ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក​សម្រេច​បាន​កិច្ច​ព្រមព្រៀង​អំពី​រឿង​ចំណាក​ស្រុក


រូបភាពឯកសារ៖ រថយន្ត​ដឹកទំនិញ​មួយរបស់​ក្រុមហ៊ុនប្រទេស​ម៉ិកស៊ិក Olympics ឆ្លងកាត់ស្ពានអន្តរជាតិ Puente Comercio Mundial ពេល​កំពុង​ឆ្លង​ចូល​ព្រំដែនសហរដ្ឋអាមេរិក។
រូបភាពឯកសារ៖ រថយន្ត​ដឹកទំនិញ​មួយរបស់​ក្រុមហ៊ុនប្រទេស​ម៉ិកស៊ិក Olympics ឆ្លងកាត់ស្ពានអន្តរជាតិ Puente Comercio Mundial ពេល​កំពុង​ឆ្លង​ចូល​ព្រំដែនសហរដ្ឋអាមេរិក។

សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក​បាន​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​អំពី​រឿង​អន្តោប្រវេសន៍​ដើម្បី​បញ្ចៀស​ការ​យក​ពន្ធ​គយ ប៉ុន្តែ​មន្ត្រី​អាមេរិកាំង​បាន​និយាយ​ថា លោក​ប្រធានាធិបតី Donald Trump នៅតែ​រក្សា​សិទ្ធិ​ ក្នុង​ការ​យក​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ម៉ិកស៊ិក ប្រសិនបើ​ម៉ិកស៊ិក​មិន​អាច​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​នេះ​បាន។

លោក Trump បាន​បញ្ជាក់​តាម Twitter កាល​ពី​ថ្ងៃ​សុក្រ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​ជូន​ដំណឹង​ថា សហរដ្ឋ​អាមេរិក​សម្រេច​បាន​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​ប្រទេស​ម៉ិកស៊ិក។ ពន្ធ​គយ​ដែល​សហរដ្ឋ​អាមេរិក​គ្រោង​យក​លើ​ទំនិញ​របស់​ម៉ិកស៊ិក​ចាប់​ពី​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ ឥឡូវ​នេះ​ត្រូវ​បាន​ផ្អាក​សិន‍»។

លោក Trump បាន​បន្ថែម​ថា៖ «ប្រទេស​ម៉ិកស៊ិក​បាន​យល់ព្រម​ចាត់​វិធានការ​ខ្លាំងក្លា​ដើម្បី​រារាំង​រលក​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​កាត់​តាម​ប្រទេស​ម៉ិកស៊ិក និង​សំដៅ​ឆ្ពោះ​មក​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​សហរដ្ឋ​អាមេរិក។ រឿង​នេះ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​ខ្លាំងក្លា​នូវ​ការ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​ម៉ិកស៊ិក​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក‍»។

ដោយ​ថ្លែង​នៅ​ក្រៅ​កិច្ច​ប្រជុំ​របស់​ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស G20 នៅ​ក្នុង​ប្រទេស​ជប៉ុន រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា កិច្ច​ព្រមព្រៀង​នេះ​គឺ​ស្រប​តាម​គោល​បំណង​របស់​លោក Trump នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​នៅ​ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ការ​យក​ពន្ធ​គយ​នៅ​តែ​អាច​អនុវត្ត ប្រសិនបើ​ប្រទេស​ម៉ិកស៊ិក​មិន​ធ្វើ​តាម​ការ​រំពឹង​ទុក​របស់​សហរដ្ឋ​អាមេរិក។

លោក Trump បាន​សរសេរ​ពោរពេញ​ដោយ​សុទិដ្ឋិនិយម​នៅ​លើ Twiiter កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា៖ «ប្រទេស​ម៉ិកស៊ិក​នឹង​ព្យាយាម​ខ្លាំងក្លា​បំផុត។ ហើយ​ប្រសិនបើ​ប្រទេស​នេះ​ធ្វើ​ដូច្នេះ នោះ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ក្លាយជា​កិច្ច​ព្រមព្រៀង​ដ៏​ជោគជ័យ​បំផុត​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក‍»៕

XS
SM
MD
LG