ប្រទេសគុយបានៅថ្ងៃចន្ទនេះបានរំឭកខួប៦០ឆ្នំានៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលបានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ជោគវាសនារបស់ប្រទេសកុម្មុយនីស្តមួយនេះ ហើយគ្មានសញ្ញាណាមួយបង្ហាញថា ការដាក់ទណ្ឌកម្មនោះត្រូវបានដកចេញឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការដាក់ទណ្ឌកម្មលើប្រទេសគុយបាត្រូវបានចូលជាធរមានក្នុងរយៈពេល៤ថ្ងៃក្រោយមក បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកJohn F. Kennedyបានចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិមួយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៦២ ដើម្បីដាក់ទណ្ឌកម្មរាល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីទាំងអស់ជាមួយគុយបា។
បទបញ្ជាប្រតិបត្តិរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ គឺក្នុងគោលបំណងដើម្បីកាត់បន្ថយនូវការគំរាមកំហែងរបស់ប្រទេសដែនកោះមួយនេះដែលបានងាកទៅរកមហាអំណាចកុម្មុយនីស្តនៅពេលនោះ។
បើទោះបីជាការដាក់ទណ្ឌកម្មនេះ មិនបានបង្ខំឲ្យគុយបាផ្លាស់ប្តូរនូវគោលជំហររបស់ខ្លួនចាប់តាំងពីពេលនោះក្តី ក៏ការដាក់ទណ្ឌកម្មនេះនៅតែស្ថិតជាធរមាននៅឡើយចាប់តាំងពីពេលនោះមក ហើយអាជ្ញាធរគុយបាបានស្តីបន្ទោសថា ការដាក់ទណ្ឌកម្មនេះ បានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចរបស់ខ្លួនអស់ទឹកប្រាក់ប្រមាណ១៥០ពាន់លានដុល្លារ។
ប្រទេសគុយបាបានឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំងរបស់ខ្លួនក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ដោយអតិផរណាមានទំហំ៧០% ហើយមានការខ្វះខាតជាខ្លាំងនូវស្បៀងអាហារនិងថ្នាំសង្កូវស្របពេលនៃការរាតត្បាតជំងឺកូវីដ១៩ កំពុងធ្វើឲ្យប៉ះពាល់នូវប្រភពចំណូលដ៏សំខាន់មួយរបស់ប្រទេសនេះ គឺវិស័យទេសចរណ៍។
វាជាការធម្មតាមួយទៅហើយសម្រាប់ពលរដ្ឋគុយបាតម្រង់ជួរដ៏វែងដើម្បីទិញទំនិញចាំបាច់នានា ស្របពេលដែលការនាំចូលនូវស្បៀងអាហារពីក្រៅប្រទេស ត្រូវបានរដ្ឋាភិបាលកាត់ទុកមួយផ្នែក សម្រាប់ជាការបម្រុងរបស់ខ្លួន។
រដ្ឋាភិបាលក្រុងឡាហាវ៉ានបានស្តីបន្ទោសការដាក់ទណ្ឌកម្មនេះលើសត្រូវរបស់ខ្លួន។
អាជ្ញាធរគុយបាបានពង្រឹងនូវសាររបស់ខ្លួនអស់រយៈពេលជាច្រើនខែ ដែលមានន័យថា «ការដាក់ទណ្ឌកម្មលើគុយបា ក៏ជាវីរុសមួយផងដែរ»ហើយបានរៀបចំក្បួនរថយន្ត ម៉ូតូ កង់ ដង្ហែពាសពេញផ្ទៃប្រទេស ដោយថ្កោលទោសទៅលើការដាក់ទណ្ឌកម្មនេះ។
ប៉ុន្តែអ្នករិះគន់លើកឡើងថា ការគ្មានប្រសិទ្ធភាពនិងរចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ចដែលគ្រប់គ្រងដោយប្រទេសដែលមានគណបក្សតែមួយនេះ ក៏ត្រូវរងការស្តីបន្ទោសផងដែរ។
សកម្មជនគុយបាលោកស្រី Rosa Maria Payaនៃក្រុមបញ្ចុះបញ្ចូលCubadecideដែលលោកស្រីដឹកនាំពីក្រៅប្រទេសបានលើកឡើងថា៖ «រដ្ឋគុយបាខ្លួនឯងជាអ្នកដាក់ទណ្ឌកម្មពិតប្រាកដ»។
ប្រទេសគុយបាមានលទ្ធភាពផលិតបន្តិចបន្តួចប៉ុណ្ណោះ ហើយបានពឹងផ្អែកទៅលើកការនាំចូលប្រមាណ៨០% នៃស្បៀងអាហារសម្រាប់សេចក្តីត្រូវការចាំបាច់របស់ខ្លួន៕