នៅថ្ងៃចន្ទនេះ កងជីវពលដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់បានធ្វើការសងសឹកតបទៅនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើមូលដ្ឋានរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ការវាយប្រហាររបស់សហរដ្ឋអាមេរិកនេះបានធ្វើឲ្យមនុស្សយ៉ាងតិច ២៥ នាក់ស្លាប់បាត់បង់ជីវិត។
ការព្រមានរបស់ក្រុម Kataeb Hezbollah នេះបានធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកថាជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ាក់ និងអាចចាត់ទុកថាជាសកម្មភាពភេរវកម្ម។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Mark Esper បានអះអាងថាពិតជាមានការវាយប្រហារតាមអាកាសនេះមែន នៅពេលដែលលោកឆ្លើយទៅកាន់អ្នកកាសែតកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ។
លោកបាននិយាយថា យន្តហោះចម្បាំងសហរដ្ឋអាមេរិកបានវាយប្រហារចំគោលដៅ ៣ កន្លែងរបស់ក្រុម Kataeb Hezbollah នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ និងគោលដៅ ២ កន្លែងទៀតនៅភាគខាងកើតប្រទេសស៊ីរី។
លោក Esper បានបញ្ជាក់ថា គោលដៅទាំងនេះគឺជាកន្លែងស្ដុកអាវុធ និងជាកន្លែងបញ្ជា និងគ្រប់គ្រងរបស់ក្រុម Kataeb Hezbollah។
ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនេះបានធ្វើឡើងដើម្បីជាការឆ្លើយតបចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតកាលពីថ្ងៃសុក្រកន្លងទៅនេះលើមូលដ្ឋានយោធាអ៊ីរ៉ាក់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលបានធ្វើឲ្យបុគ្គលិកក្រុមហ៊ុនដែលមានកុងត្រាជាមួយនឹងក្រសួងការពារប្រទេសអាមេរិកម្នាក់ស្លាប់បាត់បង់ជីវិត។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ប្រាប់លោកប្រធានាធិបតី Donald Trump នៅរមណីយដ្ឋានកម្សាន្តក្នុងរដ្ឋ Florida ដែលលោក Trump សម្រាកលំហែកាយថ្ងៃឈប់សម្រាកថា មូលដ្ឋានយោធាអ៊ីរ៉ាក់នោះបានរងការវាយប្រហារជាច្រើនដង។
ក្រុម Kataeb Hezbollah គឺជាផ្នែកមួយនៃកងជីវពលដែលហាមឃាត់ដោយរដ្ឋ ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលគេស្គាល់ថាជា «កងកម្លាំងប្រជាជនចល័ត»៕