សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ នឹងបើកព្រំដែនអាកាសឡើងវិញសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ដែលមានការទទួលស្គាល់ ឬអ្នកដំណើរដែលអាចបញ្ជាក់ថា គ្មានជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មុនធ្វើដំណើរ។ នេះ បើតាមការប្រកាសរបស់សេតវិមានកាលពីថ្ងៃចន្ទ។
ការអនុញ្ញាតថ្មីនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ និងមានការលើកលែងក្នុងករណីមួយចំនួនតូចតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់រដ្ឋបាលលោក Joe Biden ដែលបានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន។ ការអនុញ្ញាតថ្មីនេះ ក៏រួមមានការលើកលែងដល់អ្នកដំណើរមកពីប្រទេសប្រមាណ៥០ ដែលមានអត្រាអ្នកចាក់វ៉ាក់សាំងតិចតួច និងប្រទេសក្រីក្របំផុត ដែលភាគច្រើនជាប្រទេសក្នុងទ្វីបអាហ្វ្រិក។ ក្មេងអាយុក្រោម១៨ឆ្នាំ ក៏ត្រូវបានលើកលែងផងដែរ ប៉ុន្តែត្រូវបង្ហាញថា ពុំមានជំងឺកូវីដ១៩។
វ៉ាក់សាំងជំងឺកូវីដ១៩ដែលត្រូវបានទទួលស្គាល់រួមមានវ៉ាក់សាំងទាំងបីប្រភេទដែលទទួលស្គាល់ដោយទីភ្នាក់ងារម្ហូបអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក រួមមានវ៉ាក់សាំង Moderna វ៉ាក់សាំង Pfizer វ៉ាក់សាំង Johnson & Johnson ហើយនឹងវ៉ាក់សាំងដែលទទួលបានការយល់ព្រមឲ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់ដោយអង្គការសុខភាពពិភពលោក ដែលរួមមានវ៉ាក់សាំង Sinopharm របស់ចិន និងវ៉ាក់សាំង Astra-Zeneca ដែលផលិតដោយក្រុមហ៊ុន SKBio និងវិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌា។
សេតវិមានឱ្យដឹងថា ការលើកលែងនេះ ក៏រួមមានអ្នកចាក់វ៉ាក់សាំងសាកល្បងប្រឆាំងនឹងជំងឺកូវីដ១៩មួយចំនួន អ្នកមានបញ្ហាសុខភាពដែលមិនអាចចាក់វ៉ាក់ស់ាំងកូវីដ១៩ និងអ្នកដែលត្រូវធ្វើដំណើរក្នុងគ្រាអាសន្ន ឬហេតុផលមនុស្សធម៌។ បន្ថែមពីនេះអ្នកដែលទទួលបានការលើកលែង ត្រូវយល់ព្រមចាក់វ៉ាក់សាំងជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក បើគេស្នាក់នៅអាមេរិកលើសពី៦០ថ្ងៃ។
អ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ ត្រូវបង្ហាញលទ្ធផលតេស្តដែលគ្មានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល៣ថ្ងៃ មុនធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។
អ្នកដំណើរតាមផ្លូវអាកាស រួមទាំងពលរដ្ឋអាមេរិក និងអ្នកមានសិទ្ធិរស់នៅស្របច្បាប់ក្នុងសហរដ្ឋអាមេរិកដែលមិនបានចាក់វ៉ាក់សាំង ត្រូវបង្ហាញលទ្ធផលធ្វើតេស្តគ្មានជំងឺកូវីដ១៩ ក្នុងពេល១ថ្ងៃ មុនចេញដំណើរ។ កុមារដែលមានអាយុក្រោម២ឆ្នាំ មិនតម្រូវឲ្យធ្វើតេស្តនោះទេ ហើយមានការសម្រួលសម្រាប់អ្នកដែលមានឯកសារថា បានជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងរយៈពេល៩០ថ្ងៃកន្លងទៅផងដែរ៕