អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រកាសប្រឆាំងការវាយប្រហារនៅថ្ងៃព្រហស្បតិ៍ នៅអាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric។
យ៉ាងហោចណាស់មនុស្ស១០៣នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានជនជាតិអាហ្វហ្គានីស្ថាន ៩០នាក់ និងបុគ្គលិកយោធាអាមេរិក១៣នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Pajhwok នៃប្រទេសអាហ្វហ្គានីស្ថាន និងមន្ទីរបញ្ចកោណ។ លោក Guterres ហៅការវាយប្រហារនេះជាភេរវកម្ម ខណៈហ្វូងមនុស្សជនជាតិអាហ្វហ្គានីស្ថានប្រមូលផ្តុំគ្នានៅឯអាកាសយានដ្ឋាន ដើម្បីភៀសខ្លួនចេញពីប្រទេសនៅប៉ុន្មានថ្ងៃចុងក្រោយនៃការដឹកចេញដ៏ច្រើន បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ប្រទេសនេះ នៅពេលថ្មីៗនេះ។
ក្នុងអំឡុងសន្និសីទកាសែតខ្លីមួយលោក Dujarric បានប្រាប់អ្នកយកព័ត៌មានថា «ឧបទ្ទវហេតុនេះ បញ្ជាក់ពីការងាយប្រែប្រួលស្ថានការណ៍នៅមូលដ្ឋាននៅប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែក៏ពង្រឹងការតាំងចិត្តរបស់យើងផងដែរ នៅពេលយើងបន្តផ្តល់ជំនួយបន្ទាន់នៅទូទាំងប្រទេសក្នុងការគាំទ្រប្រជាជនអាហ្វហ្គានីស្ថាន»។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បានសរសេរលើបណ្តាញសង្គម Twitter ថា លោកថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មដ៏រន្ធត់នេះ ហើយថា អាទិភាពរបស់សម្ព័ន្ធមិត្តអូតង់នេះ គឺនៅតែបន្តជម្លៀសមនុស្សជាច្រើនទៅកាន់ទីសុវត្ថិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen បាននិយាយថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏អាក្រក់នេះ ហើយនឹងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីនាំពិរុទ្ធជនមកកាត់ទោស»។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវការវាយប្រហារនេះ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានពិពណ៌នាការវាយប្រហារនេះថា ជាអំពើព្រៃផ្សៃ។ លោកក៏បាននិយាយផងដែរថា ការវាយប្រហារនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តជម្លៀសប្រជាជន«ឱ្យបានលឿននិងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបានក្នុងរយៈពេលប៉ុន្មានម៉ោងដែលនៅសល់សម្រាប់យើង» មុនថ្ងៃផុតកំណត់ថ្ងៃទី ៣១ ខែសីហា។
បន្ទាប់ពីការវាយប្រហារលើកដំបូង ក្រសួងដឹកជញ្ជូនរបស់អង់គ្លេសបានចេញសេចក្តីណែនាំមួយដល់ក្រុមហ៊ុនអាកាសចរណ៍នានាកុំឱ្យហោះទាបជាង៧,៦២០ម៉ែត្រលើប្រទេសអាហ្វហ្គានីស្ថាន។
អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកលោក Peter Meijer ដែលថ្មីៗនេះ ត្រូវបានគេរិះគន់ចំពោះការធ្វើដំណើរដោយសម្ងាត់ទៅកាន់ទីក្រុងកាប៊ុលដើម្បីមើលឃើញភាពច្របូកច្របល់នៅអាកាសយានដ្ឋានអន្តរជាតិនោះ បានហៅការវាយប្រហារនេះថា ជារឿងអាក្រក់ដែលយើងបានធ្លាប់បានភ័យខ្លាចថា នឹងកើតឡើង»។
គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាបានហៅការវាយប្រហារនេះថា ជាអំពើកំសាក។
«នេះ គឺជាវិបត្តិមនុស្សធម៌ពេញទី ហើយរដ្ឋាភិបាលរបស់យើងត្រូវតែធានាការពារអាកាសយានដ្ឋាន និងជម្លៀសពលរដ្ឋអាមេរិកនិងជនជាតិអាហ្វហ្គានីស្ថានងាយរងគ្រោះដែលព្យាយាមចាកចេញពីប្រទេសនេះ»។ នេះបើតាមការបង្ហោះនៅលើគណនី Twitter របស់គណៈកម្មាធិការនេះ។
ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានថ្កោលទោស «ការវាយប្រហារដ៏កំសាកនិងអមនុស្សធម៌នៅអាកាសយានដ្ឋានក្រុងកាប៊ុល» រីឯប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានអំពាវនាវឱ្យបន្តការជម្លៀសចេញពីព្រលានយន្តហោះនេះ៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press Agence France-Presse និង Reuters។