សហរដ្ឋអាមេរិកបានវាយប្រហារដោយបានសម្លាប់មេដឹកនាំកងកម្លាំងពិសេស Quds របស់អ៊ីរ៉ង់នៅក្នុងការវាយប្រហារតាមអាកាសមួយនៅក្នុងប្រទេសអ៊ីរ៉ាក់។
មន្ទីរបច្ចកោណ បានបញ្ជាក់ពីការស្លាប់ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការកងកម្លាំង Quds នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ការវាយប្រហារនេះបានធ្វើឡើងទៅតាមបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។
សេចក្តីថ្លែងការណ៍នោះបានពណ៌នាចំណាត់ការនោះថា ធ្វើឡើងដើម្បីការពារបុគ្គលិកសហរដ្ឋអាមេរិកនៅបរទេស។
សេចក្តីថ្លែងការណ៍របស់សេតវិមាន ប្រាប់ឲ្យដឹងថា៖ «ឧត្តមសេនីយ៍ Soleimani បានអភិវឌ្ឍផែនការយ៉ាងសកម្មដើម្បីវាយប្រហារអ្នកការទូតនិងបុគ្គលិកយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងនៅទូទាំងតំបន់»។
សេចក្តីថ្លែងការណ៍នោះថ្លែងទៀតថា៖ «ការវាយប្រហារនេះ មានគោលបំណងកំញ៉ើញផែនការវាយប្រហារនៅពេលអនាគតរបស់អ៊ីរ៉ង់។ សហរដ្ឋអាមេរិកនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារពលរដ្ឋ និងផលប្រយោជន៍របស់យើងនៅជុំវិញពិភពលោក»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបានបង្ហាញសេចក្តីលម្អិតបន្តិចបន្តួចពីការវាយប្រហារនេះ ក៏ប៉ុន្តែ មន្រ្តីអ៊ីរ៉ាក់ បាននិយាយថា គ្រាប់រ៉ុកកែតបានធ្លាក់ចំក្បួនរថយន្តដែលធ្វើដំណើរនៅជិតចំណតអាកាសយាន្តអន្តរជាតិក្រុងបាដាក កាលពីយប់ថ្ងៃព្រហស្បតិ៍។
ក្រុមមន្រ្តីអ៊ីរ៉ាក់ និយាយទៀតថា លោក Abu Mahdi al-Muhandis មេបញ្ជាការរងរបស់កងជីវពលអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ ក៏បានស្លាប់នៅក្នុងការវាយប្រហារនេះដែរ។ពួកមន្រ្តីកំពូលផ្សេងទៀតក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះដែរ។
ទោះបីមុនពេលក្រសួងការពារប្រទេសសហរដ្ឋអាមេរិក បានបញ្ជាក់ពីការវាយប្រហារលើឧត្តមសេនីយ៍ Soleimani ក៏ដោយ រូបភាពបង្ហាញសាកសពរបស់ឧត្តមសេនីយ៍ អ៊ីរ៉ង់រូបនេះត្រូវបានគេផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានសង្គម៕