សហរដ្ឋអាមេរិកបានចោទប្រកាន់ពួកបះបោរក្រុមរដ្ឋឥស្លាមកាលពីថ្ងៃអង្គារពីការប្រើអំពើហឹង្សាដ៏ព្រៃផ្សៃទៅលើក្រុមជនជាតិភាគតិចនិងក្រុមប្រឆាំង ទោះបីពួកគេបានបាត់បង់ការត្រួតត្រាផ្នែកដ៏ធំនៃទឹកដីនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីក៏ដោយ។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានមានប្រសាសន៍ថា «ក្រុមរដ្ឋឥស្លាមមានការទទួលខុសត្រូវយ៉ាងច្បាស់ក្រឡែតអំពីការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។
នៅពេលដែលលោករដ្ឋមន្ត្រីការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសស្តីពីសេរីភាពសាសនានៅក្នុងប្រទេស និងដែនដីចំនួន១៩៩នៅជុំវិញសាកលលោក លោករដ្ឋមន្ត្រីការបរទេសអាមេរិក Tillerson បានមានប្រសាសន៍ថា ការធ្វើទុកបុកម្នេញ និងការមិនអត់ឱនខាងសាសនានៅតែរាលដាលយ៉ាងខ្លាំង។
អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍ទៀតថា «ពលរដ្ឋជិត៨០ភាគរយនៅទូទាំងសាកលលោកបានរស់នៅស្ថិតក្នុងការរិតត្បិតខាងសេរីភាពសាសនា។ សេរីភាពសាសនាមិនត្រូវបានគេការពារដែលយើងដឹងថា អស្ថេរភាព ការរំលោភសិទ្ធិមនុស្សហើយអំពើហិង្សាជ្រុលនិយមបានចាក់ឬស។យើងមិនអាចធ្វើមិនដឹងឮអំពីស្ថានភាពទាំងនេះទេ»។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកាំងបានចង្អុលបង្ហាញប្រទេសចំនួន៧ដែលរំលោភលើសេរីភាពសាសនាគឺ ប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត តួកគី បារ៉ែន ចិន ប៉ាគីស្ថាន និងប្រទេសស៊ូដង់។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Tillerson មានប្រសាសន៍ទៀតថា ក្នុងវិធីជាច្រើន ប្រទេសទាំងនោះបំភិតបំភ័យអ្នកជឿសាសនាដែលបានអនុវត្តជំនឿរបស់ខ្លួនតាមរយៈការយាយី ការចាប់ដាក់គុក និងការធ្វើទុកបុកម្នេញ៕