សហរដ្ឋអាមេរិកនៅតែមានផែនការដាក់ពន្ធគយចំនួន៥ភាគរយលើទំនិញរបស់ប្រទេសម៉ិកស៊ិកនៅថ្ងៃចន្ទ ថ្វីបើមានការជឿនលឿនក្នុងការចរចាសន្តិសុខព្រំដែនដែលបានចូលថ្ងៃទី៣ នៅថ្ងៃសុក្រ។
លោកស្រី Sara Snaders អ្នកនាំពាក្យសេតវិមានបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមអ្នកចរចាសហរដ្ឋអាមេរិកនិងម៉ិកស៊ិក បានធ្វើឲ្យមានការជឿនលឿនយ៉ាងច្រើនក្នុងរយៈពេលបីបួនថ្ងៃចុងក្រោយនេះ ក៏ប៉ុន្តែ នៅពេលឥឡូវនេះ យើងនៅតែយកពន្ធគយនៅថ្ងៃចន្ទខាងមុខនេះ»។
ការព្រមាននៅពេលថ្មីៗនេះរបស់លោកស្រី Sanders បានធ្វើឡើងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះពិសេសរបស់ប្រធានាធិបតី Air Force One នៅក្នុងប្រទេសអៀវឡង់ នៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រុងប្រៀបវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ។
ក្រុមមន្រ្តីសហរដ្ឋអាមេរិកនិងម៉ិកស៊ិក បានវិលត្រឡប់ទៅកាន់តុចរចាវិញកាលពីថ្ងៃសុក្ រដើម្បីស្វែងរកមធ្យោបាយទប់ស្កាត់លំហូរជំចំណាកស្រុកមកពីតំបន់អាមេរិកកណ្តាល ដែលបានឆ្លងកាត់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដែលកំពុងគំរាមកំហែងពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំង២នេះ។
សហរដ្ឋអាមេរិកបានជំរុញប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ឲ្យធ្វើកាន់តែច្រើនឡើងថែមទៀតដើម្បីទប់ស្កាត់ការកើនឡើងនូវជនចំណាកស្រុក ដោយប្រធានាធិបតីបានបន្តការគំរាមកំហែងយកពន្ធគយលើការនាំចូលទំនិញម៉ិកស៊ិកនៅសប្តាហ៍ក្រោយ ប្រសិនបើមិនមានការព្រមព្រៀងគ្នានោះទេ៕