គណៈប្រតិភូមួយរបស់ប្រទេស គុយបា នឹងចូលទៅក្នុងក្រសួងការបរទេសស.រ.អានៅថ្ងៃសុក្រនេះ ដើម្បីចរចាអំពីការរៀបចំទំនាក់ទំនងការទូតឡើងវិញជាមួយស.រ.អា ជាលើកទីមួយចាប់តាំងពីឆ្នាំ ១៩៦១ ដែលជាផ្នែកមួយនៃការផ្តើមគំនិតរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើម្បីបញ្ចប់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹង គុយបា។
មន្រ្តីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសបានថ្លែងថា កិច្ចប្រជុំនៅថ្ងៃសុក្រនេះនឹងផ្តោតតែទៅលើអ្វីដែលត្រូវធ្វើ ដើម្បីបើកស្ថានទូត នៅក្រុងវ៉ាស៊ីនតោន និងក្រុង La Havane ឲ្យបានឆាប់បំផុត។
មន្រ្តីរូបនេះថ្លែងថា អ្វីដែលគេអាចសម្រេចបាន និងនៅពេលណា នឹងពឹងផ្អែកទៅលើសេចក្តីស្នើរបស់គុយបា។
កាលពីខែមុននៅទីក្រុង La Havane ស.រ.អានិងប្រទេស គុយបា បានធ្វើកិច្ចប្រជុំគ្នាមួយចំនួនដើម្បីចរចាគ្នាអំពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។
ស.រ.អាបានដាក់ទណ្ឌកម្មពាណិជ្ជកម្មលើគុយបា ក្នុងឆ្នាំ ១៩៦០ ហើយបិទស្ថានទូតមួយឆ្នាំក្រោយមកទៀត បន្ទាប់ពីមេដឹកនាំកុម្មុយនិស្ត លោក Fidel Castro បានផ្តួលរំលំរដ្ឋាភិបាល គុយបា ដែលស.រ.អាគាំទ្រ៕