ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកបានសម្រេចកាលពីល្ងាចថ្ងៃចន្ទម្សិលមិញថា អតីតមេធាវីសេតវិមានលោក Don McGahn ត្រូវតែគោរពតាមដីកាកោះហៅរបស់រដ្ឋសភាដោយត្រូវផ្ដល់សក្ខីកម្មទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
អ្នកស្រីចៅក្រម Ketanji Brown Jackson បាននិយាយថា ប្រធានាធិបតី «គ្មានអំណាច» នៅក្នុងការលើកលែងចំពោះលោក McGahn ឬក៏មន្ត្រីសេតវិមានទាំងបច្ចុប្បន្ន ឬក៏កាលពីមុនណាម្នាក់មិនឲ្យផ្ដល់សក្ខីកម្មបានទេ។
រដ្ឋបាលរបស់លោក Trump មានគម្រោងប្ដឹងបន្តទៅឧទ្ធរណ៍ចំពោះការសម្រេចរបស់អ្នកស្រីចៅក្រម Jackson នេះ។ មេធាវីរបស់លោក McGahn បាននិយាយថា លោកនឹងធ្វើតាមដីកាកោះហៅរបស់រដ្ឋសភា ក្នុងករណីណាដែលតុលាការផ្អាកការសម្រេចនេះជាបណ្ដោះអាសន្នដើម្បីរង់ចាំការសម្រេចចំពោះបណ្ដឹងឧទ្ធរណ៍នេះសិន។
មន្ត្រីផ្សេងទៀតដែលបានជំទាស់មិនព្រមចូលខ្លួនផ្ដល់សក្ខីកម្មមានដូចជា លោករដ្ឋមន្ត្រីការបរទេស Mike Pompeo អតីតទីប្រឹក្សាសន្តិសុខជាតិលោក John Bolton និងប្រធានស្ដីទីនាយខុទ្ទកាល័យលោក Mick Mulvaney។
គណបក្សប្រជាធិបតេយ្យកំពុងស៊ើបអង្កេតថាតើគួរចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង ឬក៏អត់ សម្រាប់ករណីដែលលោក Trump ដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឲ្យស៊ើបអង្កេតលើលោក Joe Biden ដែលអាចជាគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។ គណបក្សប្រជាធិបតេយ្យជឿថា មន្ត្រីជាន់ខ្ពស់ដែលកោះហៅទាំងនេះអាចផ្ដល់ភស្តុតាងសំខាន់បានទាក់ទិននឹងរឿងនេះ៕