ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា សវនាការ​ចោទ​ប្រកាន់​ដើម្បី​ដក​លោក​ពី​តំណែង​ជា​សវនាការ ‍«គួរ​ឲ្យ​អាម៉ាស់‍»


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ថ្មី​មួយ​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លើ​សវនាការ​របស់​រដ្ឋសភា​ក្នុង​សប្ដាហ៍​នេះ ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ពី​តំណែង។ លោក Trump បាន​ហៅ សវនាការ​ទាំង​នោះ​ថា «គួរ​ឲ្យ​អាម៉ាស់‍» ហើយ​លោក​បាន​ត្អូញត្អែរ​ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​រារាំង​សាក្សី​ដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចង់​ចោទ​សួរ។

លោក Trump បញ្ជាក់​ដូច្នេះ​ថា «អ្នក​នយោបាយ​ពុក​រលួយ‍» លោក Adam Schiff ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា ដែល​ដឹកនាំ​ការ​ស៊ើប​អង្កេត​នេះ និង​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ចង់​ឲ្យ​មន្ត្រី​សេតវិមាន​ប្រធានាធិបតី​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ «តាម​ព្យាបាទ​ដ៏​គួរ​ឲ្យ​អាម៉ាស់‍»។

ប៉ុន្តែ លោក​បាន​សរសេរ​នៅ​លើ Twitter ថា លោក Adam Schiff «នឹង​មិន​អនុញ្ញាត​ឲ្យ​មេធាវី​សេតវិមាន ឬ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ហាញ​ខ្លួន​នូវ​សាក្សី​ណា​ម្នាក់​ដែល​គណបក្ស​សាធារណរដ្ឋ​បាន​ស្នើ​ឡើង​នោះ​ទេ។ នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​នៃ​នីតិវិធី និង​ប្រវត្តិ​របស់​សភា‍!‍»។

នៅ​ក្រោម​ច្បាប់​សវនាការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ លោក Trump នឹង​អាច​មាន​មេធាវី​មួយ​រូប​តំណាង​ឲ្យ​លោក នៅ​ពេល​ដែល​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា​ពិចារណា​អំពី​បទ​ចោទ​ដែល​អាច​ទៅ​រួច​ដើម្បី​ចោទ​ប្រកាន់​លោក Trump នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ ហើយ​ប្រសិនបើ​រដ្ឋសភា​ពេញ​អង្គ​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវការ​ដក​លោក Trump ចេញ​ពី​តំណែង នោះ​ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នឹង​បើក​សវនាការ​កាត់ទោស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG