ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចាក់ដូសជំរុញនៃវ៉ាក់សាំងកូវីដ១៩ កាលពីថ្ងៃចន្ទ គឺក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋបាលរបស់លោកបានយល់ព្រមឲ្យមានការចាក់ដូសទី ៣ នៃវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ដល់ប្រជាពលរដ្ឋមួយចំនួន។
មុនពេលចាក់វ៉ាក់សាំងនេះ លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា៖ «ដូសជំរុញគឺសំខាន់ ប៉ុន្តែអ្វីដែលសំខាន់បំផុតដែលយើងចាំបាច់ត្រូវធ្វើ គឺធ្វើយ៉ាងណាឲ្យមនុស្សកាន់តែច្រើនចាក់វ៉ាក់សាំង [កូវីដ១៩]» ដូសដំបូង។
លោកបាននិយាយថា ប្រជាពលរដ្ឋអាមេរិកពេញវ័យចំនួន ៧៧% បានចាក់វ៉ាក់សាំងកូវីដ១៩ យ៉ាងហោចណាស់ក៏បានមួយដូសដែរ។ លោកបានបន្ថែមថា៖ «មួយភាគបួននៃពលរដ្ឋអាមេរិក [ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩] មិនអាចចេះតែនៅបន្តមិនចាក់វ៉ាក់សាំងបែបនេះនោះទេ»។
កាលពីសប្ដាហ៍មុន មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកបានផ្ដល់ការអនុញ្ញាតឲ្យចាក់ដូសជំរុញនេះសម្រាប់ពលរដ្ឋអាមេរិក ៣ ក្រុម ដែលនោះ គឺអ្នកដែលមានអាយុ ៦៥ ឆ្នាំឡើង បុគ្គលិកជួរមុខដូចជាគ្រូបង្រៀន បុគ្គលិកសុខាភិបាល និងអ្នកផ្សេងទៀតដែលធ្វើការណាប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងអ្នកដែលមានអាយុពី ៥០ ទៅ ៦៤ ឆ្នាំ ដែលមានបញ្ហាសុខភាព។
សេតវិមានបានបញ្ជាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ពលរដ្ឋអាមេរិកចំនួន ២០ លាននាក់មានសិទ្ធិចាក់វ៉ាក់សាំងនេះបានភ្លាមៗ ចំណែកឯអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួន ៦០ លាននាក់នឹងមានសិទ្ធិចាក់ដូសជំរុញបន្ទាប់ពីពួកគេបានចាក់ដូសទី ២ បាន ៦ ខែ។
លោក Biden អាយុ ៧៨ ឆ្នាំ បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដូសទី ១ កាលពីខែធ្នូ ឆ្នាំមុន និងដូសទី ២ កាលពីខែមករា មុនពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតី៕