អភិបាលរដ្ឋ Hawaii លោក David Ige បាននិយាយថា ការរ៉ោទិ៍សំឡេងមិនត្រឹមត្រូវមួយរបស់ស៊ីរ៉ែនប្រកាសអាសន្នអំពីការវាយប្រហារដោយគ្រាប់មីស៊ីល ដែលបានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅលើកោះ Hawaii នេះ ភ័យស្លន់ស្លោកាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ គឺជារឿងដែល «មិនអាចទទួលយកបានទាល់តែសោះ»។ លោកបានបន្ថែមថា បញ្ហានេះបណ្ដាលមកពីកំហុសរបស់មនុស្ស។
លោក David Ige បានប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញថា លោក «ខឹង និងខកចិត្ត» ចំពោះស្ថានការណ៍នេះ។ លោកបាននិយាយថា៖ «ថ្ងៃនេះជាថ្ងៃមួយដែលយើងទាំងអស់គ្នាភាគច្រើននឹងមិនងាយបំភ្លេចបាននោះទេ ដោយវាជាថ្ងៃមួយនៅពេលដែលប្រជាពលរដ្ឋភាគច្រើនគិតថា សុបិនអាក្រក់បំផុតរបស់យើងប្រហែលជានឹងកើតឡើងយ៉ាងពិតប្រាកដហើយ»។
ដោយចោទសួរម្ដងហើយម្ដងទៀតដោយអ្នកសារព័ត៌មានអំពីថាតើកំហុសដូចនេះអាចកើតឡើងតាមរបៀបណានោះ លោកអភិបាលរដ្ឋ Hawaii រូបនេះ បានបញ្ជាក់ថា រដ្ឋបាលរបស់លោកនឹងធ្វើគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើឲ្យច្បាស់ថា រឿងដូចនេះនឹងមិនកើតឡើងម្ដងទៀតនោះទេ។
ប្រជាពលរដ្ឋនៃរដ្ឋ Hawaii បានរៀបរាប់អំពីការភ័យស្លន់ស្លោរបស់ពួកគេ នៅពេលដែលពួកគេទទួលបានការប្រកាសអាសន្ននេះកាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញតាមរយៈការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ អ៊ីមែល និងទូរស័ព្ទដៃ ក៏ដូចជាឧបករណ៍ចល័តផ្សេងៗទៀត។
នៅពេលនោះគឺក្រោយម៉ោង ៨ ព្រឹកបន្តិច ប្រជាពលរដ្ឋនៃរដ្ឋ Hawaii ទទួលបានសារប្រកាសអាសន្នដែលសរសេរថា៖ «ការគំរាមកំហែងដោយគ្រាប់មីស៊ីលកំពុងសំដៅមកកាន់រដ្ឋ Hawaii ហើយ។ សូមស្វែងរកកន្លែងសុវត្ថិភាពឲ្យបានឆាប់។ នេះមិនមែនជាការសាកល្បងនោះទេ»។
កំហុសនៃការប្រកាសអាសន្ននេះត្រូវគេរកឃើញនៅក្នុងអំឡុងពេល ២០ នាទីក្រោយមក ប៉ុន្តែមន្ត្រីរដ្ឋ Hawaii បានចំណាយពេលរហូតដល់ទៅ ៣៨ នាទីក្រោយពីការប្រកាសអាសន្នមិនត្រឹមត្រូវនេះមក ដើម្បីផ្សព្វផ្សាយសារកែតម្រូវដល់ប្រជាពលរដ្ឋតាមរយៈទូរស័ព្ទដៃ ឬឧបករណ៍ចល័តផ្សេងៗទៀត។ ករណីនេះបានធ្វើឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយនានា៕