ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថា CIA រកឃើញ​ថា «រោគ​សញ្ញា Havana» មិនមែន​ជា​យុទ្ធនាការ​ដោយ​មហា​អំណាច​បរទេស​ទេ


រូបឯកសារ៖ ជនជាតិ​គុយបា បើក​ឡាន​កាត់​មុខ​ស្ថានទូត​អាមេរិក​ក្នុង​អំឡុង​ពេល​ការ​ជួបជុំ​មួយ ទាមទារ​ឱ្យ​បញ្ចប់​ការបិទ​ផ្លូវ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​គុយបា នៅ​ក្នុង​ក្រុង Havana កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២១។
រូបឯកសារ៖ ជនជាតិ​គុយបា បើក​ឡាន​កាត់​មុខ​ស្ថានទូត​អាមេរិក​ក្នុង​អំឡុង​ពេល​ការ​ជួបជុំ​មួយ ទាមទារ​ឱ្យ​បញ្ចប់​ការបិទ​ផ្លូវ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​គុយបា នៅ​ក្នុង​ក្រុង Havana កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២១។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ ​(CIA) ​បាន​សន្និដ្ឋាន​ថា​ អ្នក​ការទូត​អាមេរិក​ដែល​មាន​រោគ​សញ្ញា​ឈឺក្បាល ​និង​ចង្អោរ​ដ៏​អាថ៌​កំបាំង​ដែល​គេហៅ​ថា «រោគ​សញ្ញា ​Havana»​នោះ ​មិនមែនជា​គោលដៅ​នៃ​យុទ្ធនាការ​សកល​ដោយ​មហា​អំណាច​បរទេស​ទេ។ ​

បណ្តាញ​ទូរទស្សន៍​ NBC News​ កាសែត ​The New York Times ​និង ​Politico​ បាន​ដក​ស្រង់​សម្តី​មន្ត្រី​ជាច្រើន​ដែល​បាន​ធ្វើ​បទ​បង្ហាញ​សង្ខេប​ក្នុង​ការ​វាយ​តម្លៃ​ស៊ើប​ការណ៍​សម្ងាត់​របស់​ CIA​ អំពី​ឧបទ្ទវហេតុ​ដែល​បាន​កើត​ឡើង​ជាលើក​ដំបូង​ក្នុង​ចំណោម​អ្នក​ការទូត​ក្នុង​ឆ្នាំ​២០១៦​ ក្នុង​រដ្ឋធានី​ឡាហាវ៉ាន ​ប្រទេស​គុយបា​ ដែល​មន្ត្រី​អាមេរិក​ និង​កាណាដា​ បាន​ត្អូញត្អែរ​ថា ​ឈឺក្បាល​ខ្លាំង​ ចង្អោរ​ និង​ការ​ប៉ះពាល់​ខួរក្បាល​ បន្ទាប់​ពី​ឮ​សំឡេង​ខ្លាំងៗ។​

ចាប់​តាំងពី​ពេល​នោះ​មក ​មន្ត្រី​ការទូត ​និង​ចារកម្ម​បាន​រាយ​ការណ៍​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នេះ​ នៅ​ក្នុង​ប្រទេស​នានា ​រួមមាន​ អូស្ត្រាលី ​ អូទ្រីស ​ចិន ​កូឡុំប៊ី ​ អាល្លឺម៉ង់ ​និង​រុស្ស៊ី។ ​របាយ​ការណ៍​បាន​និយាយ​ថា​ CIA​ មិន​បាន​បដិសេធ​ថា ​ករណី​ប្រហែល​២០ ​ដែល​មិន​ទាន់​អាច​ពន្យល់​បាន​ ហើយ​ដែល​កំពុង​បន្ត​ស៊ើប​អង្កេត​នោះ ​មិន​ជាប់​ពាក់ព័ន្ធ​រដ្ឋ​បរទេស​ទេ។​

ប្រភព​ NBC​ បាន​និយាយ​ថា ​«នៅ​ក្នុង​ករណី​រាប់រយ​ផ្សេង​ទៀត​ ទីភ្នាក់ងារ​នេះ​ បាន​រក​ឃើញ​ការ​ពន្យល់​ដែល​អាច​ជឿ​បាន»។​

មន្ត្រី​អាមេរិក​មួយ​ចំនួន​កាលពី​មុន​បាន​ចោទ​ថា​ រោគ​សញ្ញា ​Havana ​នេះ​អាច​ជា​ការ​វាយប្រហារដោយ​មីក្រូវ៉េវ​របស់​រុស្ស៊ី ​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ ​បាន​បង្ហាញ​ការ​សង្ស័យ​អំពី​ការ​សន្និដ្ឋាន​នេះ។​

របាយ​ការណ៍​នោះ​និយាយ​ថា ​ឯកសារ​ CIA ​គ្រាន់តែ​បង្ហាញ​ការ​រក​ឃើញ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។​

បណ្តាញ​ទូរទស្សន៍ ​NBC​ បាន​រាយ​ការណ៍​ដោយ​ដក​ស្រង់​សម្តី​មន្រ្តី​សហ​រដ្ឋ​អាមេរិក​ថា ​«របាយ​ការណ៍​បណ្តោះ​អាសន្ន​មិនមែន​ជា​ការ​សន្និដ្ឋាន​ចុង​ក្រោយ​របស់​រដ្ឋបាល​លោក​Biden​ ឬ​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​ទេ»។​

ការ​រកឃើញ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​មួយ​ចំនួន​ខកចិត្ត​ ហើយ​អ្នក​ខ្លះ​និយាយ​ថា ​ការ​វាយ​តម្លៃ​របស់​ CIA ​«មិន​អាច​ជាការ​សន្និដ្ឋាន​ចុង​ក្រោយ​អំពី​បញ្ហា​នេះ​ទេ»។ ​នេះ​ បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដកស្រង់​ដោយ​កាសែត ​The Times៕​

លោក ​William J. Burns ​នាយក ​CIA ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវ​បាន​ដកស្រង់​ដោយ​កាសែត​ The New York Times ​ថា៖ ​«ខណៈ​យើង​ឈាន​ដល់​ការ​រក​ឃើញ​បណ្តោះ​អាសន្ន​ដ៏​សំខាន់​មួយ​ចំនួន​ យើង​មិនទាន់​បញ្ចប់ទេ។ យើងនឹង​បន្ត​បេសក​កម្ម​ដើម្បី​ស៊ើប​អង្កេត​ឧបទ្ទវហេតុ​ទាំង​នេះ​ និង​ផ្តល់ការថែទាំ​សុខភាព​លំដាប់​ពិភព​លោក​សម្រាប់​អ្នក​ដែល​ត្រូវ​ការ»៕

XS
SM
MD
LG