ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល៖ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ជួយ​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​គួរ​បិទ​ចោល


នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​ នៅ​ក្នុង​ក្រុង Jerusalem​ កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​ នៅ​ក្នុង​ក្រុង Jerusalem​ កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ប្រាប់​គណៈរដ្ឋមន្ត្រី​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដែល​ជួយ​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​បាន​ធ្វើ​ឲ្យ​បញ្ហា​បន្ត​កើត​មាន​រហូត និង​គួរតែ​បិទ​ចោល​តែ​ម្ដង។

លោក Netanyahu បាន​ត្អូញត្អែរ​ថា ទីភ្នាក់ងារ​កិច្ចការ​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​ដែល​ហៅ​កាត់​ថា UNRWA ផ្ដោត​ជា​តែ​លើ​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​តែ​ប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ទៀត​ថា ថវិកា​របស់​ទីភ្នាក់ងារ​នេះ​គួរតែ​បង្វែ​ទៅ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ UNHCR វិញ។

ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ថា មាន​ជន​ភៀស​ខ្លួន ៥ លាន​នាក់​ដែល​មាន​សិទ្ធិ​ទទួល​បាន​ជំនួយ​ពី​ខ្លួន។ ពួកគេ​គឺ​ជា​ជនជាតិ​ប៉ាឡេស្ទីន​ដែល​រត់​គេច​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​ឆ្នាំ ១៩៤៨ ឬ​ក៏​ជា​កូន​ចៅ​របស់​អ្នក​ទាំង​នោះ។ សព្វថ្ងៃ​នេះ មាន​ជនជាតិ​ប៉ាឡេស្ទីន​ជាង ១ លាន ៥ សែន​នាក់ រស់នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ហ្សកដានី លីបង់ ស៊ីរី តំបន់ West Bank និង​តំបន់ Gaza Strip។

លោក Chris Gunness អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ជួយ​ជនជាតិ​ប៉ាឡេស្ទីន​នេះ បាន​និយាយ​ថា ទីភ្នាក់ងារ​នេះ​នឹង​បន្ត​កិច្ចការ​របស់​ខ្លួន​រហូត​ទាល់តែ​មាន «ដំណោះស្រាយ​ប្រកប​ដោយ​យុត្តិធម៌ និង​យូរ​អង្វែង» មួយ​សម្រាប់​ជន​ភៀស​ខ្លួន​ទាំង​នេះ។

កិច្ច​ប្រឹងប្រែង​ជំរុញ​ឲ្យ​មាន​ការ​ចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ជាប់​គាំង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ក្ដី​រំពឹង​នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​ស្មុគស្មាញ​បន្ថែម​ទៀត​កាល​ពី​ខែ​មុន​ដោយ​ការ​ទទួល​ស្គាល់​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នូវ​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល៕

XS
SM
MD
LG