គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាអាមេរិកនឹងចាប់ផ្ដើមបើកសវនាការសាធារណៈក្នុងសប្ដាហ៍នេះអំពីដំណើរការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីតំណែង។ សមាជិកគណបក្សប្រជាធិបតេយ្យនិយាយថា លោកប្រធានាធិបតីបានបំពានអំណាចខ្លួនឯងតាមរយៈការផ្អឹបជំនួយយោធាចេញពីប្រទេសអ៊ុយក្រែន ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលអ៊ុយក្រែនស៊ើបអង្កេតលើគូប្រជែងនយោបាយរបស់លោក។
ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីតំណែងនឹងចាប់ផ្ដើមដំណើរការជាសាធារណៈក្នុងសប្ដាហ៍នេះ ដែលសវនាការទីមួយនឹងបើកនៅថ្ងៃពុធនេះ។
ចំណាត់ការនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់ពួកសាធារណរដ្ឋអស់រយៈពេលរាប់សប្ដាហ៍ទៅលើពួកប្រជាធិបតេយ្យថាបានធ្វើការដោយលាក់លៀម។
ពួកសាធារណរដ្ឋបានបន្ដការពារលោកប្រធានាធិបតី បើទោះជាអ្នកខ្លះជឿថា សកម្មភាពរបស់លោកប្រធានាធិបតីមិនសមរម្យក៏ដោយ។
ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីតំណែងនេះ គឺផ្ដើមចេញពីការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២៥ ខែកក្កដា រវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលលោក ត្រាំបានស្នើឲ្យអ៊ុយក្រែនបើកការស៊ើបអង្កេតទៅលើគូប្រជែងនយោបាយរបស់លោក គឺអតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ដែលប្រជែងគ្នានៅក្នុងការបោះឆ្នោតយកតំណែងប្រធានាធិបតីនៅឆ្នាំ២០២០ខាងមុខនេះ។
លោក ត្រាំ ក៏ស្នើឲ្យអ៊ុយក្រែនបើកការស៊ើបអង្កេតទៅលើលោក Hunter Biden ដែលជាកូនប្រុសរបស់លោក Joe Biden ផងដែរ ដោយសារតែលោកធ្លាប់បម្រើការនៅក្នុងក្រុមហ៊ុនឧស្ម័នធម្មជាតិមួយរបស់អ៊ុយក្រែន។ ខណៈពេលនេះ លោក ត្រាំ បានផ្អឹបជំនួយយោធារបស់អាមេរិកដែលមានតម្លៃជាទឹកប្រាក់ចំនួន៣៩១ដុល្លារពីប្រទេសអ៊ុយក្រែនផងដែរ៕