ពលរដ្ឋអាមេរិកាំងរាប់លាននាក់បានផ្ដោតអារម្មណ៍ខ្លាំងលើសក្ខីកម្មរបស់លោក Gordon Sondland ដែលជាម្ចាស់សណ្ឋាគារអ្នកមានម្នាក់ ដែលលោកប្រធានាធិបតី Donald Trump បានជ្រើសរើសឲ្យធ្វើជាឯកអគ្គរដ្ឋទូតប្រចាំសហភាពអឺរ៉ុប។ សមាជិកសភាមួយចំនួនផ្ដោតលើមូលហេតុដែលលោក Trump ផ្ដល់តំណែងដែលគេចង់បាននេះដល់លោក Sondland។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យលោក Eric Swalwell បានសួរថា៖ «លោកឧបត្ថម្ភថវិកាមួយលានដុល្លារដល់គណៈកម្មាធិការរៀបចំការស្បថឡើងកាន់តំណែងរបស់លោកប្រធានាធិបតី Trump មែនទេ?»។
លោក Sondland ឆ្លើយដូច្នេះថា៖ «ខ្ញុំបានទិញសំបុត្រ VIP សម្រាប់ការស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Trump»។
លោក Eric Swalwell សួរបន្តថា៖ «នោះគឺថ្លៃណាស់ មែនទេ?»។
លោក Sondland ឆ្លើយថា៖ «វាថ្លៃណាស់»។
នៅក្នុងការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលសហការរៀបចំដោយទូរទស្សន៍ MSNBC និងកាសែត Washington Post អ្នកស្រី Elizabeth Warren ដែលជាបេក្ខជនមួយរូបនៅក្នុងនោះ បានអំពាវនាវឲ្យបេក្ខជនផ្សេងទៀតដែលជាគូប្រជែងរបស់អ្នកស្រីជួយបញ្ចប់ទម្លាប់ផ្ដល់តំណែងជាឯកអគ្គរដ្ឋទូតដល់អ្នកឧបត្ថម្ភថវិកានយោបាយ។
អ្នកស្រី Warren ថ្លែងដូច្នេះថា៖ «តើលោកឯកអគ្គរដ្ឋទូត Sondland បានកាន់តំណែងនេះតាមវិធីណា? អ្នកដឹងទេ លោកមិនមែនជាអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ លើកលែងតែមួយតែប៉ុណ្ណោះ ដែលនោះគឺ លោកបានផ្ដល់ថវិកាមួយលានដុល្លារ។ ចំណុចនេះបង្ហាញប្រាប់យើងអំពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលនោះគឺអំពើពុករលួយ ដែលលុយអាចទិញតំណែងក្នុងជួររដ្ឋាភិបាលបាន»។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យលោក Ami Bera បានស្នើច្បាប់មួយឲ្យដាក់កំហិតចំពោះទម្លាប់បែបនេះ និងឲ្យពង្រឹងអ្នកមានវិជ្ជាជីវៈបែបអាជីពនៅឯក្រសួងការបរទេស។
លោកបញ្ជាក់ដូច្នេះថា៖ «នៅក្នុងប្រវត្តិសាស្ត្រ តំណែងជាឯកអគ្គរដ្ឋទូតចំនួន ៣០ ភាគរយ គឺតែងតាំងបែបនយោបាយ និង ៧០ ភាគរយ បានមកពីការឡើងតាមឋានៈ។ ដូច្នេះយើងកំណត់យកចំនួននេះជាចំនួនកំណត់។ យើងមិនចង់តឹងតែងជ្រុលចំពោះប្រធានាធិបតីនោះទេ។ ពួកគេអាចមកសុំការយល់ព្រមពីគណៈកម្មាធិការកិច្ចការបរទេស ឬក៏គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាបាន ប្រសិនបើពួកគេចង់ធ្វើការតែងតាំងតាមបែបនយោបាយលើសពី ៣០ ភាគរយ។ ប៉ុន្តែ យើងពិតជាគិតថា ការផ្ដោតជាចម្បងលើវិជ្ជាជីវៈបែបអាជីពគឺសំខាន់»។
លោកសមាជិករដ្ឋសភា Bera បញ្ជាក់ថា លោក Sondland ខុសពីមន្ត្រីការទូតអាជីពមួយចំនួន ដែលផ្ដល់សក្ខីកម្មនៅក្នុងសវនាការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង។
លោកលើកឡើងដូច្នេះថា៖ «តើលោក Sondland មានជំនាញការទូតពិសេសណាមួយទេ? លោកគឺខុសពីបុគ្គលពីរនាក់ទៀតដែលសារព័ត៌មានផ្សព្វផ្សាយ។ លោកឯកអគ្គរដ្ឋទូត Bill Taylor និងលោកអគ្គរដ្ឋទូត George Kent ក៏ដូចជាអ្នកស្រីឯកអគ្គរដ្ឋទូត Marie Yovanovitch ផងដែរ គឺសុទ្ធសឹងតែជាមន្ត្រីការទូតមានវិជ្ជាជីវៈបែបអាជីព ដែលបានកាន់តំណែងនេះតាមការឡើងតាមឋានៈ ដោយពួកគេបានបម្រើប្រទេសជាតិ»។
អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសអ៊ុយក្រែនអ្នកស្រី Marie Yovanovitch បានស្នើឲ្យមានការគាំទ្រចំពោះមន្ត្រីការទូតអាមេរិកាំងដែលធ្វើការនៅបរទេស។
«ឯកអគ្គរដ្ឋទូតគឺជានិមិត្តរូបរបស់សហរដ្ឋអាមេរិកនៅបរទេស។ ពួកគេគឺជាអ្នកតំណាងផ្ទាល់ខ្លួនរបស់ប្រធានាធិបតី។ ពួកគេគួរតែតែងតែធ្វើ និងនិយាយដោយមានអំណាចពេញលេញ ដើម្បីនិយាយគាំទ្រគោលនយោបាយសហរដ្ឋអាមេរិក។ ប្រសិនបើឯកអគ្គរដ្ឋទូតត្រូវគេដាក់ពិន័យ វាប៉ះពាល់ដល់ប្រសិទ្ធភាពរបស់យើងនៅក្នុងការការពារប្រយោជន៍សន្តិសុខជាតិដ៏សំខាន់របស់សហរដ្ឋអាមេរិក»។
អ្នកស្រី Yovanovitch គឺជាមន្ត្រីការទូតអាជីពរយៈពេល ៣៣ ឆ្នាំ ដែលត្រូវបានកោះហៅឲ្យលាលែងពីតំណែងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអ៊ុយក្រែនកាលពីខែឧសភា តាមសំណើរបស់ប្រធានាធិបតី ទោះបីជាក្រសួងការបរទេសថា អ្នកស្រីមិនបានធ្វើអ្វីខុសក៏ដោយ៕
ប្រែសម្រួលដោយ ភី សុភាដា