ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​ពិនិត្យ​មើល​ការបន្ត​កិច្ចព្រមព្រៀង​ជនចំណាកស្រុក​ឡើងវិញ​ជាមួយ​គុយបា


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (កណ្តាល) រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​លោក Alejandro Mayorkas និង​រដ្ឋមន្ត្រី​ការបរទេស​ប៉ាណាម៉ា​អ្នកស្រី Erika Mouynes ក្នុងពេល​ធ្វើសន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉ាណាម៉ា នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (កណ្តាល) រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​លោក Alejandro Mayorkas និង​រដ្ឋមន្ត្រី​ការបរទេស​ប៉ាណាម៉ា​អ្នកស្រី Erika Mouynes ក្នុងពេល​ធ្វើសន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉ាណាម៉ា នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិ​កនឹង​ពិនិត្យ​មើល​នូវ​លទ្ធភាព​នៃការបន្ត​កិច្ចព្រមព្រៀង​ជនចំណាក​ស្រុកឡើង​វិញជា​មួយ​ប្រទេស​គុយបា។ នេះ​បើតាមការលើកឡើងរបស់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មួយ​ចំនួន មុន​ការចរចារវាង​សហរដ្ឋ​អាមេរិក​និង​គុយបា​នៅ​ក្នុង​សប្តាហ៍​នេះ​ស្តីពី​ការព្រួយកង្វល់​នៃ​ជន​ចំណាកស្រុក។

រដ្ឋមន្ត្រី​ក្រសួងសន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​លោក Alejandro Mayorkas បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​នៅក្នុង​ប្រទេសប៉ាណាម៉ាកាលពី​ថ្ងៃ​ពុធម្សិលមិញ​ថា «យើង​មាន​កិច្ចព្រមព្រៀងជន​ចំណាកស្រុក​មួយ​ចំនួន​ជាមួយ​គុយបាអស់​រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ។ កិច្ចព្រមព្រៀង​ទាំង​នោះ​ត្រូវ​បានផ្អាក​ក្នុង​ពេល​កន្លង​ទៅ​ ហើយ​យើង​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវលទ្ធភាពដើម្បី​អនុវត្ត​កិច្ចព្រមព្រៀងទាំង​នេះវិញ»។

លោក​បន្ថែម​ទៀត​ថា «នេះ​ជា​ការឆ្លុះ​បញ្ជាំង​នូវ​ការតាំងចិត្ត​របស់​យើង​លើវិធីដោះ​ស្រាយ​ប្រកប​ដោយលក្ខណៈ​មនុស្សធម៌ ផ្លូវ​ច្បាប់ ​និង​របៀបរៀបរយ​ដែល​នឹង​មិន​ធ្វើ​ឲ្យ​ក្រុមបុគ្គល​ទាំងនោះ​ដែល​រួម​មាន​ទាំងជនជាតិ​គុយបា​ផង​ដែរ​ធ្វើ​ចំណាកស្រុក​ដោយឆ្លងសមុទ្រ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ខ្លាំង​នោះ​ឡើយ។

មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​លើក​ឡើង​ថា គេ​ឃើញ​មាន​ការកើនឡើង​ខុស​ពី​ធម្មតានូវជន​ចំណាកស្រុកគុយបា​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​ចូល​មកកាន់​សហរដ្ឋ​អាមេរិក​តាម​ផ្លូវ​គោក​និង​ផ្លូវ​ទឹក។ ជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​គុយបា​ត្រូវ​បាន​ចាត់ទុក​មាន​ចំនួន​ច្រើន​ជាង​ក្នុង​លំដាប់​ថ្នាក់​ទី២ ហើយ​ដែល​បាន​មក​ដល់​ព្រំដែន​ប្រទេស​ម៉ិកស៊ិក​ដែល​នៅជាប់​សហរដ្ឋ​អាមេរិក។

គុយបា​បាននិយាយថា ការដាក់​ទណ្ឌកម្មរបស់​រដ្ឋាភិបាល​អាមេរិក​និង​ការបិទការិយាល័យ​កុងស៊ុល​អាមេរិក​នៅ​ក្នុង​រដ្ឋធានី​ឡាហាវ៉ាន​នៃ​ប្រទេសគុយបា​នោះ​ ស្ថិត​ក្នុង​ចំណោម​ហេតុផលមួយ​ចំនួន​ដែល​បណ្តាល​ឲ្យ​មានជន​ចំណាក​ស្រុក​គុយបា​កើនឡើង​ខ្លាំង​ខុស​ពីធម្មតាដោយ​ពួកគេ​បានជ្រើសរើសផ្លូវ​ប្រកប​ដោយ​គ្រោះថ្នាក់​ដើម្បី​មកកាន់​ទឹកដី​សហរដ្ឋ​អាមេរិក។

កាលពី​ខែ​មីនា​កន្លង​ទៅ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា ខ្លួន​បានបន្ត​ដំណើរការ​ផ្តល់​ទិដ្ឋាការ​ដោយមាន​កម្រិត​ដល់​ជនជាតិ​គុយបា​មួយ​ចំនួន​ដើម្បី​ជួយ​សម្រួល​ដល់​ការចូលរូមរបស់​សង្គមស៊ីវិល អ្នកការទូត​ និងការជួបជុំ​គ្រួសារឡើង​វិញ។

ស្ថានទូត​អាមេរិក​ក្នុងរដ្ឋធានី​ឡាហាវ៉ានរបស់​គុយបា​បាន​ចាប់ផ្តើម​ផ្តល់​ទិដ្ឋាការ​អន្តោប្រវេសន៍​ក្នុង​ចំនួន​ដែល​មាន​កម្រិត។

រដ្ឋមន្តី្រ​ក្រសួង​សន្តិសុខ​មាតុភូមិអាមេរិក​លោក Mayorkas និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បានទៅ​ដល់​ប្រទេស​ប៉ាណាម៉ា​ដើម្បីចូលរួមសន្និសីទ​កំពូលជា​មួយមន្ត្រី​នានា​មកពី​ប្រទេសជាង២០ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជនចំណាកស្រុក​និង​បញ្ហា​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។

ប្រទេស​ប៉ាណាម៉ា​បាន​ក្លាយ​ជា​តំបន់​ឆ្លងកាត់​ដ៏សំខាន់​សម្រាប់ជន​ចំណាកស្រុក​ដែល​ព្យាយាម​មក​កាន់សហរដ្ឋអាមេរិក។ កិច្ចប្រជុំ​នេះ​កើតមាន​ឡើង​ស្របពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ដោះស្រាយ​បញ្ហា​ជន​ចំណាក​ស្រុក​ដែល​គ្មាន​ឯកសារ​ត្រឹម​ត្រូវ​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ហើយបាន​ព្យាយាមធ្វើ​ដំណើរ​មកកាន់​ព្រំដែន​ម៉ិកស៊ិក​ដែលនៅ​ជាប់​នឹង​សហរដ្ឋ​អាមេរិក។

លោក Blinken បាន​អំពាវនាវ​ឲ្យមាន​កិច្ចសហប្រតិបត្តិការក្នុងតំបន់​កាន់តែ​ខ្លាំង​ថែម​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ជនចំណាក​ស្រុក​និង​ជនភៀសខ្លួន៕

XS
SM
MD
LG