ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​អាមេរិក​ថា​មាន​ភ័ស្តុតាង​នៃ​ការ​រារាំង​ការ​ស៊ើប​អង្កេត​រឿង​ឯកសារ​សម្ងាត់​ដែល​រឹបអូស​ពី​ភូមិគ្រឹះ​លោក Trump


ឯកសារ​ដែល​ត្រូវ​បាន​រឹបអូស​យក​ដោយ​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) ក្នុង​អំឡុង​ការ​ឆែកឆេរ​ភូមិគ្រឹះ​ Mar-a-Lago របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២។
ឯកសារ​ដែល​ត្រូវ​បាន​រឹបអូស​យក​ដោយ​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) ក្នុង​អំឡុង​ការ​ឆែកឆេរ​ភូមិគ្រឹះ​ Mar-a-Lago របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​យប់​ថ្ងៃ​អង្គារ​ថា ខ្លួន​មាន​ភ័ស្តុតាង​ដែល​ទំនងជា​បង្ហាញ​អំពី​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​រារាំង​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​លើ​ឯកសារ​សម្ងាត់​ដែល​រក្សា​ទុក​នៅ​ឯ​ភូមិគ្រឹះ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​រដ្ឋ Florida។

ឯកសារ​មួយ​ដែល​បាន​ដាក់​ជូន​តុលាការ​បាន​យោង​លើ​សេចក្ដី​ប្រកាស​របស់​អ្នក​តំណាង​របស់​លោក Trump កាលពី​ខែ​មិថុនា ដែល​បាន​និយាយ​ថា​ឯកសារ​សម្ងាត់​ទាំង​អស់​ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋាភិបាល។ ឯកសារ​ដាក់​ជូន​តុលាការ​នោះ​ក៏​បាន​យោង​ផង​ដែរ​លើ​សេចក្ដី​ថ្លែងការណ៍​របស់​មេធាវី​មួយ​រូប​របស់​លោក Trump ដែល​ថា​ឯកសារ​ដែល​នៅ​សេសសល់​ទាំង​អស់​របស់​សេតវិមាន​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​បន្ទប់​ផ្ទុក​ឯកសារ​តែ​មួយ​ប៉ុណ្ណោះ។

ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ថា មេធាវី​រូប​នោះ​បាន​រារាំង​មន្ត្រី​រដ្ឋាភិបាល​មិន​ឱ្យ​មើល​ខាង​ក្នុង​ប្រអប់​នានា​នៅ​ក្នុង​បន្ទប់​ផ្ទុក​ឯកសារ​នោះ។ មន្ត្រី​រដ្ឋាភិបាល​មាន​បំណង​មើល​ក្នុង​ប្រអប់​ទាំង​នោះ​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ពិត​ប្រាកដ​ថា​ពិតជា​គ្មាន​ឯកសារ​សម្ងាត់​ផ្សេង​ទៀត​នៅ​ក្នុង​នោះ។

ពីរ​ខែ​ក្រោយ​មក ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) បាន​អនុវត្ត​ដីកា​ឆែកឆេរ​នៅ​ឯ​ភូមិគ្រឹះ​របស់​លោក Trump ដោយ​បាន​រឹបអូស​ប្រអប់​ចំនួន ៣៣ ដែល​ផ្ទុក​ឯកសារ​សម្ងាត់​ជាង ១០០ ឯកសារ ដែល​ក្នុង​នោះ​ឯកសារ​ខ្លះ​គឺ​ជា​ឯកសារ​សម្ងាត់​កម្រិត​ខ្ពស់​បំផុត។

ក្រសួង​យុត្តិធម៌​ថា ភ្នាក់ងារ FBI បាន​រក​ឃើញ​ឯកសារ​សម្ងាត់​ខ្លះ​នៅ​ក្នុង​ថត​តុ​ក្នុង​ការិយាល័យ​របស់​លោក Trump នៅ​ឯ​ភូមិគ្រឹះ​របស់​លោក​ក្នុង​អំឡុង​ពេល​ឆែកឆេរ​កាលពី​ដើម​ខែ​សីហា​នេះ។

នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ឯកសារ​របស់​ប្រធានាធិបតី​គឺ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋាភិបាល ហើយ​ត្រូវតែ​ប្រគល់​ជូន​ប័ណ្ណសារដ្ឋាន​ជាតិ​នៅ​ចុង​បញ្ចប់​នៃ​អាណត្តិ​របស់​ប្រធានាធិបតី។ លោក Trump បាន​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​កាលពី​ខែ​មករា ឆ្នាំ ២០២១។

កន្លង​មក លោក Trump បាន​រិះគន់​ការ​ឆែកឆេរ​ភូមិគ្រឹះ​របស់​លោក​កាលពី​ខែ​សីហា​ថា​ជា​ការ​ឆែកឆេរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​និង​មិន​ចាំបាច់ ដោយ​លោក​បាន​និយាយ​ថា​លោក​បាន​សហការ​ជាមួយ​នឹង​ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​សហព័ន្ធ។ មេធាវី​របស់​លោក​បាន​ស្នើ​ចៅក្រម​សហព័ន្ធ​ឱ្យ​តែងតាំង​អ្នក​ជំនាញ​ពិសេស​មួយ​រូប​ឱ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​ថា​តើ​ក្នុង​ចំណោម​ឯកសារ​ដែល​បាន​រឹបអូស​ទាំង​នោះ មាន​ឯកសារ​ណា​ខ្លះ​ដែល​ជា​ឯកសារ​បុព្វសិទ្ធិ​របស់​ប្រធានាធិបតី។

ក្រសួង​យុត្តិធម៌​បាន​លើកឡើង​នៅ​ក្នុង​ឯកសារ​ដាក់​ជូន​តុលាការ​កាលពី​ថ្ងៃ​អង្គារ​ថា អាជ្ញាធរ​បាន​ទុក​ពេល​ជា​ច្រើន​ឱ្យ​លោក Trump នៅ​ក្នុង​ការ​ធ្វើ​តាម​សំណើ​ដែល​ស្នើ​ឱ្យ​លោក​ប្រគល់​ឯកសារ​ទាំង​នោះ​ជូន​រដ្ឋាភិបាល និង​ថា​ក្រុម​ការងារ​ពិសេស​នៃ​ក្រសួង​យុត្តិធម៌​បាន​បញ្ចប់​រួចរាល់​នូវ​កិច្ចការ​នៃ​ការ​ដក​ចេញ​នូវ​ឯកសារ​ណា​ដែល​ជា​ឯកសារ​បុព្វសិទ្ធិ​របស់​ប្រធានាធិបតី។

ចៅក្រម​គ្រោង​នឹង​ពិចារណា​លើ​សំណើ​របស់​លោក Trump បន្ថែម​ទៀត​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG