង។ វ៉ាក់សាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន​ដែល​មាន​ឈ្មោះ​ថា CanSino Biologics ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន ហើយ​នៅក្នុង​ការផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​នេះ ​ក្រុមហ៊ុន​នេះ បាន​ទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល​ចិន។

២៨ ​ថ្ងៃ ក្រោយ​ការ​ចាក់​វ៉ាក់សាំង​នោះ ពាក់កណ្តាល​នៃ​អ្នកស្ម័គ្រចិត្ត​ចូលរួម​សាកល្បង​វ៉ាក់សាំង​ទាំង​១០៨នាក់​នោះ ដែល​អ្នក​ខ្លះ​បាន​ទទួល​ថ្នាំ​វ៉ាក់សាំង​កម្រិត​ទាប ឬពាក់កណ្តាល​ដូស ក្នុងខ្លួន​របស់​ពួកគេ​បាន​ផលិត​អង់ទីគ័រប្រឆាំងនឹង​វីរុសកូរ៉ូណា។ បី​ភាគ​បួន​នៃ​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង​ក្នុង​ចំនួន​ច្រើន បានផលិត​អង់ទីគ័រ​នេះ។

អ្នក​ចូលរួម​ស្ទើរតែ​ទាំងអស់ មានប្រតិកម្មវិជ្ជមាន​ពី​ប្រព័ន្ធ​ភាពស៊ាំ​ផ្សេងៗ​គ្នារបស់​ពួក​គេ​ក្នុង​រយៈពេល ១៤ ថ្ងៃ។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើប្រតិកម្មពី​ប្រព័ន្ធ​ភាពស៊ាំរបស់​រាងកាយ​របស់​ពួក​គេអាច​ល្មម​គ្រប់គ្រាន់​ដើម្បី​ការពារ​អ្នកជំងឺ​បាន​នោះ។ ការធ្វើ​តេស្ត​ដំណាក់កាល​ដំបូង​នេះ មិន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កំណត់​ថា តើ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ឬអត់​នោះ​ទេ។ វា​គ្រាន់តែ​ដើម្បី​ឲ្យ​ដឹង​ថា តើ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ ហើយនឹង​ថា តើ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស ឆ្លើយតប​ទៅ​នឹង​វា​ដែរ ឬ​ទេ។

វ៉ាក់សាំង​នោះ ត្រូវបាន​គេ​រក​ឃើញ​ថា វា​បង្កបញ្ហា​សុវត្ថិភាព។ ជាង​ពាក់​កណ្តាល​នៃ​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង​នោះ ឈឺ​ដៃ។ ជិត​ពាក់កណ្តាល​ទៀត​មាន​គ្រុនក្តៅ ហើយ​មាន​ម្នាក់ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ ប្រហែល​ជា ៤០ ភាគរយ​នៃ​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង​នោះ មាន​អាការៈ​ឈឺក្បាល ឬ​អស់កម្លាំង។

«លទ្ធផល​មិន​អស្ចារ្យ»

លោក Paul Offit ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ផ្នែក​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កុមារ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ដោយសារ​មាន​បញ្ហា​សុវត្ថិភាព ដោយសារ​អ្នកជំងឺ​ជាច្រើន​មិន​បាន​ផលិត​អង់ទីគ័រ​ការពារ​រាងកាយ​ដល់​កម្រិត​ខ្ពស់​នោះ ខ្ញុំ​ថា នេះ​គឺ​ជា​ការសិក្សា​មួយ ដែល​លទ្ធផល​មិន​មាន​អ្វី​អស្ចារ្យ​ទេ»។

លោក Paul Offit បាន​ថ្លែង​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​ជឿថា នឹង​មាន​វ៉ាក់សាំង​មួយ​ចំនួន​ដែល​នឹង​លេច​ចេញ​មក ដែល​វា​នឹង​មាន​សុវត្ថិភាព និង​ប្រសើរ​ជាង​វ៉ាក់សាំង​នេះ»។

ការសិក្សា​នេះ ផ្តោត​តែ​ទៅ​លើ​រយៈពេល​តែ ២៨ ថ្ងៃ​ដំបូង​បន្ទាប់​ពី​ការចាក់​វ៉ាក់សាំង​នោះ​ទៅ​អ្នក​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ។ លទ្ធផល​ចុងក្រោយ នឹង​គេ​ត្រូវ​វាយ​តម្លៃ​ក្នុង​រយៈពេល ៦ ខែ​ទៀត។

វ៉ាក់សាំងនេះ​កំពុង​ឈាន​ទៅ​រក​ការសាកល្បងទ្រង់ទ្រាយ​ធំ​ជាង​នេះមួយ​នៅ​ទីក្រុង​វូហាន។

វ៉ាក់សាំង​នាំ​មុខ​គេ

របាយការណ៍​អំពី​លទ្ធផល​វ៉ាក់សាំង​នៅ​ចិននេះ គឺ​ជា​ការស្រាវជ្រាវចុងក្រោយ​បំផុត​នៅក្នុង​ចំណោម​សេចក្តី​ប្រកាស​ស្រាវជ្រាវ​វ៉ាក់សាំង​កាលពី​ថ្មីៗ​នេះ ដែល​វា​ផ្តល់​ឲ្យ​នូវ​ព័ត៌មាន​លើក​ទឹកចិត្ត​មួយ​ចំនួន​ដែរ។

ក្រុមហ៊ុន​ជីវបច្ចេកវិទ្យា​អាមេរិក Moderna និយាយ​ថា វ៉ាក់សាំង​របស់​ខ្លួន​បាន​ផលិតអង់ទីគ័រ​ការពារ​រាងកាយ​ពី​មេរោគ​នៅក្នុង​ចំណោម​អ្នកជំងឺ​ទាំង ៨ នាក់​ដែល​បាន​ទទួល​វ៉ាក់សាំង​នោះ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុមហ៊ុន​នេះ មិន​បាន​បញ្ចេញ​ទិន្នន័យ​ទេ ហើយ​អ្នកវិទ្យាសាស្ត្រ​បាន​បង្ហាញ​ការព្រួយបារម្ភ​អំពី​តម្លាភាព។

ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកល​វិទ្យាល័យ Oxford និង​ក្រុមហ៊ុន​ចិន SinoVac បាន​រាយការណ៍​ថា វ៉ាក់សាំង​របស់​ពួកគេ​ការពារ​សត្វស្វា​ពី​ជំងឺ​កូវីដ​១៩។

ក៏ប៉ុន្តែ ការសិក្សា​ទាំង​នេះ ក៏​បាន​រកឃើញ​សញ្ញា​ថា ទោះបី​វ៉ាក់សាំង​ទាំងនេះ ជួយ​ការពារ​មិន​ឲ្យ​មនុស្ស​ឈឺ​ក៏ដោយ ក៏​ការចាក់ថ្នាំ​វ៉ាក់សាំង​នេះ មិន​អាច​រារាំង​ពួកគេ​មិន​ឲ្យ​ចម្លង​ជំងឺ​កូវីដ​១៩​នេះ​ ទៅ​អ្នកផ្សេង​បាន​ដែរ។

អ្នកស្រី Sarah Fortune ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​នៅ​សាលា​សុខភាព​សាធារណៈ T. H. Chan នៃ​សាកល​វិទ្យាល័យ Harvard បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«សត្វ​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​នោះ នៅតែ​មាន​វីរុស​នៅ​ក្នុង​ច្រមុះ និង​បំពង់ក​របស់​ពួកវា។ ប្រសិនបើ​រឿង​ដូច​គ្នា​នេះ កើតឡើង​ចំពោះ​មនុស្ស ហើយ​ប្រសិនបើ​វីរុស​ទាំងនោះ អាច​ឆ្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​នោះ (ចំណុច​ទាំងពីរ​នេះ គឺ​មិនទាន់​មាន​ភាព​ជាក់លាក់​នៅ​ឡើយ​ទេ) មាន​ន័យ​ថា ដើម្បី​ការពារ​ប្រជា​ពលរដ្ឋ មនុស្ស​ជា​ច្រើន​ទៀត​ណាស់ ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង»។

អ្នកស្រី Sarah Fortune បានថ្លែង​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​គិត​ថា វា​ជា​ការ​គួរ​ឲ្យ​ព្រួយបារម្ភ​ដោយសារ​ថា គ្រាដែល​យើង អាច​នឹង​ទទួល​បាន​ការការពារ​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩នេះ យើង​ក៏​ប្រហែល​ជា​នឹង​មិន​អាច​ទទួល​បាន​ការការពារ​ដែល​មាន​ប្រសិទ្ធភាព​ឲ្យ​បាន​គ្រប់គ្រាន់​ប្រឆាំងនឹង​ការ​ឆ្លង​ជំងឺ​នេះ​ទេ»។

រីឯ​លោក Paul Offit ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ផ្នែក​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កុមារ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania បាន​ថ្លែង​បន្ត​ថា មិនមាន​វិធី​ណា​នឹង​អាច​ឲ្យ​យើង​ដឹង​បាន​ទេ​ថា តើ​វ៉ាក់សាំង​ទាំងនេះ​នឹង​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធិភាព​នោះ រហូត​ទាល់​តែ​វា​ត្រូវបាន​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​រាប់ម៉ឺន​នាក់​ជា​មុនសិន។

លោក Paul Offit បាន​ថ្លែង​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​គិត​ថា យើង​គួរតែ​រង់ចាំ ហើយ​ព្យាយាម​មិន​ទស្សន៍ទាយ​ទុក​ជា​មុន​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នោះ​ទេ រហូត​ដល់​យើង​ឃើញ​ភស្តុតាង​ជាក់ច្បាស់​សិន»។

ក្នុង​ល្បឿន​ដ៏​លឿន

ដោយសារ​មាន​មនុស្ស​ជាច្រើន​សែន​នាក់​បាន​ស្លាប់ ហើយ​សេដ្ឋកិច្ច​បាន​រង​ប៉ះពាល់​យ៉ាងខ្លាំង​នៅ​ទូទាំងពិភពលោក​ដោយសារ​ជំងឺ​កូវីដ​១៩​នេះ ក្រុមហ៊ុន និង​រដ្ឋាភិបាលនានា កំពុង​រូតរះ​ផលិត​វ៉ាក់សាំង​នេះ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ អ្នកខ្លះ កំពុង​បោះ​ជំហាន​មិន​ធម្មតា (និង​ចំណាយ​ច្រើន) ក្នុង​ការបង្កើន​ល្បឿន​ផលិត​វ៉ាក់សាំង​មួយ​ចំនួន មុន​ពេល​មាន​ភស្តុតាង​បញ្ជាក់​ថា វ៉ាក់សាំង​ណាមួយ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាពនោះ។

អ្នក​ជិះ​កង់​ម្នាក់​ជិះ​កាត់​តាម​ច្រក​ចូល​អគារ​ក្រុមហ៊ុន Moderna, Inc.កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
អ្នក​ជិះ​កង់​ម្នាក់​ជិះ​កាត់​តាម​ច្រក​ចូល​អគារ​ក្រុមហ៊ុន Moderna, Inc.កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ក្រុមហ៊ុន Moderna បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ខែកក្កដា ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

រដ្ឋបាល​លោក Trump បាន​ប្រកាស​ថា នៅ​ខែតុលា ខ្លួន​នឹង​មាន​វ៉ាក់សាំង​យ៉ាងហោចណាស់​ចំនួន ៣០០ លាន​ដូស នៃ​វ៉ាក់សាំង​ដែល​ជា​លទ្ធផល​ពី​ក្រុម​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​ Oxford តាម​រយៈកិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca។

ការ​កំណត់​ពេល​វេលា​នោះ ធ្វើ​ឲ្យ​លោក Offit ព្រួយ​បារម្ភ។ លោក Offit បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​មិន​ជឿ​ថា ​យើង​នឹងអាចមាន​ទិន្នន័យ​ដែល​យើង​ត្រូវ​ការ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា វ៉ាក់សាំង​ទាំង​នេះ មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​បាន​យ៉ាងដូចម្តេច​នោះ។ ខ្ញុំ​គ្រាន់តែ​ព្រួយ​បារម្ភ​ថា មាន​កត្តា​នយោបាយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ ដែល​ពួកគេ​គ្រាន់តែ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​មាន​អ្វី​មួយ នៅ​មុន​ការបោះឆ្នោត» នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ។

លោក Offit បាន​បន្ថែម​ទៀត​ថា៖

«អ្វី​ដែល​យើង​ត្រូវការ​គឺ​ទិន្នន័យ។ ខ្ញុំ​សង្ឃឹម​ថា រឿង​នេះមិន​ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​រឿងនយោបាយ​នោះ​ទេ»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG