ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​កម្មាធិការ​ព្រឹទ្ធ​សភា​ផ្តល់​ការ​យល់​ព្រម​លើ​បេក្ខជន​​ដឹកនាំ​ការ​ផ្សាយ​របស់​រដ្ឋាភិបាល​ស.រ.អា.


រូបឯកសារ៖ លោក Michael Pack ដែល​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​​មើល​ការ​ខុស​ត្រូវ​លើ​ទីភ្នាក់​ងារ​នៃការ​ផ្សាយ​របស់​សហរដ្ឋ​អាមេរិក USAGM។
រូបឯកសារ៖ លោក Michael Pack ដែល​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​​មើល​ការ​ខុស​ត្រូវ​លើ​ទីភ្នាក់​ងារ​នៃការ​ផ្សាយ​របស់​សហរដ្ឋ​អាមេរិក USAGM។

គណៈ​កម្មាធិការ​ព្រឹទ្ធ​សភា​ស.រ.អា.​ដ៏​សំខាន់​មួយ ​បានផ្តល់​ការ​យល់​ព្រមលើ​បេក្ខជន​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ សម្រាប់​មើល​ការ​ខុស​ត្រូវ​លើ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​សកល​ហៅ​កាត់​ថា​ USAGM ​ដែល​ជាទី​ភ្នាក់​ងាររបស់​រដ្ឋាភិបាល​សហព័ន្ធ ​ត្រួត​ពិនិត្យ​ការ​ផ្សាយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​មាន​រួម​ទាំង​សំឡេង​សហរដ្ឋ​អាមេរិក​ និង អាស៊ី​សេរី​ផង​ដែរ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​តាម​ខ្សែ​បន្ទាត់​បក្ស ​១២​ ទល់​ ១០ ​សំឡេង​នោះ ​គណៈកម្មាធិការ​ព្រឹទ្ធ​សភា​ស.រ.អា.​ ទទួល​បន្ទុក​កិច្ច​ការ​ការ​បរទេស ​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​នោះ ​បាន​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​បញ្ជូន​ការ​តែង​តាំង​នេះ​ ទៅ​កាន់​ព្រឹទ្ធសភា​ពេញ​អង្គ ​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត។

ការ​តែង​តាំង​លោក ​Michael Pack ​ដែល​ជាអ្នក​ផលិត​ភាពយន្ត​ឯកសារម្នាក់​នោះ បាន​ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​អស់​ពេល​ជិត​២​ឆ្នាំ ​មួយ​ផ្នែក​គឺ​ដោយសារ​មាន​ការ​ព្រួយ​បារម្ភរបស់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​អំពីការ​ចោទ​ប្រកាន់​លើ​វិធីចាត់​ចែង​ហិរញ្ញ​វត្ថុរបស់​លោក។

កាល​ពី​សប្តាហ៍​មុន ការ​បោះ​ឆ្នោត​របស់គណៈកម្មាធិការ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ម្តង​ទៀត ​បន្ទាប់​ពី​ការិយាល័យ​ក្រសួង​យុត្តិធម៌នៃរដ្ឋធានី​វ៉ាស៊ីនតោន ​បាន​បើក​ការស៊ើប​អង្កេត​ថា​តើលោក ​Michael Pack​ មាន​បាន​ប្រើ​ប្រាស់​មូលនិធិ​នៃ​អង្គការ​មិន​រក​ចំណេញ​ឈ្មោះ Public Media Lab ដោយ​ខុស​ច្បាប់​ដើម្បី​ផល​ប្រយោជន៍​ខ្លួន​លោក​ផ្ទាល់​ឬ​ទេ​នោះ។

ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ព្រហស្សតិ៍ ​សមាជិក​ព្រឹទ្ធ​សភា​មួយ​ចំនួន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​មិន​បាន​ទទួល​ការ​យល់​ព្រម​ឲ្យ​ពន្យា​ពេល​សវនាការ​ម្តង​ទៀត​ រហូត​ដល់​ពេល​ណា​ដែលលោក​ Pack អាច​ដោះស្រាយ​ការ​ព្រួយ​បារម្ភ​ ពាក់​ព័ន្ធ​នឹង​ការចាត់​ចែង​លុយ​កាក់​របស់​លោក ​ដាច់​ស្រេច​សិន​ ឬ​មួយ​ដល់​ពេ​លណា​ដែល​ការិយាល័យ​ក្រសួង​យុត្តិធ៌ក​រដ្ឋធានី​វ៉ាស៊ីនតោន បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ហើយ​សិន។

សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ លោក​ Bob Menendez បាន​ថ្លែងតាម​សម្តី​ដើម​របស់​លោកថា៖ «លោក Michael Pack បាន​បោះ​បង់​ចោល​ការ​តាំង​ចិត្ត​របស់​លោក​ចំពោះ​ខ្ញុំ ហើយ​បានបដិសេធ​មិន​ព្រមធ្វើ​តាម​ការ​សន្យា​លើ​រឿង​ដ៏​សំខាន់នេះ‍»។ លោក ​Menendez ​បាន​បន្ថែម​ថា​ គណៈ​កម្មាធិការដែល​ដឹក​នាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នេះ បរាជ័យ​ក្នុង​ការ​ចាត់​ចែង​ការ​តែង​តាំង​នេះ​ តាម​លក្ខណៈ​សហការណ៍​គ្នា​រវាង​គណបក្ស​ទាំង​ពីរ។

លោក​ប្រធាន​គណកម្មាធិការ​ព្រឹទ្ធ​សភា​ Jim Risch ​បាន​ថ្លែង​ថា គណៈ​កម្មាធិការ​នេះ​បាន​ត្រៀម​ខ្លួន​ដើម្បី​ពន្យារ​សវនាការ​តែង​តាំង​ «បើ​សិនជា​ក្រសួង​យុត្តិធ៌ម​ស.រ.អា.​ ស្នើ​សុំ​ឲ្យ​ពន្យារ​ពេល​នោះ ក៏​ប៉ុន្តែរឿង​នេះ​មិន​បាន​កើត​ឡើង​ទេ‍»។

វីអូអេ​បាន​ទាក់​ទង​ជាមួយ​អ្នក​នាំ​ពាក្យ​របស់លោក​ប្រធាន​គណៈ​កម្មាធិការ​ Jim Risch ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម លើ​ការ​ចោទ​ប្រកាន់​ទាំង​អម្បាល​មាណ។ ក្នុង​សេចក្តី​ថ្លែង​ការ​មួយ ​លោក​ Risch ​ថ្លែង​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែលនៅ​ទី​បំផុត គណៈ​កម្មាធិការ​នេះ​អាច​ផ្តល់​ការ​យល់​ព្រមលើ​ការ​តែង​តាំង​លោក​ Pack ​សម្រាប់​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​នៃទី​ភ្នាក់​ងាររបស់​រដ្ឋាភិបាល​សហព័ន្ធ ​ដែល​ជា​តួ​នាទី​មួយ ដែល​ត្រូវ​បាន​ទុក​ឲ្យ​នៅ​ទំនេរ ​អស់​ពេល​ជាយូរ​ពេក​ហើយ​នោះ‍»៕

XS
SM
MD
LG