ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​​ប្រចាំ​កម្ពុជា ​ស្នើឱ្យ​ EU ​គិត​ម្តងទៀត​លើ​ការព្យួរ EBA


រូបឯកសារ៖ វេទិកា​ស្ដីពី​ធុរកិច្ច​បៃតង​លើក​ទី​៤ ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ (VOA)
រូបឯកសារ៖ វេទិកា​ស្ដីពី​ធុរកិច្ច​បៃតង​លើក​ទី​៤ ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ (VOA)

បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​ចំនួន​៣៥០​មក​ពី​សហភាព​អឺរ៉ុប ​កំពុង​វិនិយោគទុន​នៅ​កម្ពុជា។

សភា​ពាណិជ្ជកម្ម​អឺរ៉ុបប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​បានព្រមាន​ថា​ការ​ដកការ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ហៅថា«​គ្រប់មុខ​ទំនិញ​លើក​លែង​សព្វាវុធ (EBA)» ​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់ការ​វិនិយោ​គ​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​សហគមន៍​ធុរកិច្ច​សហភាព​អឺរ៉ុប ​ខូច​ដល់​គំនិត​ផ្តួច​ផ្តើម​អភិវឌ្ឍ​របស់​អឺរ៉ុប​នៅ​កម្ពុជា​និង​ខូចខាត​ដល់​ជីវភាព​ប្រជាពល​រដ្ឋកម្ពុជា។

បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​ចំនួន​៣៥០​មក​ពី​សហភាព​អឺរ៉ុប ​កំពុង​វិនិយោគទុន​នៅ​កម្ពុជា។

សភា​ពាណិជ្ជកម្ម​អឺរ៉ុបប្រចាំ​កម្ពុជា​ បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួនថា​«ការ​ដក​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​អឺរ៉ុប ​ឬ​ EBA ​នឹង​បំផ្លាញ​ការ​ខិត​ខំ​ប្រឹង​ប្រែង​»​របស់​ខ្លួន ​និង​បំផ្លាញ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សមាជិក​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ផងដែរ។

ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ចំនួន​២៨​នេះ​បង្ហាញ​ពី​ការ​ធ្វើ​ការ​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា​ដើម្បី​ពង្រឹង​ផ្នែក​ច្បាប់​និង​លិខិត​បទដ្ឋាន​នានា ដូចដែល​ខ្លួន​ខិតខំ​ជំរុញ​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​របស់​អឺរ៉ុប​ដូច្នេះ​ដែរ។

លោក Blaise Kilian ​នាយក​ប្រតិបត្តិ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដែល​និយាយ​ភាសា​ខ្មែរ​យ៉ាង​រត់មាត់ ​ប្រាប់​VOA​ ថា ​ការដក​ EBA ​ពី​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជាពិសេស​ដល់​ជីវភាព​កម្មករ​នៅកម្ពុជា។

«បើសិន​មាន​ការ​ដក EBA វា​នឹង​មាន​ផលលំបាកយ៉ាង​ខ្លាំង​ទៅលើ​ឥទ្ធិពល​អឺរ៉ុប​នៅ​កម្ពុជា​ក៏​ដូចជា​ទៅ​លើ​ជីវភាព​របស់​កម្មករ​ដែល​គាត់​រាល់​ថ្ងៃ​កំពុង​ទទួល​ផល​ល្អ​ពី​EBA»។

ជាងនេះ​ទៅ​ទៀត​នៅ​ក្នុ​ង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប ​រំលឹក​ថា​ «ការ​បង្ខិតបង្ខំ​ខ្លាំង​ពេក​ ប្រហែល​មិនអាច​ទទួល​បាន​លទ្ធផល​ដែល​ខ្លួន​ចង់បាន​នោះទេ។ យើង​បាន​ឃើញ​ហើយ​ថា​កម្ពុជា​អាចនឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​មហាអំណាច​ដែល​ជា​គូប្រជែង​របស់​អឺរ៉ុប​បើសិន​ជា​កម្ពុជា​ទទួល​សម្ពាធខ្លាំង​ពេក»។

សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​សិក្សា​លើ​លទ្ធភាព​ព្យួរ ​EBA ​ដល់​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ ដោយ​ដាក់​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​សិទ្ធិ​មនុស្ស​និង​សិទ្ធិការងារ​ រួមទាំង​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យដែល​បាន​ធ្លាក់​ដុន​ដាប​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ។ ការ​សិក្សា​ដែល​មាន​រយៈ​ពេល​ប្រាំមួយ​ខែ​ទើប​តែ​បញ្ចប់​កាល​ពី​ខែ​សីហា ​ហើយ​សហភាព​អឺរ៉ុបនឹង​ត្រូវ​ធ្វើ​ការ​សម្រេចចិត្ត​ជា​ចុង​ក្រោយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២០។

អ្នក​ជំនាញ​ការ​របស់​ធនាគារ​ពិភពលោក​ធ្លាប់​បាន​វាយតម្លៃ​ថា​កម្ពុជា​អាច​នឹង​បាត់​បង់​ចំណូល​ប្រមាណ​ជា​៦០០ ទៅ​៧០០​លាន​ដុល្លារ​អាមេរិក​ ប្រសិន​បើ​សហភាព​អឺរ៉ុប​ព្យួរ ​EBA ​មែន​នោះ។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន បាន​និយាយ​ប្រាប់​VOA​កាលពី​ល្ងាច​ថ្ងៃអង្គារ​នេះ​ថា ​ភាគី​អឺរ៉ុប​និង​កម្ពុជា​កំពុង​ធ្វើការ​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ​មួយ​ដែលមិនប៉ះពាល់​ភាគី​ណា​មួយ។

«ភាគី​ទាំង​ពីរ​ទាំង​អឺរ៉ុប ក៏​ដូចជាកម្ពុជា​កំពុង​តែ​ជជែក​គ្នា​ដើម្បបន្ត​ការដោះស្រាយ​ដើម្បីរក​ជ្រុង​ចំណេញ​រួម​ដែល​ឈ្នះ​ទាំង​សងខាង»។

លោកខេន លូ អគ្គលេខាធិការ​និងជា​អ្នក​នាំពាក្យ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរកម្ពុជា ​ហៅ​កាត់​ថា​ GMAC មិន​អាច​ទាក់​ទង​បាន​ទេនៅថ្ងៃ​នេះ។

យ៉ាង​ណាក៏ដោយ​ ​GMAC ធ្លាប់​បាន​អំពាវនាវ​ឲ្យសហភាព​អឺរ៉ុប ​ពិចារ​ណា​ជា​ថ្មី​ម្តង​ទៀត ចំពោះ​ការ​ព្យួរ​ EBA ​មកលើ​កម្ពុជា។ GMAC ក៏​បាន​បក​ស្រាយដែរថា​ការ​ព្យួរ​EBA នេះនឹង​ធ្វើ​ឲ្យ​កម្មករ​រោង​ចក្រ​រាប់​សែន​នាក់​បាត់​បង់​ការងារ​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ប្រមាណ​បី​លាន​នាក់​ត្រូវរង​ផល​ប៉ះពាល់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG