ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសអំពីបញ្ហាសុខភាពកាលពីថ្ងៃពុធសម្រាប់ពលរដ្ឋរបស់ខ្លួននៅប្រទេសចិនក្នុងការឆ្លើយតបទៅនឹងអ្វីដែលក្រសួងការបរទេសនោះបានប្រាប់ឲ្យដឹងថា បុគ្គលិកម្នាក់របស់រដ្ឋាភិបាលអាមេរិកនៅក្នុងទីក្រុង Guangzhou «មានបញ្ហាពិបាកស្តាប់និងមានសម្ពាធក្នុងត្រចៀករបស់ពួកគេ»។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងប៉េកាំងបានប្រាប់ឲ្យដឹងថា បុគ្គលិកម្នាក់បានត្រូវបញ្ជូនទៅកាន់សហរដ្ឋអាមេរិកដើម្បីវាយតម្លៃនិងធ្វើរោគវិនិច្ឆ័យដែលពាក់ព័ន្ធនឹងអាការៈប៉ះពាល់ខួរក្បាល។
សេចក្តីប្រកាសកាលពីថ្ងៃពុធបានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលអាមេរិកមិនបានដឹងពីមូលហេតុនៃរោគសញ្ញាដែលបានរាយការណ៍នោះទេហើយក៏មិនបានទទួលរបាយការណ៍ប្រហាក់ប្រហែលគ្នានៅក្នុងផ្នែកផ្សេងៗទៀតរបស់ចិនដែរ ក៏ប៉ុន្តែ បានប្រាប់ឲ្យដឹងទៀតថា ខ្លួនកំពុងពិនិត្យរបាយការណ៍នេះប្រកបដោយការយកចិត្តទុកដាក់បំផុត។
ស្ថានទូតសហរដ្ឋអាមេរិកបានផ្តល់យោបល់ដល់ជនណាដែលជួបប្រទះបញ្ហាក្នុងការពិបាកស្តាប់មិនឲ្យស្វះស្វែងរកប្រភព ក៏ប៉ុន្តែ ផ្ទុយទៅវិញត្រូវប្តូរទៅកាន់ទីកន្លែងថ្មីដែលមិនមានបញ្ហាក្នុងការពិបាកស្តាប់នោះ។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងធ្វើការសម្រេចពីមូលហេតុ និងផលប៉ះពាល់នៃគ្រោះថ្នាក់នេះ។ ក្រសួងការបរទេសនឹងបញ្ជូនក្រុមវេជ្ជសាស្រ្តទៅកាន់ក្រុង Guangzhou នៅដើមសប្តាហ៍ក្រោយដើម្បីធ្វើការវាយតម្លៃខាងវេជ្ជសាស្ត្រពីបុគ្គលិកកុងស៊ុលទាំងអស់នៅទីក្រុង Guangzhou ដែលបានស្នើសុំនោះ៕