ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​នឹង​ពិចារណា​រឿង​តែងតាំង​អ្នក​ជំនាញ​ពិសេស​សម្រាប់​ពិនិត្យ​លើ​ឯកសារ​ដែល​រឹបអូស​ពី​ភូមិគ្រឹះ​លោក Trump


រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​​របស់​អង្គការ America First Policy Institute នៅ​សណ្ឋាគារ Marriott Marquis ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២។
រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​​របស់​អង្គការ America First Policy Institute នៅ​សណ្ឋាគារ Marriott Marquis ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២។

មេធាវី​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​និង​មេធាវី​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump គ្រោង​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ពេល​ដែល​ចៅក្រម​សហព័ន្ធ​ពិចារណា​ថា ​តើ​គួរ​តែងតាំង​អ្នក​ជំនាញ​ពិសេស​ដើម្បី​ពិនិត្យ​លើ​ឯកសារ​ដែល​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) បាន​រឹបអូស​ពី​ភូមិគ្រឹះ​របស់​លោក Trump នៅ​រដ្ឋ Florida ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

ចៅក្រម​តុលាការ​សហព័ន្ធ​អ្នកស្រី Aileen Cannon បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា អ្នកស្រី​មាន​ទំនោរ​ចង់​តែងតាំង​អ្នក​ជំនាញ​ពិសេស​មួយ​រូប​សម្រាប់​រឿង​នេះ ប៉ុន្តែ​ដំបូង​អ្នកស្រី​ចង់​ឮ​នូវ​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​និយាយ​ជា​មុន​សិន។ បើ​ទោះបីជា​រដ្ឋាភិបាល​ជំទាស់​ទៅ​នឹង​ការ​តែងតាំង​អ្នក​ជំនាញ​ពិសេស​នេះ​ក៏ដោយ ក៏​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ប្រសិនបើ​អ្នកស្រី Cannon តែងតាំង​អ្នក​ជំនាញ​ដូច​នេះ ការ​ពិនិត្យ​លើ​ឯកសារ​ដែល​រឹបអូស​បាន​ទាំង​នោះ​គួរតែ​បញ្ចប់​ឱ្យ​បាន​រួចរាល់​នៅ​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​ខាង​មុខ។

មេធាវី​របស់​លោក Trump បាន​ស្នើ​ថា ឯកសារ​ណា​មួយ​ដែល​លោក Trump មាន​សិទ្ធិ​នៅ​ក្នុង​ការ​រក្សា​ទុក ត្រូវតែ​ប្រគល់​ជូន​លោក​វិញ ដែល​ឯកសារ​ទាំង​នោះ​មាន​ដូចជា​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​សន្ទនា​រវាង​លោក Trump និង​មេធាវី​របស់​លោក​អំពី​ការ​ស៊ើប​អង្កេត​មួយ​ចំនួន​លើ​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ និង​កិច្ចការ​អាជីវកម្ម​នានា​ជាដើម។

រដ្ឋាភិបាល​បាន​បញ្ជាក់​កាលពី​ដើម​សប្ដាហ៍​នេះ​ថា នៅ​ក្នុង​ការ​ពិនិត្យ​ឯកសារ​ដែល​រឹបអូស​បាន​ទាំង​នោះ ខ្លួន​បាន​រក​ឃើញ «បណ្ដុំ​ឯកសារ​មួយ​ចំនួន​តូច» ដែល​គួរតែ​ប្រគល់​ជូន​លោក Trump វិញ។

មេធាវី​របស់​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​ដាក់​ជូន​តុលាការ​កាលពី​ថ្ងៃ​អង្គារ​ថា «ការ​តែងតាំង​អ្នក​ជំនាញ​ពិសេស​នេះ​នឹង​បង្អាក់​ដល់​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ជា​បន្ត​របស់​រដ្ឋាភិបាល» លើ​បញ្ហា​ថា ​តើ​លោក Trump មាន​បាន​រារាំង​ដំណើរការ​យុត្តិធម៌​ឬ​ក៏​រំលោភ​លើ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ឬ​ក៏​អត់​នៅ​ក្នុង​ការ​ស្ដុក​ទុក​ឯកសារ​ទាំង​នេះ​នៅ​ឯ​ភូមិគ្រឹះ​របស់​លោក៕

XS
SM
MD
LG