បព្វជិត Audo រស់នៅក្នុងផ្នែកមួយនៃទីក្រុង Aleppo ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ លោកបន្ទោសការធ្វើសង្គ្រាមលើក្រុមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី និងបន្ទោសប្រទេសផ្សេងទៀតនៃតំបន់មជ្ឈិមបូព៌ាដែលមិនទទួលយកគុណតម្លៃមិនជាប់ពាក់ព័ន្ធនឹងសាសនា ដែលគុណតម្លៃនោះត្រូវបានលើកតម្កើងដោយពិភពលោកសម័យទំនើប។
លោកបានកត់សម្គាល់ឃើញថា អ្នកកាន់គ្រឹស្តសាសនានិងសាសនាឥស្លាមបានរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនាជាច្រើនសតវត្សរ៍មកហើយក្នុងប្រទេសស៊ីរី ក៏ប៉ុន្តែលោកនិយាយថា ជនជ្រុលនិយមបានបំផ្លាញអត្ថិភាពរួមគ្នាប្រកបដោយសន្តិភាពនោះ ដោយមានចេតនាប្រែក្លាយជម្លោះនៅស៊ីរីឲ្យទៅជាសង្រ្គាមសាសនានិងជាតិសាសន៍។
លោកថ្លែងថា មុននឹងសង្រ្គាមបានចាប់ផ្តើមកាលពីឆ្នាំ២០១១ មានអ្នកកាន់គ្រឹស្តសាសនាចំនួន ១.៥លាននាក់ក្នុងប្រទេសស៊ីរី។ បច្ចុប្បន្ននេះ នៅសល់តែ ៥០០.០០០នាក់ប៉ុណ្ណោះ។ នៅក្នុងទីក្រុង Aleppo របស់លោកវិញ លោកថាសហគមន៍អ្នកកាន់គ្រឹស្តសាសនាត្រូវបានកាត់បន្ថយពី ១៦០.០០០ មកនៅត្រឹម ៤០.០០០ ប៉ុណ្ណោះ។
បព្វជិតរូបនេះនិយាយថា លោកសប្បាយរីករាយដែលបានឃើញការបន្តឡើងវិញនៃកិច្ចចរចាសន្តិភាពសម្របសម្រួលដោយ អ.ស.ប. រវាងរដ្ឋាភិបាល និងក្រុមប្រឆាំងក្នុងប្រទេសស៊ីរី។ លោក Audo និយាយថា លោកកត់សម្គាល់ឃើញថា សហរដ្ឋអាមេរិក រុស្ស៊ី និងប្រទេសមហាអំណាចផ្សេងទៀត ដើរតួនាទីសំខាន់ក្នុងការធ្វើឲ្យកិច្ចស្វែងរកសន្តិភាពដំណើរការទៅមុខ។ ប៉ុន្តែលោកបានប្រាប់ VOA ថា ដំណោះស្រាយត្រូវតែកើតចេញពីក្នុងប្រទេសស៊ីរី។
«សហរដ្ឋអាមេរិកត្រូវតែជឿលើសន្តិភាព និងត្រូវគោរពជនជាតិស៊ីរី ហើយមិនត្រូវបង្កើតដំណោះស្រាយណាចេញពីខាងក្រៅ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចនិងយុទ្ធសាស្រ្តរបស់ខ្លួនឡើយ»។
លោកបានបន្ថែមថា លោកប្រធានាធិបតី Bashar al-Assad មានការគាំទ្រយ៉ាងពេញលេញពីសហគមន៍អ្នកកាន់គ្រឹស្តសាសនានៅប្រទេសស៊ីរី។
«ដោយមានការយល់ដឹងតិចតួចពីស្ថានភាពនេះ ប្រសិនបើមានការបោះឆ្នោត ៨០ភាគរយនៃអ្នកកាន់គ្រឹស្តសាសនានៅកម្រិតព្រះសង្ឈរាជ បព្វជិតថ្នាក់ខ្ពស់ អាចារ្យ ពួកគេនឹងជ្រើសយកលោក Bashar al-Assad ពីព្រោះយើងបានដឹងអំពីអ្វីដែលបានកើតឡើងក្នុងប្រទេសអ៊ីរ៉ាក់រូចហើយ ហើយយើងមើលមិនឃើញពីអនាគតសម្រាប់ប្រទេសស៊ីរីជាមួយនឹងក្រុមជ្រុលនិយមទាំងនោះទេ»។
បព្វជិតរូបនេះបន្ថែមថា លោកជឿថា ប្រជាជនជាង៥០ភាគរយ ដែលមានរួមទាំងនិកាយសុន្នី ផងនោះ នឹងជ្រើសរើសយកលោក Assad ជាប្រធានាធិបតី ប្រសិនបើការបោះឆ្នោតបែបប្រជាធិបតេយ្យនឹងត្រូវធ្វើឡើងនៅស៊ីរី៕
ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច