មន្ត្រីកំពូលម្នាក់ខាងស៊ើបការណ៍សម្ងាត់យោធាសហរដ្ឋអាមេរិកកំពុងសម្តែងការព្រួយកង្វល់ថា ក្រុមអ្នកតាក់តែងគោលនយោបាយនិងសមាជិកសភាសំខាន់ៗមិនបានគិតគូរឲ្យបានល្មមគ្រប់គ្រាន់អំពីការគំរាមកំហែងរបស់ប្រទេសចិនទេ។
ក្រុមមន្ត្រីនៅទីបញ្ជាការតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក មន្ទីរបច្ចកោណនិងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានព្រមានម្តងហើយម្តងទៀតអំពីការគំរាមកំហែងពីប្រទេសចិនដែលកំពុងកើនឡើងពីកំណើនកម្លាំងយោធារហូតដល់អ្វីដែលមន្ត្រីទាំងនោះពណ៌នាថាជាការលុកលុយឥតកោតញញើតកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំងចូលក្នុងប្រព័ន្ធកំព្យូទ័រនិងយុទ្ធនាការចារកម្ម។
លោកឧត្តមនាវី Michael Studeman នាយកស៊ើបការណ៍សម្ងាត់របស់ទីបញ្ជាការនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានការព្រួយកង្វល់អំពីចំណាត់ការមិនបានគ្រប់គ្រាន់នេះ។
លោក Studeman បាននិយាយកាលពីថ្ងៃពុធថា៖«ខ្ញុំកំពុងឆ្ងល់ថាតើក្រុមអ្នកតាក់តែងគោលនយោបាយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនប៉ុន្មាននាក់ត្រូវបានគេបញ្ចុះបញ្ចូល។ និយាយតាមពិតទៅវាជាការពិបាកដើម្បីទាក់ទាញការចាប់អារម្មណ៍ច្រើនដល់រឿងរ៉ាវមួយចំនួន»។
លោក Studeman បាននិយាយទៀតថាការលំបាកមួយផ្នែកគឺថាខណៈមនុស្សជាច្រើននៅក្នុងសហរដ្ឋអាមេរិកមើលឃើញថាសង្គ្រាមទំនងជាមិនកើតមាននោះប្រទេសនានាដូចជាចិនមើលឃើញថាវាជាផ្នែកមួយដ៏សំខាន់នៃការខិតខំរបស់ពួកគេ។ ហើយរដ្ឋាភិបាលក្រុងប៉េកាំងក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping បានប្រុងប្រៀបរៀបចំធ្វើឲ្យខ្លាំងជាងសហរដ្ឋអាមេរិកដើម្បីក្លាយជាមហាអំណាចសាកលលោក។
លោក Studeman បានបញ្ជាក់ទៀតថា «លោក Xi Jinping មានឧបាយកលខ្លាំងណាស់។គាត់ព្យាយាមធ្វើឲ្យសម្រេចសុបិននោះទោះបីត្រូវចំណាយប៉ុន្មានក៏ដោយ»។
នេះមិនមែនជាលើកទី១ទេដែលលោក Studeman បានព្រមានអំពីការងើបឡើងរបស់ចិន៕