ចៅក្រមសហព័ន្ធអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវការនិរទេសគ្រួសារអន្តោប្រវេសន៍ដែលទើបនឹងជួបជុំគ្នាឡើងវិញ បន្ទាប់ពីត្រូវបានបំបែកកាលពីដើមឆ្នាំនេះនៅតាមព្រំដែនម៉ិកស៊ិកអាមេរិក។ កាលពីថ្ងៃចន្ទ លោក Dana Sabraw ចៅក្រម នៅរដ្ឋ San Diego បានរារាំងវិធានការនិរទេសនេះ យ៉ាងហោចណាស់មួយសប្តាហ៍ហើយបានស្នើសុំឱ្យរដ្ឋាភិបាលឆ្លើយតបនឹងសំណើរបស់សហជីពសេរីភាពស៊ីវិលអាមេរិក (American Civil Liberties Union)។
សហជីពនេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីពាក្យចចាមអារ៉ាមច្រើនឡើងៗដែលនិយាយ ថា «ការនិរទេសមនុស្សច្រើន» នឹងត្រូវបានអនុវត្ត «ភ្លាមៗក្រោយពីកុមារជួបជាមួយឪពុកម្តាយដែលជាជនអន្តោប្រវេសន៍»។
សហជីពនេះនិយាយថា បន្ទាប់ពីបានជួបជុំជាមួយកូនៗរបស់ពួកគេ ជនអន្តោប្រវេសន៍ជាឪពុកម្តាយត្រូវការពេលមួយសប្តាហ៍ដើម្បីសម្រេចថា តើត្រូវរៀបចំឯកសារដើម្បីស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ឬយ៉ាងណា។ សហជីពសេរីភាពស៊ីវិលអាមេរិកបានធ្វើការតស៊ូដើម្បីទាមទារឱ្យរដ្ឋាភិបាលអនុញ្ញាតកុមារអន្តោប្រវេសន៍បានជួបជាមួយឪពុកម្តាយរបស់ពួកគេយ៉ាងឆាប់រហ័ស។
សហជីពនេះទទួលបានសេចក្តីសម្រេចជាលើកដំបូងនៅក្នុងខែមិថុនាឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យកុមារក្រោមអាយុ ៥ ឆ្នាំបានជួបជាមួយឪពុកម្តាយរបស់ពួកគេកាលពីថ្ងៃទី១០ ខែកក្កដា និងហើយសមាជិកគ្រួសារទាំងអស់បានជួបជុំគ្នានៅថ្ងៃទី២៦ ខែកក្កដា។ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បាននិយាយថា អាជ្ញាធរបានអនុញ្ញាតឲ្យកុមារអាយុក្រោម ៥ ឆ្នាំបានជួបជាមួយ ហើយកូនធំៗកំពុងតែរៀបចំសភាពការណ៍ជាក់ស្តែង។ កុមារប្រហែល ២៥០០នាក់ត្រូវបានបំបែកចេញពីឪពុកម្តាយរបស់ពួកគេនៅតាមព្រំដែនអាមេរិក៕