ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​ប្រកាស​ឲ្យ​តំបន់ Sanlitun ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល


ប៉ូលិស​ប្រដាប់​ទៅ​ដោយ​អាវុធ​ឈរ​យាម​នៅ​តំបន់ Sanlitun នៅ​មុន​១​ថ្ងៃ​នៃ​បុណ្យ​ណូអែល​ នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥។
ប៉ូលិស​ប្រដាប់​ទៅ​ដោយ​អាវុធ​ឈរ​យាម​នៅ​តំបន់ Sanlitun នៅ​មុន​១​ថ្ងៃ​នៃ​បុណ្យ​ណូអែល​ នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​កំពុង​តែ​ប្រកាស​អំពី​ភាព​ដែល​អាច​កើត​ឡើង​នៃ​ការ​គំរាមកំហែង​ភេរវកម្ម​ទៅ​លើ​ជនបរទេស​នៅ​ក្នុង​តំបន់ Sanlitun ក្នុង​ថ្ងៃបុណ្យ​ណូអែល​ ឬ​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

ពុំ​ទាន់​មាន​ព័ត៌មាន​លម្អិត​ណា​មួយ​អំពី​ការ​គំរាមកំហែង​នេះ​នៅ​ឡើយ​ទេ ថ្វីត្បិត​តែ​មាន​សញ្ញាណ​នៃ​ការ​បង្កើន​កងកម្លាំង​ប៉ូលិស​នៅ​ក្នុង​ខណ្ឌ​ ដែល​សម្បូរ​ទៅ​ដោយ​កន្លែង​កម្សាន្ត​ពេល​រាត្រី​ដ៏​មាន​ប្រជាប្រិយ ​និង​ហាង​ទំនិញ​អន្តរជាតិ​នេះ​ក៏​ដោយ។

ស្ថានទូត​អាមេរិក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។ ស្ថានទូត​អង់គ្លេស​ និង​បារាំង​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ស្រដៀងគ្នា​នេះ​ដែរ។

ប៉ូលិស​ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា ខ្លួន​បាន​ផ្តួចផ្តើម​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​សន្តិសុខ​កម្រិត​ពណ៌​លឿង នៅ​តាម​ផ្សារ​លក់​ទំនិញ ​និង​ផ្សារ​ទំនើប​នានា​ក្នុង​អំឡុង​ពេល​នៃ​ថ្ងៃ​បុណ្យ​ណូអែល​នេះ។

ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវ​ការ​ស៊ីនហួរ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ពណ៌​លឿង​គឺ​ស្ថិត​នៅ​លំដាប់​ទី​២​នៅ​ក្នុង​ប្រព័ន្ធ​ប្រុងប្រយ័ត្ន​ទាំង​៤​ពណ៌ ដែល​រួម​មាន​ពណ៌​បៃតង ​ពណ៌លឿង ពណ៌​ទឹកក្រូច​ និង​ពណ៌ក្រហម ទៅ​តាម​លំដាប់​ធ្ងន់​ស្រាល។

សេចក្ដី​រាយការណ៍​នេះ​មាន​សេចក្ដី​ថា «យោង​តាម​បទបញ្ញត្តិ​ការពារ​សុវត្ថិភាព​របស់​រដ្ឋាភិបាល​ សេចក្ដី​ប្រកាស​នេះ​មាន​ន័យ​ថា ៦០ភាគរយ​នៃ​បុគ្គលិក​សន្តិសុខ​នៅ​ក្នុង​ផ្សារ​លក់​ទំនិញ ​និង​ផ្សារ​ទំនើប​ទាំង​នោះ​គួរ​តែ​ធ្វើ​ការ​ត្រួតពិនិត្យ​សន្តិសុខ​ទៅ​លើ​បុគ្គលិក​ សម្ភារៈ​ និង​យានយន្ត​ណា​ដែល​គួរ​ឲ្យ​សង្ស័យ»៕​

XS
SM
MD
LG