ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​កាន់ទុក្ខ​អតីត​ប្រធានាធិបតី​លោក​ Jimmy Carter


ប្រធានាធិបតីអាមេរិក​​ជាប់ឆ្នោត​លោក Donald Trump និង​អតីតស្ត្រីទី១​អ្នកស្រី Melania Trump មក​សម្តែង​ការគោរព​ចំពោះសពអតីតប្រធានាធិបតី​លោក Jimmy Carter នៅ​រដ្ឋធានី​វ៉ាស៊ីនតោនកាលពីថ្ងៃទី​៨ មករា ឆ្នាំ២០២៥។
ប្រធានាធិបតីអាមេរិក​​ជាប់ឆ្នោត​លោក Donald Trump និង​អតីតស្ត្រីទី១​អ្នកស្រី Melania Trump មក​សម្តែង​ការគោរព​ចំពោះសពអតីតប្រធានាធិបតី​លោក Jimmy Carter នៅ​រដ្ឋធានី​វ៉ាស៊ីនតោនកាលពីថ្ងៃទី​៨ មករា ឆ្នាំ២០២៥។

ថ្ងៃ​ព្រហស្បតិ៍ គឺ​ជា​ទិវា​កាន់​ទុក្ខ​ទូទាំង​សហរដ្ឋ​អាមេរិក ចំពោះ​មរណភាព​អតីត​ប្រធានាធិបតី​លោក Jimmy Carter ដោយ​រដ្ឋាភិបាល​បិទ​ដំណើរការ ខណៈ​មន្ត្រី​កំពូលៗ​ទៅ​ជួប​ជុំ​គ្នា​នៅ​ព្រះវិហារ​គ្រិស្ត Washington National Cathedral ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ចូលរួម​បុណ្យ​សព​ថ្នាក់​រដ្ឋ សម្រាប់​ប្រធានាធិបតី​ទី​៣៩​របស់​សហរដ្ឋ​អាមេរិក។

លោក Carter បាន​ទទួល​មរណភាពកាលពី​ថ្ងៃ​អាទិត្យ​ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ ​ក្នុង​អាយុ​១០០​ឆ្នាំ។ ​លោក​គឺ​ជា​អតីត​ប្រធានាធិបតី​អាមេរិក​អាយុ​វែង​ជាង​គេ​ទាំងអស់ ដែល​មិនសូវ​ខ្វល់ខ្វាយ​ពី​ភាព​ផ្លូវ​ការ​នយោបាយ​នៃ​ការ​គ្រប់គ្រង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ទេ។ ​អ្នក​ស្នង​តំណែង​ប្រធានាធិបតី​ទាំង​៥​នាក់​បន្ទាប់​ពី​លោកដែល​នៅ​មានជីវិត​រួម​មាន លោក Bill Clinton លោក​ George W. Bush លោក​ Barack Obama លោក Donald Trump និង​លោក Joe Biden សុទ្ធ​តែ​បាន​ចូល​រួម​ក្នុងពិធី​បុណ្យសព​របស់​លោក ដោយ​លោក Biden ជា​អ្នក​ថ្លែង​វិយោគកថា។

លោក Biden បាន​ហៅ​លោក Carter ដែល​ជា​គ្រិស្ត​សាសនិក​ឥតងាករេ​ម្នាក់ថា​ជា​«‍អ្នកបម្រើ​ព្រះនិង​ពលរដ្ឋ​អាមេរិក​ដ៏​ល្អ​និង​ស្មោះស្ម័គ្រ»។ លោក Biden​ ថា លោក Carter «‍រស់នៅ​ដោយ​មាន​គោលដៅ​និង​មាន​ជីវិត​ពោរពេញ​ដោយ​អត្ថន័យ»។

លោក Biden​ថា លោក Carter «‍ប្រើប្រាស់​ជីវិត​របស់​លោក​អស់​សក្តានុពល​និង​ថា​នោះ​គឺ​ជា​និយមន័យ​នៃ​ឆាកជីវិត​ដ៏​ល្អ​មួយ»។

សាធារណជន​ដែលកាន់ទុក្ខ​បាន​គោរពវិញ្ញាណក្ខន្ធលោក Carterពេល​មឈូស​ដាក់​សព​របស់​លោក​ដែល​រុំ​ដោយ​ទង់ជាតិ​អាមេរិក ត្រូវ​បាន​តម្កល់​នៅ​សភា​សហរដ្ឋ​អាមេរិក តាំងពី​ថ្ងៃ​អង្គារ។

ក្រោយ​ពី​ពិធី​បុណ្យ​សព​ចប់​សព្វគ្រប់ សព​លោក Carter ​ត្រូវបានដឹក​ត្រឡប់​ទៅ​រដ្ឋ Georgia ដែល​ជា​រដ្ឋ​កំណើត​របស់​លោក​វិញ ដែល​នៅ​ទី​នោះ សព​លោកត្រូវ​បាន​ដាក់​ក្នុង​កន្លែង​បញ្ចុះ​សព​គ្រួសារ​របស់​លោក​ ជាប់​ផ្នូរ​អ្នកស្រី Rosalynn Carter ភរិយា​របស់​លោក​ដែល​លោក​បាន​រៀបការ​និង​រស់នៅ​ជាមួយ​អស់​ពេល​៧៧​ឆ្នាំ មុន​ពេល​អ្នកស្រី​ទទួល​មរណភាព​កាល​ពី​ចុង​ឆ្នាំ​២០២៣៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG