ការព្រមានថ្មីមួយពីមន្ត្រីជាន់ខ្ពស់ម្នាក់ខាងការពង្រឹងច្បាប់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា ការប្រឹងប្រែងរបស់ប្រទេសចិនក្នុងការយកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិកជាគោលដៅនៃការវាយប្រហារ ជាការគំរាមកំហែងបន្ទាន់មួយ ដែលត្រូវតែដោះស្រាយនៅពេលនេះ។
លោក Christopher Wray នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និយាយប្រាប់សមាជិកសភាអាមេរិកថា ក្រុមអ្នកលួចចូលក្នុងប្រព័ន្ធអ៊ីនធឺណិតធ្វើការឱ្យរដ្ឋាភិបាលចិនបានយកជាគោលដៅវាយប្រហារយ៉ាងសកម្មនូវប្រព័ន្ធអគ្គិសនី រោងចក្រសម្អាតទឹកកខ្វក់ បំពង់ប្រេងនិងប្រព័ន្ធដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក។
លោក Wray បានថ្លែងនៅក្នុងសក្ខីកម្មរៀបចំជាមុន ចេញផ្សាយនៅមុនសវនកម្មមួយរបស់សភាកាលពីថ្ងៃពុធ អំពីការប្រកួតប្រជែងជាមួយប្រទេសចិនថា «ការប្រថុយប្រថានមានលើជនជាតិអាមេរិកាំងគ្រប់គ្នាតម្រូវឱ្យមានការយកចិត្តទុកដាក់របស់យើងនៅពេលនេះ»។
នាយក FBI រូបនេះក៏បានចោទដែរថា រដ្ឋាភិបាលក្រុងប៉េកាំងធ្វើយុទ្ធនាការតាអ៊ីនធឺណិត ដើម្បីកម្រិតសេរីភាពក្នុងសហរដ្ឋអាមេរិក«រហូតដល់ខាងក្នុងព្រំដែនយើង នៅទូទាំងប្រទេសយើង ដើម្បីបំបិទមាត់ បំភិតបំភ័យនិងគំរាមកំហែងពលរដ្ឋយើងនិងអ្នករស់នៅក្នុងប្រទេសយើង»។
ស្ថានទូតចិននៅរដ្ឋធានីវ៉ាស៊ីនតោនមិនទាន់ឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយនៅឡើយទេ៕
វេទិកាបញ្ចេញមតិ