សភាតំណាងរាស្ត្រអាមេរិកាំងបានបើកផ្លូវឱ្យមានការអនុម័តសេចក្តីព្រាងច្បាប់មួយផ្តល់ប្រាក់ក្នុងរយៈពេលខ្លីសម្រាប់ឱ្យក្រសួងសនិ្តសុខមាតុភូមិមានដំណើរការ។
កាលពីថ្ងៃសុក្រ ក្រុមសមាជិកសភាបានបោះឆ្នោត២៤០សំទ្បេងគាំទ្រនិង១៨៣សំទ្បេងជំទាស់ដើម្បីជម្រុញសេចក្តីព្រាងច្បាប់នេះតែប៉ុន្មានម៉ោងមុនពេលដែលប្រាក់សម្រាប់ភ្នាក់ងារមួយនេះត្រូវអស់នៅម៉ោង១២យប់។
សេចក្តីព្រាងច្បាប់នេះផ្តល់ប្រាក់សម្រាប់រយៈពេលបីសប្តាហ៍នៅពេលដែលក្រុមសាធារណរដ្ឋខិតខំកែប្រែសកម្មភាពខាងនីតិប្រតិបត្តិរបស់លោកប្រធានាធិបតី Barack Obama ដែលកម្រិតការបញ្ជូនក្រុមមនុស្សរស់នៅខុសច្បាប់ក្នុងស.រ.អា.ឱ្យវិលត្រទ្បប់ទៅប្រទេសពួកគេវិញ។
នៅមុនពេលសេចក្តីព្រាងច្បាប់នេះចូលជាធរមានសភាតំណាងរាស្ត្រអាមេរិកាំងនិងព្រឹទ្ធសភាស.រ.អា.ត្រូវបោះឆ្នោតមួយលើកទៀតដើម្បីធ្វើការអនុម័តជាទីបញ្ចប់។
ប្រសិនបើសភាស.រ.អា.មិនអនុម័តសេចក្តីព្រាងច្បាប់នេះមុនពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រទេ បុគ្គលិកក្រសួងសនិ្តសុខមាតុភូមិប្រមាណបីម៉ឺននាក់អាចត្រូវបញ្ឈប់លែងឱ្យធ្វើការជាបណ្តោះអាសន្ន នៅពេលដែលបុគ្គលិក២សែន៤ម៉ឺននាក់ទៀតអាចធ្វើការដោយគ្មានប្រាក់បៀវត្សរ៍។
ក្រសួងសនិ្តសុខមាតុភូមិជាទីភ្នាក់ងាររបស់រដ្ឋាភិបាលដែលយាមល្បាតព្រំដែនរបស់ប្រទេសនិងត្រួតពិនិត្យពួកអ្នកដំណើរនៅក្នុងអាកាសយានដ្ឋាន៕