មនុស្សរាប់ម៉ឺននាក់បានស្រែកអបអរហើយបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចគ្រឹស្តសាសនានិកាយរ៉ូម៉ាំងកាតូលិក ប៉ាប ហ្វ្រង់ស៊ីស នៅពេលដែលព្រះអង្គចេញពីយន្តហោះនៅក្នុងទីក្រុង Mexico City នៃប្រទេសម៉ិកស៊ិកកាលពីយប់ថ្ងៃសុក្រ។
នេះជាដំណើរបំពេញទស្សនៈកិច្ចជាផ្លូវការលើកទីមួយរបស់សម្តេចប៉ាបទៅកាន់ប្រទេសដែលមានអ្នកកាន់សាសនាកាតូលិកដ៏ច្រើនបំផុត។ ព្រះអង្គបានត្រូវទទួលការស្វាគមន៍ដោយប្រធានាធិបតី Enrique Pena Nieto លោកស្រីទីមួយ Angelica Rivera ក្រុមរបាំបុរាណ ហើយនឹងហ្វូងមនុស្សដែលបានគ្រវីភ្លើងពិលទៅតាមចង្វាក់ភ្លេង។
សម្តេចប៉ាប ហ្វ្រង់ស៊ីស បានអញ្ជើញទៅដល់ប្រទេសម៉ិកស៊ិកប៉ុន្មានម៉ោងបន្ទាប់ពីព្រះអង្គនិងមេដឹកនាំព្រះវិហារ Orthodox នៃប្រទេសរុស្ស៊ី បានចុះហត្ថលេខាលើការប្រកាសរួមគ្នាសម្រាប់សាមគ្គីភាពខាងសាសនា។
ជំនួបជាប្រវត្តិសាស្រ្តរបស់អស់លោក មានគោលបំណងផ្សះផ្សារជម្លោះដែលមានរយៈពេល១ពាន់ឆ្នាំរវាងសាខាគ្រឹស្តសាសនាប្រទេសលោកខាងលិចនិងខាងកើត។
សម្តេចប៉ាប ហ្វ្រង់ស៊ីស ប្រមុខព្រះវិហារគ្រឹស្តសាសនានិកាយរ៉ូម៉ាំងកាតូលិកហើយនឹងព្រះអង្គ Kirill មេដឹកនាំកាតូលិក បានឱបហើយថើបថ្ពាល់គ្នាទៅវិញទៅមក៣ដងនៅពេលដែលជួបគ្នានៅចំណតអាកាសយានអន្តរជាតិ Jose Marti ក្នុងរដ្ឋធានីឡាហាវ៉ាន។
សេចក្តីប្រកាស បានប្រាប់ឲ្យដឹងថា៖ «យើងសង្ឃឹមថា ជំនួបរបស់យើងនឹងរួមវិភាគទានដល់ការធ្វើឲ្យមានសាមគ្គីភាពឡើងវិញដែលជាក្តីប្រាថ្នារបស់ព្រះជាម្ចាស់»។
ព្រះអង្គ Kirill បានបំពេញទស្សនៈកិច្ចផ្លូវការនៅប្រទេសគុយបាហើយសម្តេចប៉ាប ហ្វ្រង់ស៊ីស បានធ្វើការឈប់សំចតរយៈពេលខ្លីនៅក្នុងរដ្ឋធានីឡាហាវ៉ាននៃប្រទេសគុយបានៅក្នុងដំណើរទៅកាន់ប្រទេសម៉ិកស៊ិក៕