ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​នៅ​អ៊ីរ៉ាក់​ខ្លាំង​ក្លា​ជាង​មុន​នៅ​ពេល​រដ្ឋាភិបាល​ប្រឈម​នឹង​កំណើន​គំនាបសង្កត់


រូបឯកសារ៖ ការប៉ះទង្គិចគ្នារវាងបាតុករនិងប៉ូលិសនៅទីលាន Khilani Square ក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១៣ ខែពុធ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ ការប៉ះទង្គិចគ្នារវាងបាតុករនិងប៉ូលិសនៅទីលាន Khilani Square ក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១៣ ខែពុធ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាលពីថ្ងៃ​ពុធ ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋាភិបាលបាន​ប្រមូលផ្តុំនៅ​ក្នុង​ក្រុងបាកដាដ និង​ក្នុង​តំបន់ខាងត្បូង​រដ្ឋធានី​នៅ​ពេល​ដែល​រដ្ឋាភិបាលអ៊ីរ៉ាក់ប្រឈមនឹង​កំណើន​គំនាប​សង្កត់ឱ្យ​ឆ្លើយតបនឹង​បាតុកម្ម​ច្រើន​សប្តាហ៍​មក​ហើយ។

នៅ​ក្រោយមានការ​ធូរ​ស្រាល​ពីរ​បី​ថ្ងៃ​ក្រោយមានការបង្ក្រាប​ដោយ​កង​កម្លាំង​សន្តិសុខ​នៅ​ក្នុងក្រុងបាកដាដ និង​ក្រុងធំៗក្នុង​ប៉ែក​ខាងត្បូង​ប្រទេស បាតុកម្ម​បានកើន​ជា​ថ្មី​កាលពី​ថ្ងៃ​ពុធ។​

នៅ​ពេលដែល​ពួកបាតុករ​គ្រវែង​កំប៉ុង​ឧស្ម័ន​នាំ​ឱ្យ​ចេញ​ទឹក​ភ្នែកដាក់កងកម្លាំង​សន្តិសុខវិញ​នៅ​ក្នុង​ក្រុង​បាកដាដ ក្រុមនិស្សិត​ប្រមាណ​៨រយ​នាក់បានវិល​ត្រឡប់ទៅ​កាន់ជំរំមួយ​នៅ​ក្នុង​ក្រុង Basra នា​ប៉ែក​ខាង​ត្បូងប្រទេសនៅ​ក្រោយ​បានត្រូវបង្ខំឱ្យចេញ​ពី​ទីនោះដោយ​ប៉ូលិស​ទប់ទល់នឹង​កុប្បកម្ម។

សមាជិក​សភា​នៃប្រទេស​អ៊ីរ៉ាក់នឹងប្រជុំ​គ្នា​នៅល្ងាចថ្ងៃ​ពុធ ដើម្បី​ស្តាប់​លោកស្រី​ Jeanine Hennis-Plasschaerd មេដឹកនាំបេសកកម្ម​អ.ស.ប.ក្នុង​ប្រទេស​អ៊ីរ៉ាក់​និយាយ​ប្រាប់ត្រួសៗអំពី​សម្ព័ន្ធភាពនយោបាយ​និង​អំពី​ជំនួប​របស់លោកស្រី​ជាមួយ Grand Ayatollah Ali Sistani ដែល​ជា​អាជ្ញាធរ​កំពូល​របស់ក្រុម​អ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីតនៃប្រទេស​អ៊ីរ៉ាក់។

Ayatollah Sistani គាំទ្រ​ផែនការមួយ​របស់​អ.ស.ប.ដើម្បីដោះស្រាយវិបត្តិនេះ។​ផែនការ​នេះ​អំពាវ​នាវ​ឱ្យមានការ​បញ្ចប់អំពើហិង្សា​ជា​បន្ទាន់ ឱ្យមានកំណែ​ទម្រង់​ការបោះឆ្នោត និងវិធានការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយហើយបន្ទាប់មក​ឱ្យមាន​ការ​កែប្រែរដ្ឋធម្មនុញ្ញនិង​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​ហេដ្ឋារចនាសម្ព័ន្ធផង​ដែរ។

ចាប់តាំង​ពី​បាតុកម្ម​ប្រឆាំង​នឹងអំពើពុក​រលួយខាងនយោបាយ ការ​គ្មាន​កាងារ​ធ្វើនិង​សេវា​សាធារណៈមិនល្អ​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១​ខែ​តុលា​មក មានមនុស្ស​យ៉ាង​តិច​ណាស់៣០០នាក់បានត្រូវសម្លាប់--ភាគច្រើន​ដោយកង​កម្លាំង​សន្តិសុខ​ដែលបានបាញ់​គ្រាប់កាំ​ភ្លើង​មែនទែនទៅ​ក្នុង​ហ្វូង​មនុស្ស។

ក៏ប៉ុន្តែ​ទោះណា​ជា​យ៉ាង​ណា​ក៏ដោយ​ក៏​អំពើហិង្សា​ទាំង​នេះ​បានផល​តែ​បន្តិច​បន្តួចក្នុងការ​បំបាក់ទឹកចិត្តក្រុមបាតុករមិនឱ្យ​ដើរ​ធ្វើបាតុកម្មនៅតាមផ្លូវថ្នល់​ក្នុងប្រទេសអ៊ីរ៉ាក់ទេ។

XS
SM
MD
LG