ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​បញ្ចប់​ការ​ការពារ​បណ្តោះអាសន្ន​ដល់​ជនជាតិ El Salvador ពី​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ


បាតុករ​ដើរ​ក្បួន​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ការ​គាំទ្រ​ដល់​គម្រោង DACA នៅ​វិមាន​សភា Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន។
បាតុករ​ដើរ​ក្បួន​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ការ​គាំទ្រ​ដល់​គម្រោង DACA នៅ​វិមាន​សភា Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋាភិបាល​អាមេរិក​នឹង​ផ្អាក​ការ​ការពារ​ដល់​ជនជាតិ​ El Salvador ប្រមាណ​២៦២.៥០០​នាក់ ដែល​បាន​រស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់ ដែល​បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។

ស្ថានភាព​ការពារ​បណ្តោះ​អាសន្ន ​ឬ TPS ដែល​បាន​ការពារ​ពលរដ្ឋ​នៃ​ប្រទេស​នៅ​អាមេរិក​កណ្តាល​មួយ​នេះ​ចំនួន​រាប់​សែន​នាក់​ពី​ការ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ក្រោយ​ពី​មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ​២០០១ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

នៅ​ថ្ងៃ​នោះ អ្នក​ដែល​បាន​រស់នៅ​និង​ធ្វើ​ការ​ដោយ​ស្របច្បាប់​នៅក្នុង​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជិត​២ទសវត្សរ៍​មក​ហើយ​ នឹង​ត្រូវ​ត្រឡប់​ទៅ​ជា​ស្ថានភាព​អន្តោប្រវេសន៍​ដូច​មុន​ពេល​ដែល​ពួកគេ​ទទួល​បាន TPS ប្រសិន​បើ​នៅ​មាន​សុពលភាព។ ពួកគេ​មាន​ជម្រើស​ដាក់​ពាក្យ​សុំ​ទាញ​យក​អត្ថប្រយោជន៍​នៃ​ស្ថានភាព​អន្តោប្រវេសន៍​ដូចជា​ ទិដ្ឋាការ​ដោយ​ផ្អែក​លើ​ការងារ​ជាដើម។

ការ​សម្រេច​នេះ​នឹង​ធ្វើ​ឲ្យ​ជនជាតិ El Salvador ជាច្រើន​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ជា​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ ហើយ​ប្រឈម​នឹង​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ​ជា​បន្ទាន់។

នៅ​ក្នុង​ការ​វាយតម្លៃ​ទៅ​លើ​ស្ថានភាព​នៃ​ប្រទេស El Salvador ជាទៀងទាត់ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​កំណត់​ថា ប្រទេស​នេះ​បាន​ស្រោចស្រង់​ពី​គ្រោះ​ធម្មជាតិ​ទាំង​នោះ​ល្មម​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ខ្លួន​ដែល​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ហើយ ដូច្នេះ​ពួកគេអាច​ត្រឡប់​ទៅវិញ​បាន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​ដែល​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​ជាក្រុម​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ៕

XS
SM
MD
LG