លោកប្រធានាធិបតី Joe Biden បានប្តេជ្ញាសងសឹកអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារដ៏ប្រល័យកាលពីថ្ងៃព្រហស្បតិ៍នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុលដែលបានសម្លាប់បុគ្គលិកយោធាអាមេរិកយ៉ាងតិច១៣នាក់និងជនស៊ីវិលរាប់សិបនាក់ដែលបានប្រមូលផ្តុំគ្នានៅទីនោះដោយសង្ឃឹមថានឹងភៀសខ្លួនចេញពីប្រទេសដែលគ្រប់គ្រងដោយពួកតាលីបង់។
លោក Biden បានថ្លែងនៅក្នុងសុន្ទរកថាផ្សាយទូទាំងប្រទេសថា៖ «ចំពោះអ្នកដែលបានធ្វើការវាយប្រហារនេះក៏ដូចជាអ្នកដែលចង់ឱ្យអាមេរិកឈឺចាប់សូមចាំថា យើងនឹងមិនអត់ទោសឱ្យទេ។យើងនឹងតាមរកអ្នកហើយឱ្យអ្នកឯងទទួលខុសត្រូវ»។
ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅក្នុងរបាយការណ៍មួយបង្ហោះតាមបណ្តាញ Telegram របស់ទីភ្នាក់ងារព័ត៌មានរបស់ខ្លួនប៉ុន្មានម៉ោងបន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារចំនួនពីរកន្លែងនៅក្បែរបរិវេណអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅជិតច្រកទ្វារ Abbey និងខាងក្រៅសណ្ឋាគារក្បែរនោះ។
សាខាក្នុងតំបន់មួយរបស់ក្រុមរដ្ឋអ៊ីស្លាមនៅខេត្ត Khorasan ហៅកាត់ថា ISIS-K ត្រូវបានគេស្តីបន្ទោសចំពោះការវាយប្រហារនេះ។ លោក Biden បានថ្លែងថាលោកបានបញ្ជាឱ្យមេបញ្ជាការអាមេរិកបង្កើតផែនការប្រតិបត្តិការដើម្បីវាយប្រហារទ្រព្យសម្បត្តិថ្នាក់ដឹកនាំនិងទីតាំងនានារបស់ក្រុមISIS-K។ លោកនិយាយថា៖ «យើងនឹងឆ្លើយតបដោយកម្លាំងនិងជាក់លាក់អាស្រ័យតាមពេលវេលានិងទីកន្លែងដែលយើងជ្រើសរើស»។
មិនយូរប៉ុន្មានបន្ទាប់ពីសុន្ទរកថារបស់លោកប្រធានាធិបតីអ្នកនាំពាក្យសេតវិមានបានបន្ទរសាររបស់លោកថា៖ «យើងនឹងតាមប្រមាញ់ភេរវករទាំងនេះហើយសម្លាប់ពួកគេមិនថាពួកគេនៅទីណា»។
ជនជាតិអាហ្វហ្គានីស្ថានយ៉ាងហោចចំនួន៩០នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ។ បូកសរុបជាមួយការស្លាប់របស់បុគ្គលិកយោធាអាមេរិក១៣នាក់ មនុស្សទាំងអស់ជាង១០០ត្រូវបានសម្លាប់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Pajhwok របស់អាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្តាលអាមេរិកលោកអនុសេនីយ៍ឯក Bill Urban បានឲ្យដឹងថាបុគ្គលិកយោធាអាមេរិកដែលរងរបួសចំនួន១៨នាក់ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថានតាមយន្តហោះ C-17 ដែលបំពាក់ឧបករណ៍ពិសេសជាមួយអង្គភាពពេទ្យ។ ឧត្តមសេនីយ៍អាមេរិកលោក Frank McKenzie ប្រធានបញ្ជាការកណ្តាលអាមេរិកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណថាការប្រយុទ្ធគ្នាដោយកាំភ្លើងបានកើតឡើងបន្ទាប់ពីការបំផ្ទុះគ្រាប់បែក៕