ការផ្តល់មីនប្រឆាំងមនុស្សរបស់អាមេរិកដល់អ៊ុយក្រែនដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីបានបង្កជា «វិបត្តិ» ដល់សន្ធិសញ្ញាហាមប្រាមមីនជាសាកល។ នេះបើយោងតាមក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងមីនដែលបានជួបប្រជុំគ្នានៅខេត្តសៀមរាប ប្រទេសកម្ពុជា ដែលត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្រុមអ្នកធ្វើយុទ្ធនាការប្រឆាំងមីនបានជំរុញអ៊ុយក្រែនឲ្យទាត់ចោលបំណងផ្តល់មីនរបស់អាមេរិកនេះ។
អ៊ុយក្រែនជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីចំនួន ១៦៤ ដែលបានផ្តល់សច្ចាប័នដល់សន្ធិសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស។ សន្ធិសញ្ញានេះហាមប្រាមការប្រើ ការស្តុក ការផលិត និងការផ្ទេរគ្រាប់មីន។
សហរដ្ឋអាមេរិកដែលមិនមែនជាភាគីនៃសន្ធិសញ្ញានេះបានបញ្ជាក់កាលពីសប្តាហ៍មុខថាខ្លួននឹងផ្ទេរគ្រាប់មីនទៅឲ្យអ៊ុយក្រែន ដែលទង្វើនេះនាំឲ្យមានការថ្កោលទោសពីអង្គការសិទ្ធិមនុស្សនានា។
បំណងផ្តល់មីនរបស់អាមេរិកនេះបានបង្កជា «វិបត្តិ» ដល់សន្ធិសញ្ញានេះ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រី Tamar Gabelnick នាយិកាអង្គការយុទ្ធនាការអន្តរជាតិហាមប្រាមមីន (ICBL) ដែលបានថ្លែងក្នុងសន្និសីទមួយរបស់ក្រុមប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិនេះក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។
អ្នកស្រីថ្លែងថា៖ «ហេតុដូច្នេះ យើងសង្ឃឹមយ៉ាងម៉ុតមាំថាអ៊ុយក្រែននឹងបដិសេធចោលយ៉ាងម៉ឺងម៉ាត់នូវមីនដែលអាមេរិកផ្តល់ឲ្យ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ធ្លាប់បានហៅមីនទាំងនេះថា «មានសារៈសំខាន់យ៉ាងខ្លាំង» ដើម្បីបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ី។
សន្និសីទនៅខេត្តសៀមរាបនេះគឺជាកិច្ចប្រជុំធ្វើឡើង ៥ ឆ្នាំម្តងដោយក្រុមប្រទេសហត្ថលេខីនៃសន្ធិសញ្ញាប្រឆាំងមីនដើម្បីវាយតម្លៃវឌ្ឍនភាពនៃគោលដៅរបស់ខ្លួនក្នុងការសម្រេចឲ្យបាននូវពិភពលោកមួយដែលគ្មានមីនប្រឆាំងមនុស្ស៕
វេទិកាបញ្ចេញមតិ