មន្ត្រីអាមេរិកាំងពីអតីតកាលនិងបច្ចុប្បន្នបីរូបដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមវៀតណាមកំពុងឆ្លុះបញ្ចាំងទៅលើជម្លោះ ក្នុងខណៈពេលដែលពួកគេកំពុងក្រឡេកមើលទៅលើស្ថានការណ៍បច្ចុប្បន្ននិងអនាគត។
នៅក្នុងបទវិចារណកថាបញ្ចេញយោបល់រួមមួយកាលពីថ្ងៃអង្គារទី២៤ ខែឧសភានៅក្នុងកាសែត The New York Times លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John McCain សមាជិកព្រឹទ្ធសភា និងលោក Bob Kerrey អតីតសមាជិកព្រឹទ្ធសភាបានសរសេរបទវិចារណកថានេះ ក្នុងខណៈពេលដែលអាមេរិកកំពុងពង្រឹងទំនាក់ទំនងជាមួយវៀតណាមថា វាមានសារៈសំខាន់ក្នុងការចងចាំនូវមេរៀនពីសង្គ្រៀមដែលបានឆក់យកជីវិតពលរដ្ឋអាមេរិកាំងជាង ៥៨.០០០នាក់ និងជីវិតពលរដ្ឋវៀតណាមជិតមួយលាននាក់។
បើទោះបីជាមានចម្លើយងាយស្រួលពីរបីចំពោះសំណួរអំពីមេរៀនពីសង្គ្រាមទាំងនេះ ពួកគេបានថ្លែងឲ្យដឹងថា៖«ពួកយើងមិនត្រូវច្រឡំសង្គ្រាមជាមួយនឹងកងទ័ពនោះទេ»។ ពួកគេនិយាយបន្ថែមដោយសំដៅយ៉ាងច្បាស់លាស់ទៅលើអ្វីដែលអតីតទាហានច្បាំងនៅក្នុងសង្គ្រាមវៀតណាមបានប្រឈមមុខនៅពេលដែលពួកគេវិលត្រឡប់មកពីផ្ទះវិញពីសង្គ្រាមវៀតណាមដ៏ចម្រូងចម្រាសនេះក្នុងអំឡុងទសវត្សរ៍ ១៩៦០ និង ១៩៧០ ថា៖«អតីតទាហានអាមេរិកសាកសមនឹងទទួលបានការគោរព គុណបំណាច់ និងការគាំទ្រដ៏ខ្ពង់ខ្ពស់ពីយើង នៅពេលណាឬកន្លែងណាក៏ដោយដែលពួកយើងទៅបម្រើ»។
ពួកគេក៏បានលើកឡើងពីតម្រូវការឲ្យមេដឹកនាំត្រូវមានភាពស្មោះត្រង់ជាមួយនឹងសភានិងសាធារណជនរបស់អាមេរិក អំពីគម្រោងយោធា ដែលជាសេចក្តីប្រកាសមួយដែលត្រូវបានលើកឡើងប៉ុន្មានទសវត្សរ៍បន្ទាប់ពីបានហៅកងទ័ពដំបូងរបស់អាមេរិកដែលបានបញ្ជូនទៅវៀតណាមថាជា «ការជួយសង្គ្រោះគ្រាមានទឹកជំនន់»។
ការអនុវត្តនៃការបន្ទាបខ្លួនទទួលយកចំណេះដឹងពីវប្បធម៌បរទេស» និងយកឈ្នះលើភាពខុសគ្នា ដែលបង្ហាញឲ្យឃើញនៅសប្តាហ៍នេះ នៅក្នុងប្រទេសវៀតណាមគឺសិ្ថតក្នុងចំណោមមេរៀនដទៃទៀតដែលអាមេរិកបានរៀនពីសង្គ្រាម ដែលបានផ្ទុះឡើងនៅតំបន់អាស៊ីអាគ្នេយ៍ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧៥។
លោក Kerry លោក McCain និងលោក Kerrey មានមោទនភាពចំពោះការជ្រោមជ្រែងរបស់ពួកគេ ទៅលើការបន្តទំនាក់ទំនងការទូតធម្មតាជាថ្មីម្តងទៀតរវាងអាមេរិកនិងវៀតណាមកាលពី ២០ឆ្នាំមុន។ ឧទាហរណ៍ ពលរដ្ឋអាមេរិកាំងតិចជាង ៦ម៉ឺននាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជារៀងរាល់ឆ្នាំកាលពី ២០ឆ្នាំមុន ប្រៀបធៀបជាមួយនឹងចំនួនកន្លះលាននាក់នាពេលបច្ចុប្បន្ននេះ ហើយពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាមមានចំនួន លើសពី២០ឆ្នាំមុនជិត ១០០ដង នៃចំនួនទឹកប្រាក់ ៤៥០លានដុល្លារ។
ក្នុងខណៈពេលដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅសប្តាហ៍នេះ អតីតទាហានទាំងបីរូបនេះបានរៀបរាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់លោក អូបាម៉ា ក្នុងការកសាងទំនាក់ទំនងថាមានលក្ខណៈទ្រង់ទ្រាយធំ ដែលគ្របដណ្តប់លើវិស័យសន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ បរិស្ថាននិងសេរីភាពសាសនានិងសិទ្ធិមនុស្ស»។
ដោយសំឡឹងឆ្ពោះទៅមុខ ពួកគេបានសរសេរថា៖«ផលប្រយោជន៍រួម» និង«ទំនាក់ទំនងដ៏ស្អិតរមួត» ដូចជាទំនាក់ទំនងគ្រួសារ ហើយនិងការចង់បាននូវសេរីភាព នឹងជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
លោក John Kerry គឺជាមន្ត្រីកងទ័ពជើងទឹកនៅវៀតណាមនៅពេលនោះ។ លោក McCain ក៏ជាមន្ត្រីកងទ័ពជើងទឹកនៅវៀតណាមនៅពេលនោះដែរ ប៉ុន្តែលោកបាន ជាប់គុកជាឈ្លើយសង្គ្រាមនៅវៀតណាមខាងជើងអស់រយៈពេល ៥ឆ្នាំកន្លះ។ លោក Bob Kerrey បានឈ្នះមេដាយកិត្តិយសសម្រាប់ការបម្រើកងទ័ពជើងទឹក SEAL នៅក្នុងប្រទេសវៀតណាម៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា