ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រស់​នៅ​ទាំង​ព្រួយ​ចិត្ត​ខ្លាច​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ


រូបភាព​ឯកសារ៖ កងកម្លាំង​ពង្រឹង​គយ​និង​អន្តោប្រវេសន៍​(ICE) ចាប់ខ្លួន​ជនបរទេស​ម្នាក់​​កាលពី​ថ្ងៃទី​០៧​ កុម្ភៈ ឆ្នាំ​២០១៧ ក្នុង​ទីក្រុង​ Los Angeles។
រូបភាព​ឯកសារ៖ កងកម្លាំង​ពង្រឹង​គយ​និង​អន្តោប្រវេសន៍​(ICE) ចាប់ខ្លួន​ជនបរទេស​ម្នាក់​​កាលពី​ថ្ងៃទី​០៧​ កុម្ភៈ ឆ្នាំ​២០១៧ ក្នុង​ទីក្រុង​ Los Angeles។

រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​សម្គាល់​អត្តសញ្ញាណ​ពលរដ្ឋ​វៀតណាម​រាប់​ពាន់​នាក់​ ដែល​រដ្ឋបាល​នេះ​ថា​ត្រូវ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ។

ខណៈ​ដែល​ការ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ប្រហែល​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ២០០៨ រវាង​អាមេរិក​និង​វៀតណាម​នោះ អ្នក​ដែល​បារម្ភ​ពី​ការ​បញ្ជូន​ខ្លួន​ទៅ​វិញ​កំពុង​ប្រឈម​នឹង​ជីវិត​ដែល​ឥត​ទៀង​ទាត់​មួយ។

លោក Robert Huynh យំសោក​នឹក​ដល់​បង​ប្រុស​របស់​លោក​ដែល​បាន​ស្លាប់​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ យំ​បារម្ភ​ពី​អនាគត​របស់​លោក​និង​យំ​អាណិតដល់​ម្តាយ​ដែល​មាន​វ័យ៨០ឆ្នាំ។

លោក Robert Huynh ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បញ្ជូន​ខ្លួន​ទៅ​វៀត​ណាម​វិញ​ថ្លែង​ថា៖«ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​មិន​បាន​នៅ​ក្បែរ​គាត់​នៅ​ដង្ហើម​ចុង​ក្រោយ​របស់​គាត់»។

លោក Huynh កូន​ប្រុស​របស់​ទាហាន​អាមេរិកាំង​ស្បែក​ខ្មៅ​មួយ​រូប​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ម្តាយ​និង​បងប្អូន​៣នាក់​ទៀត​ក្នុង​ឆ្នាំ១៩៨៤ ក្រោយ​សង្គ្រាម​វៀតណាម។ បច្ចុប្បន្ន​នេះ​លោក​មាន​អាយុ៤៩ឆ្នាំ​និង​កំពុង​រស់​នៅ​ក្នុង​ទីក្រុង Houston រដ្ឋ តិចសាស។ លោក​មិន​ដែល​គិត​ថា លោក​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម​ ដែល​ជា​ប្រទេស​មួយ​មិន​ស្វាគមន៍​កូន​របស់​ទាហាន​អាមេរិក។

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ២០០៣ លោក Huynh ត្រូវ​បាន​កាត់​ទោស​ពី​បទ​ជួញដូរ​គ្រឿង​ញៀន ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​៣ឆ្នាំ។ ក្រោយ​លោក​ត្រូវ​បាន​ដោះលែង​ខ្លួន ទីភ្នាក់ងារ​អាមេរិក​ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍​និង​ពន្ធគយ​ឬ ICE បាន​ឃុំ​ខ្លួន​លោក​រយៈពេល​៦ខែ​ទៀត។

លោក Huynh ថ្លែង​ទៀត​ថា៖«មិន​មាន​នរណា​ម្នាក់​ប្រាប់​ខ្ញុំ​ថា ការ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​អាច​ធ្វើ​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ប្រទេស​កំណើត​វិញ ប្រសិន​បើ​ខ្ញុំ​មិន​កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ មិន​មាន​នរណា​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​ទេ។ ខ្ញុំ​មិន​ជឿ​ថា​រដ្ឋាភិបាល​អាមេរិក​អាច​បញ្ជូន​ក្មេង​អាមេរិក​ដូច​ជា​រូប​ខ្ញុំ​ទៅ​វិញ​នោះ​ទេ‍»។

លោកHuynh ជឿ​ថា​លោក​ត្រូវ​បាន​ការ​ពារ​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ២០០៨ ដែល​បញ្ជូន​ខ្លួន​ទៅ​វៀតណាម​តែ​អ្នក​ដែល​មក​ដល់​អាមេរិក​ក្រោយ​ឆ្នាំ១៩៩៥។

លោក Daniel Kritenbrink អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​វៀតណាម​ថ្លែង​ថា៖ «សម្រាប់​អ្នក​ដែល​មក​ដល់​អាមេរិក​មុន​ឆ្នាំ១៩៩៥ នោះ​មាន​ន័យ​ថា កិច្ច​ព្រមព្រៀង​នោះ​មិន​រាប់​បញ្ចូល​ពួកគេ​នោះ​ទេ‍»។

កាលពី​ខែ​មីនា អាមេរិក​បាន​ចាប់ផ្តើម​ប្រមែ​ប្រមូល​ជន​ភៀស​ខ្លួន​វៀតណាម​ទ្រង់​ទ្រាយ​ធំ ពិសេស​អ្នក​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ។

លោកHuynh ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ទីភ្នាក់ងារ ICE កាលពី​ខែ​កុម្ភៈ ហើយ​ត្រូវ​ជាប់​ឃុំ​ជាង​មួយ​ឆ្នាំ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ដឹង​អំពី​ពេលវេលា​ដែល​ត្រូវ​ដោះលែង​ខ្លួន​នោះ​ទេ។ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​អាច​នៅ​បន្ត​ទៀត​ឬ​ត្រូវ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​វិញ​នោះ​ទេ។ ខ្ញុំ​តែ​ចាំ​មើល​ត​ទៅ​ទៀត‍»។

មេធាវី​របស់​លោក Huynh ជួយ​ឲ្យ​មាន​ការ​ដោះលែង​លោក​កាលពី​ថ្ងៃ​ទី៧ ខែ​មីនា ប៉ុន្តែ​ព្រមាន​លោក​ថា លោក​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​ម្តង​ទៀត​នៅ​ពេល​ណា​មួយ។

រដ្ឋ​បាល​លោក ត្រាំ បាន​ចាត់​ទុក​វៀតណាម​ថា «រឹងរូស‍» ដែល​មិន​ព្រម​ទទួល​យក​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​វិញ។ ដូច្នេះ​សម្រាប់​ពេល​ឥឡូវ​នេះ លោក Huynh និង​ជនជាតិ​វៀតណាម​ដទៃ​ទៀត​ដូច​ជា​រូប​លោក​ត្រូវ​រស់​នៅ​ទាំង​ព្រួយ​ចិត្ត។

លោកស្រី Han Huynh ម្តាយ​របស់​លោក Huynh ថ្លែង​ថា៖«កូន​ប្រុស​របស់​ខ្ញុំ​មិន​អាច​ត្រូវ​បញ្ជូន​ទៅ​វិញ​នោះ​ទេ។ កូនខ្ញុំ​ជា​ពលរដ្ឋ​អាមេរិកាំង។ មើល​រូបថត​ឪពុក​របស់​គេ​ទៅ ឪពុក​របស់​គេ​គឺ​ជនជាតិ​អាមេរិកាំង‍»។

ក្រុម​អ្នក​ជំនាញ​ថ្លែង​ថា មិន​មែន​មាន​តែ​លោក Huynh ​ម្នាក់​ឯង​នោះ​ទេ។ លោក​គ្រាន់​ជា​ពលរដ្ឋ​វៀតណាម​ម្នាក់​ក្នុង​ចំណោម ៨៦០០នាក់​ដែល​ទីភ្នាក់ងារ ICE ចាត់​ទុក​ថា​ជា​ ជន​បរទេស​ដែល​អាមេរិក​មិន​ចង់​បាន ហើយ​ត្រូវ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ណា​មួយ៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG