ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​មាន​សុវត្ថិភាព​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​ជាង​មុន


មេដឹកនាំ​ពិភពលោក​ឈរ​ថត​រូប​ជា​លក្ខណៈ​គ្រួសារ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​សន្តិសុខ​នុយក្លេអ៊ែរ នៅ​ក្នុង​ក្រុង​ឡាអេ ប្រទេស​ហូឡាំង កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤។
មេដឹកនាំ​ពិភពលោក​ឈរ​ថត​រូប​ជា​លក្ខណៈ​គ្រួសារ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​សន្តិសុខ​នុយក្លេអ៊ែរ នៅ​ក្នុង​ក្រុង​ឡាអេ ប្រទេស​ហូឡាំង កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤។

មិន​ដល់​៣ខែ​ផង​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា កាន់​តំណែង​ជា​ប្រធានាធិបតី​ លោក​បាន​សម្លឹង​មើល​មនុស្សដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​លាន Hradcany ​នៃ​ទីក្រុង​ប្រាក ហើយ​បាន​ប្រាប់​មនុស្ស​ទាំង​នោះ​ថា ​ក្នុង​ឋានៈ​ជា​ប្រ​ទេស​មួយ​ដែល​បាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ ​សហរដ្ឋ​អាមេរិក​មាន​ការ​ទទួល​ខុស​ត្រូវ​ខាង​សីលធម៌​ដើម្បី​ដឹកនាំ​ពិភពលោកឆ្ពោះ​ទៅ​កាន់​ការ​គ្មាន​អាវុធ​នុយក្លអ៊ែរ​នេះ។

លោក​ប្រធានាធិបតី អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា «នៅពេល​ដែល​អាវុធ​នុយក្លេអ៊ែរ ​បាន​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​ណា​មួយ អាច​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ឬ​មូស្គូ អ៊ីស្លាម៉ាបាដ ឬ​ម៉ុមបៃ ​តូក្យូ ​ឬ​តែលអាវីវ ​ប៉ារីស​ ឬ​ទីក្រុង​ប្រាក ​អាច​សម្លាប់​មនុស្ស​រាប់​សែន​នាក់‍។ ហើយ ​មិន​ថា​តើ​អាវុធ​នុយក្លេអ៊ែរ​នោះ​ផ្ទុះ​ឡើង​នៅ​ទី​ណា​ទេ​ ផលវិបាក​សម្រាប់​សុវត្ថិភាព​ សន្តិសុខ សង្គម ​សេដ្ឋ​កិច្ច​របស់​យើង និង​ចំពោះ​ការ​រស់​នៅ​របស់​យើង ​នឹង​គ្មាន​ទី​បញ្ចប់»។

​ចាប់​តាំង​ពី​សុន្ទរកថា​នោះ​មក មាន​សន្និសីទ​កំពូល​អន្តរជាតិ​ជា​បន្ត​បន្ទាប់​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០១០ ​២០១២ ​និង​២០១៤​ដែល​ជំរុញ​ប្រទេស​រាប់​សិប​ឲ្យ​បង្កើន​សន្តិសុខ​សំភារៈ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដល់​ការ​រារាំង​កុំ​ឲ្យ​សំភារៈ​នុយក្លេអ៊ែរ​ទាំង​នោះ​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ​ពួក​ភេរវជន។​ ក៏ប៉ុន្តែ ទោះ​បី​មាន​ការ​ជឿន​លឿន​យ៉ាង​នោះ​ក្តី ​ការងារ​ស្តី​ពី​គោលដៅ​ដ៏​សំខាន់​របស់​សន្និសីទ​កំពូល​នោះ ​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ។

លោក​ប្រធានាធិបតី ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ឆ្នាំ​២០០៩​ថា ពួក​ភេរវជន​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ ​ជា​ការគំរាម​កំហែង​ជា​បន្ទាន់​និង​ខ្លាំង​បំផុត​ដល់​សន្តិសុខ​សាកលលោក។

ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​មាន​ឡើង​បញ្ហា​នេះ ​អ្នក​ដែល​ចូល​សន្និសីទ​កំពូល ​បាន​ផ្តោត​លើ​ការ​ការពារ​ទី​កន្លែង​ដែល​ប្រើ​ប្រាស់​ឧបករណ៍​នុយក្លេអ៊ែរ​ និង​វិទ្យុសកម្ម​ហើយ​និង​កាត់​បន្ថយ​ការ​ស្តុក​ទុក​ឧបករណ៍​នុយក្លេអ៊ែរ​ទាំង​នោះ​ដើម្បី​ធ្វើ​កុំ​ឲ្យ​គេ​លួច​បាន៕

XS
SM
MD
LG