អនុប្រធានាធិបតីអាមេរិកលោក Mike Pence បាននិយាយនៅថ្ងៃចន្ទនេះថា វាជាកិត្តិយសមួយសម្រាប់លោកក្នុងការមានវត្តមាននៅក្នុងទីក្រុង Jerusalem ដែលជារដ្ឋធានីរបស់អ៊ីស្រាអែល។ លោកថ្លែងដូច្នេះនៅពេលដែលលោកលើកឡើងពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការទទួលស្គាល់ទីក្រុង Jerusalem នេះជារដ្ឋធានីរបស់អ៊ីស្រាអែល នៅពេលដែលលោកបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសអ៊ីស្រាអែលដែលជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃរបស់លោកទៅកាន់ភូមិភាគមជ្ឈិមបូព៌ា លោក Mike Pence បាននិយាយថា៖ «ដើម្បីជាការប្រារព្ធដល់ការប្រកាសជាប្រវត្តិសាស្ត្ររបស់លោកកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំមុន លោកប្រធានាធិបតី Donald Trump បានធ្វើដោយប្រាកដក្នុងចិត្តថា ការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលគឺជាការផ្ដល់ឱកាសមួយដើម្បីបន្តនូវការចរចាដោយស្មោះត្រង់រវាងអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីនលើបញ្ហានានាដែលអាចពិភាក្សាគ្នាបាន។ ហើយលោកប្រធានាធិបតី Trump ជឿជាក់យ៉ាងពិតប្រាកដថា បញ្ហាទាំងនោះអាចដោះស្រាយបាន»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu បានថ្លែងអំណរគុណដល់លោក Trump និងលោក Pence សម្រាប់អ្វីដែលលោកហៅថាជា «ការប្រកាសជាប្រវត្តិសាស្ត្រ» ក្នុងការទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ លោក Netanyahu ក៏បានប្រកាសផងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនាពេលបច្ចុប្បន្ននេះ គឺកាន់តែខ្លាំងក្លាជាងពេលណាៗទាំងអស់៕