នៅពេលដែលលិខិតរដ្ឋាភិបាលអាមេរិកកាលពីខែកុម្ភៈ បានកោះហៅជនភៀសខ្លួនភូមាជាង១ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិកឲ្យមកធ្វើបទសម្ភាសផ្លូវការនោះ មានការជជែកតៗគ្នានៅទូទាំងសហគមន៍ជនអន្តោប្រវេសន៍ថា តើលិខិតទាំងនោះពិតប្រាកដឬទេ? តើជនភៀសខ្លួនត្រូវចូលរួមឬទេ? តើរដ្ឋាភិបាលចង់បានអ្វីពីការជួបជាមួយនឹងជនភៀសខ្លួនដែលស្ថិតនៅក្នុងប្រទេស ដែលអ្នកខ្លះបានរស់នៅអស់រយៈពេលជាច្រើនឆ្នាំរួចទៅហើយ?
លិខិតដែលទីភ្នាក់ងារផ្តល់សញ្ជាតិនិងផ្តល់សេវាដល់ជនអន្តោប្រវេសន៍របស់អាមេរិកឬ USCIS ដែលជាទីភ្នាក់ងារសហព័ន្ធដែលធ្វើបទសម្ភាសជាមួយនឹងជនភៀសខ្លួននៅបរទេស និងជាអ្នកត្រួតពិនិត្យទៅលើពាក្យសុំរបស់ជនអន្តោប្រវេសន៍នោះ គឺជាលិខិតពិតប្រាកដ។
ជនភៀសខ្លួនមួយចំនួនជ្រើសរើសទៅធ្វើបទសម្ភាស អាស្រ័យទៅតាមកន្លែងស្នាក់នៅឬដំណើរការនៃការសុំចូលសញ្ជាតិ។ ការខកខានក្នុងការធ្វើទៅតាមលិខិតនោះអាចនឹងធ្វើដល់ប៉ះពាល់ដំណើរការនៃការដាក់ពាក្យសុំរបស់ជនអន្តោប្រវេសន៍នោះ នេះបើយោងតាមលិខិតទាំងនោះ។
គោលដៅសំខាន់នៃការស៊ើបអង្កេតទៅលើលទ្ធភាពនៃការក្លែងបន្លំអត្តសញ្ញាណ ដែលជនភៀសខ្លួន២នាក់ចូលមកក្នុងសហរដ្ឋអាមេរិកដោយប្រើប្រាស់ឈ្មោះដូចគ្នា ដែលប្រហែលជាបានកើតឡើងកាលពីជិតមួយទសវត្សរ៍មុននោះ នៅតែមានភាពមិនច្បាស់លាស់នៅមួយខែក្រោយមក។ ទីភ្នាក់ងារ USCIS មិនបានលើកឡើងថា តើមានបណ្តឹងបទឧក្រិដ្ឋយ៉ាងណានោះទេ ហើយក្រុមអ្នកគាំទ្រជនភៀសខ្លួនមិនទាន់បានរាយការណ៍ពីសកម្មភាពទាំងនោះនៅឡើយ។
ទោះជាយ៉ាងនេះក្តី លិខិតនិងបទសម្ភាសបានបង្កឲ្យមានចម្ងល់ ហើយបានធ្វើឲ្យជនភៀសខ្លួននិងក្រុមអ្នកគាំទ្ររបស់ពួកគេស្ថិតក្នុងភាពតានតឹងក្នុងពេលមួយដែលរដ្ឋាភិបាលអាមេរិកបានកាត់បន្ថយកម្មវិធីជនភៀសខ្លួនកាលពី១៥ខែមុន។
អ្នកស្រី Jill Niswander នាយិកាផ្នែកទំនាក់ទំនងនិងមូលនិធិសម្រាប់ការអភិវឌ្ឍនៅឯមជ្ឈមណ្ឌលគាំទ្រជនជាតិភាគតិចភូមានៅក្នុងរដ្ឋ Iowa ដែលជាអង្គការគាំទ្រជនភៀសខ្លួននៅក្នុងទីក្រុង Des Moines រដ្ឋ Iowaនោះបានថ្លែងថា ការស្នើឲ្យចូលសម្ភាសរបស់ទីភ្នាក់ងារ USCIS បានបង្កឲ្យសហគមន៍ភូមាមានការព្រួយបារម្ភ។
អ្នកស្រីបានថ្លែងបា្រប់ VOA បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងរដ្ឋ Iowa បានរាយការណ៍ដំបូងគេអំពីរឿងនេះកាលពីចុងខែកុម្ភៈនោះថា៖«មិនថាលទ្ធផលយ៉ាងណាទេ សំណើរនេះបានធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពនៃមូលដ្ឋានគ្រឹះដែលអ្នកទាំងនេះសម្រេចបាននៅក្នុងសហរដ្ឋអាមេរិក»។
អ្នកស្រីបានថ្លែងបន្ថែមថា៖«វានឹងមិនដូចដើមទេ។ ពួកគេនឹងតែងតែរំពឹងទទួលបានលិខិតមួយ។ ពួកគេនឹងតែងតែព្រួយបារម្ភថារឿងបែបនេះនឹងកើតមានឡើងម្តងទៀត។ ពិសេសនៅពេលដែលគេធ្វើដូច្នេះទៅកាន់ក្រុមមួយដែលធ្លាប់រងការធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាល»។
ភាពបែកបាក់នៃកម្មវិធីជនភៀសខ្លួនរបស់អាមេរិក
ការស៊ើបអង្កេតធ្វើឡើងបន្ទាប់ពីមានភាពច្របូកច្របល់រយៈមួយឆ្នាំដោយសារតែការចូលមកក្នុងសហរដ្ឋអាមេរិករបស់ជនភៀសខ្លួន។ រដ្ឋបាលលោក Trump បានកាត់បន្ថយការមកដល់នៃជនភៀសខ្លួនចំនួនជាងពាក់កណ្តាល មន្ត្រីសំខាន់ៗត្រូវបានតែងតាំងឲ្យកាន់តំណែងដទៃទៀតឬបានចូលនិវត្តន៍ ហើយដូចដែល VOA បានរាយការណ៍កាលពីខែមុន សញ្ជាតិរបស់ជនភៀសខ្លួនដែលចូលមកក្នុងសហរដ្ឋអាមេរិកមានការប្រែប្រួល។
ក្រុមគាំទ្រជនភៀសខ្លួនភ័យខ្លាចថា រដ្ឋបាលលោក Trump នឹងប្រើប្រាស់បញ្ហានាពេលថ្មីៗនេះរបស់ភូមា ដើម្បីបន្តកាត់បន្ថយកម្មវិធីទទួលជនភៀសខ្លួន។
ការស៊ើបអង្កេតទៅលើបញ្ហាបន្លំអត្តសញ្ញាណមិនមែនជាលើកទីមួយដែលអាមេរិកបានស៊ើបអង្កេតទៅលើដំណើរការនៃការត្រួតពិនិត្យទៅលើជនភៀសខ្លួនទេ។ រឿងនេះកម្រកើតឡើង ហើយមានតិចតួចនៅពេលវាកើតមានឡើង។ ក៏ប៉ុន្តែ ការស្រាវជ្រាវនៅលើប្រព័ន្ធអ៊ីនធើណិតទៅលើការក្លែងបន្លំនិងការត្រួតពិនិត្យទៅលើជនភៀសខ្លួនបានទទួលលទ្ធផលជាច្រើនគ្រប់បែបយ៉ាង ដែលភាគច្រើនលើកឡើងពីហានិភ័យរបស់ជនភៀសខ្លួនមកកាន់សហរដ្ឋអាមេរិក។ ប្រធានបទនេះពេញនិយមក្នុងចំណោមបណ្តាញព័ត៌មានអភិរក្សជ្រុលក្លែងក្លាយ និងប្លុកដែលស្អប់ខ្ពើមចំពោះជនបរទេស។
នៅក្នុងប្លុកមួយមានសេចក្តីរាយការណ៍ថា អាមេរិកផ្អាកទទួលជនភៀសខ្លួនពីអាហ្វ្រិកខាងកើតបណ្តោះអាសន្ននៅក្នុងឆ្នាំ២០០៨ បន្ទាប់ពីជនភៀសខ្លួនមួយចំនួនបានធ្លាក់ការធ្វើតេស្ត DNA ដើម្បីបញ្ជាក់ថា ជាសាច់ញាតិរបស់អ្នកធានាដូចដែលពួកគេបានអះអាងនៅក្នុងឯកសាររបស់ពួកគេ។
របាយការណ៍មួយកាលពីខែកក្កដា ឆ្នាំ២០១៧ របស់ការិយាល័យគណនេយ្យរបស់រដ្ឋាភិបាលបានរកឃើញថា សរុបមក ក្រសួងការបរទេសអាមេរិក ទីភ្នាក់ងារ USCIS និងដៃគូរបស់ពួកគេបានចេញវិធានការប្រឆាំងនឹងការក្លែងបន្លំ ដើម្បីកាត់បន្ថយហានិភ័យនៃបុគ្គលិកនិងពាក្យសុំក្លែងបន្លំ ដែលករណីទាំងពីរនេះធ្លាប់កើតមានឡើង ប៉ុន្តែអាចនឹងមានហានិភ័យនៃការក្លែងបន្លំបន្ថែមទៀត។
លក្ខណៈខុសគ្នារវាងការស៊ើបអង្កេតទៅលើជនភៀសខ្លួនភូមានាពេលបច្ចុប្បន្ននិងកាលពីមុនគឺនៅត្រង់ថា ជនភៀសខ្លួនដែលត្រូវសួរចម្លើយមិនមែននៅក្រៅប្រទេសនោះទេ ប៉ុន្តែបានស្ថិតនៅក្នុងសហរដ្ឋអាមេរិករួចទៅហើយ។
បើទោះបីជាបញ្ហាកើតឡើងចេញពីទឹកដីប្រទេសម៉ាឡេស៊ីក៏ដោយក្តី នៅពេលដែលជនភៀសខ្លួនត្រូវបានចុះឈ្មោះក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ វានៅតែមានភាពមិនច្បាស់លាស់ថា តើកំហុសទាំងនោះកើតមានឡើងដោយរបៀបណា តើមានប្រព័ន្ធសម្រាប់ទិញអត្តសញ្ញាណប័ណ្ណសម្រាប់ជនភៀសខ្លួន ឬមានកំហុសនៅក្នុងការបញ្ចូលទិន្នន័យប្រញាប់ប្រញាល ឬក៏ជនភៀសខ្លួនបន្លំអត្តសញ្ញាណធ្វើជាជនភៀសខ្លួនដទៃទៀតដើម្បីប៉ុនប៉ងចាកចេញពីប្រទេសដែលគំរាមកំហែងដល់ពួកគេឬយ៉ាងណានោះ។
លិខិតដែលកំណត់គោលដៅ
ការស៊ើបអង្កេតរបស់ទីភ្នាក់ងារ USCIS ផ្តោតទៅលើក្រុមជនភៀសខ្លួនមួយក្រុមតូច ដែលក្រុមមន្ត្រីជនភៀសខ្លួនរបស់អាមេរិកបានផ្ញើរលិខិតទៅកាន់សមាជិកសហគមន៍ Chin ដែលចូលមកអាមេរិកតាមរយៈបណ្តាញជនភៀសខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីពីប្រហែលឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។
សហគមន៍ Chin មានចំនួនប្រមាណ១ភាគ៤ ក្នុងចំណោមជនភៀសខ្លួននិងជនសុំសិទ្ធិជ្រកកោនភូមានៅក្នុងប្រទេសម៉ាឡេស៊ី។ នៅចុងទសវត្សរ៍២ពាន់ ពួកគេបានរងគ្រោះដោយសារតែការចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាប្រទេសមួយអនុម័តកិច្ចព្រមព្រៀងជនភៀសខ្លួន ហើយដែលជាច្រើនលើកច្រើនសារមិនស្វាគមន៍ជនភៀសខ្លួន។
ការប្រញាប់ប្រញាល់ក្នុងការចុះឈ្មោះជនភៀសខ្លួនដែលកំពុងភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលក្រោយមកត្រូវជាប់ឃុំនៅក្នុងប្រទេសម៉ាឡេស៊ី ប្រហែលនាំឲ្យមានបញ្ហាឈ្មោះ ឯកសារអត្តសញ្ញាណប័ណ្ណ ហើយនាំឲ្យមានអត្តសញ្ញាណជាន់គ្នា។
ពលករជាជនភៀសខ្លួនតាំងទីលំនៅជាថ្មីជាច្រើនបានថ្លែងថា ពួកគេយល់ដែលការស៊ើបអង្កេតមានការចូលពាក់ព័ន្ធរបស់ជនភៀសខ្លួនដែលបានចូលក្នុងសហរដ្ឋអាមេរិក ក្រោយទិញអត្តសញ្ញាណរបស់ជនភៀសខ្លួនដទៃទៀត ឬប្រើប្រាស់ឈ្មោះក្លែងក្លាយ ឬបើក្នុងន័យស្រាលជាងនេះ ប្រហែលជាពួកគេសរសេរឈ្មោះពួកគេផ្សេងពីនេះនៅលើឯកសារផ្សេងទៀត។
អ្នកបកប្រែម្នាក់ដែលបានចូលរួមក្នុងបទសម្ភាសមួយក្នុងចំណោមបទសម្ភាសជាច្រើនបានប្រាប់ VOA ថា ជនភៀសខ្លួនមួយរូបត្រូវបានសាកសួរថា តើអ្នកស្រីបានទិញអត្តសញ្ញាណរបស់ជនភៀសខ្លួនមួយរូបឬ។ អ្នកស្រីបានឆ្លើយថា «ទេ» នេះបើយោងតាមអ្នកបកប្រែ។
ក្រុមអ្នកគាំទ្រជនភៀសខ្លួនថ្លែងថា អ្នកដែលត្រូវបានសម្ភាសមួយចំនួនត្រូវបានសុំឲ្យចុះហត្ថលេខាទៅលើលិខិតដើម្បីស្បថក្នុងពេលធ្វើឯកសារពាក់ព័ន្ធនឹងការឆ្លើយតបរបស់ពួកគេ។
អ្នកស្រី Gen Langh អ្នកបកប្រែមួយរូបនៅមជ្ឈមណ្ឌល EMBARC ក្នុងរដ្ឋ Iowa ធ្លាប់បានចូលរួមស្តាប់ការសម្ភាសជនភៀសខ្លួនរយៈពេល២ម៉ោងកន្លះ។
អ្នកស្រី Langh បានប្រាប់ VOA ថា៖«ខ្ញុំមានអារម្មណ៍ភ័យបន្តិច នៅពេលដែលមេធាវីសាកសួរទៅកាន់មន្ត្រីទីភ្នាក់ងារ USCIS អំពីរបៀបដែលពួកគេនឹងប្រើប្រាស់ព័ត៌មានដែលពួកគេទទួលបានពីការសម្ភាសទាំងនោះ។ អ្នកដឹងទេ ពួកគេមិនបានប្រាប់នោះទេ ពួកគេគ្រាន់តែប្រាប់ថា ពួកគេកំពុងធ្វើការស៊ើបអង្កេត។ ជនភៀសខ្លួនមានអារម្មណ៍មិនសូវស្រួលនោះទេ។ តើពួកគេនឹងធ្វើអ្វីចំពោះព័ត៌មានទាំងនោះ? តើពួកគេនឹងប្រើព័ត៌មានទាំងនោះដើម្បីប្រឆាំងនឹងជនភៀសខ្លួនវិញឬ? ខ្ញុំសង្ឃឹមថា ពួកគេមានភាពច្បាស់លាស់ជាងនេះអំពីរបៀបដែលពួកគេនឹងប្រើប្រាស់ព័ត៌មានទាំងនោះ»។
បណ្តាញច្បាប់សម្រាប់ជនអន្តោប្រវេសន៍កាតូលិក Catholic Legal Immigration Network ឬហៅកាត់ថា CLINICទទួលលិខិតស្បថសច្ចារបស់ជនភៀសខ្លួនម្នាក់ដែលបានចូលសម្ភាសជាមួយនឹងទីភ្នាក់ងារ USCIS។
ឯកសារដែលមានសំណួរមួយចំនួននិងចម្លើយទាំងអស់ត្រូវបានលប់នោះ បានបង្ហាញ សំណួរមួយជួរដែលផ្តោតទៅលើឈ្មោះជនភៀសខ្លួន ដំណើរការចុះឈ្មោះនៅក្នុងប្រទេសម៉ាឡេស៊ី ឯកសារបញ្ជាក់អត្តសញ្ញាណ និងព័ត៌មានប្រវត្តិរូបសំខាន់ៗផ្សេងទៀត។
តើនឹងមានអ្វីកើតឡើងបន្ទាប់ពីនេះទៀត?
យោងតាមសេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារ USCIS បទសម្ភាសនឹងសម្រេចទៅលើសុពលភាពនៃព័ត៌មានដែលត្រូវបានកត់ត្រានិងផលប៉ះពាល់ដែលព័ត៌មានទាំងនោះមានទៅលើស្ថានការណ៍របស់ជនអន្តោប្រវេសន៍នាពេលបច្ចុប្បន្ននិងអតីតកាល ឬសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍ពីស្ថានភាពអន្តោប្រវេសន៍នាពេលអនាគត។
នៅពេលត្រូវបានសាកសួរកាលពីដើមខែមីនា អំពីការស៊ើបអង្កេតទៅលើជនភៀសខ្លួនភូមា ឈិន ទីភ្នាក់ងារ USCIS បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយទៅកាន់ VOA តាមរយៈការឆ្លើយតបតាមអ៊ីម៉ែលមួយ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភអំពីព័ត៌មានអំពីអត្តសញ្ញាណនិងប្រវត្តិរូបដែលត្រូវបានផ្តល់ដល់ទីភ្នាក់ងារ USCIS ក្នុងករណីជាច្រើនពាក់ព័ន្ធនឹងជនភៀសខ្លួនភូមា រួមបញ្ចូលទាំងជនភៀសខ្លួនជាច្រើនដែលបានតាំងទីលំនៅជាថ្មីនៅក្នុងសហរដ្ឋអាមេរិក»។
ទីភ្នាក់ងារនេះបានបដិសេធមិនឆ្លើយតបនឹងសំណួរជាបន្ត ដោយលើកឡើងថាកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយទីភ្នាក់ងារនេះមិនបានឆ្លើយតបភ្លាមៗដើម្បីបញ្ជាក់ពីពេលវេលាដែលការស៊ើបអង្កេតនេះបានចាប់ផ្តើមនោះទេ។
ក្រសួងការបរទេសអាមេរិកដែលមើលការខុសត្រូវទៅលើផ្នែកខ្លះនៃកម្មវិធីជនភៀសខ្លួនរបស់អាមេរិកបានបដិសេធមិនផ្តល់អត្ថាធិប្បាយក្នុងរឿងនេះ ហើយបានបញ្ជូនសំណួរទៅឲ្យទីភ្នាក់ងារ USCISវិញ។
ទីភ្នាក់ងារ USCIS មិនបានឆ្លើយនឹងសំណួរថាតើការស៊ើបអង្កេតនេះមានពាក់ព័ន្ធនឹងឧបទ្ទវហេតុឆ្នាំ២០១៤ ដែលត្រូវបានស៊ើបអង្កេតដោយអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
ឆ្នាំនោះ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានឲ្យដឹងថា ខ្លួនបានរកឃើញករណីជាច្រើនដែលសង្ស័យថាមានការក្លែងបន្លំនៅក្នុងសហគមន៍ជនភៀសខ្លួនមួយចំនួនមកពីប្រទេសមីយ៉ាន់ម៉ា។ ទីភ្នាក់ងារ USCIS មិនបានបញ្ជាក់ថាតើករណីទាំងនោះជាមូលហេតុជំរុញឲ្យមានការផ្ញើរសំបុត្រទៅកាន់ជនភៀសខ្លួននៅក្នុងសហរដ្ឋអាមេរិកនោះទេ។
នៅពេលដែលទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានលើកឡើងពីបញ្ហានោះកាលពី៤ឆ្នាំមុនបន្ទាប់ពីមានការត្រួតពិនិត្យផ្ទៃក្នុងមួយនោះ ទីភ្នាក់ងារនេះបានឲ្យដឹងថា ខ្លួននឹងចាត់វិធានការប្រឆាំងជាមួយជនណាដែលត្រូវបានរកឃើញថាបានបំពានដំណើរការមនុស្សធម៌។
លោក Chris Boian អ្នកនាំពាក្យអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងថា៖«យើងបានប្រាប់ភ្លាមៗទៅកាន់រដ្ឋាភិបាលប្រទេសដែលអនុញ្ញាតិឲ្យជនភៀសខ្លួនតាំងទីលំនៅជាថ្មីនោះ រួមបញ្ចូលទាំងសហរដ្ឋអាមេរិក។
លោក Boian បានថ្លែងបន្ថែមថា ទីភ្នាក់ងារជនភៀសខ្លួនក្រោយមកបានកែប្រែដំណើរការចុះបញ្ជីដែលត្រួតពិនិត្យយ៉ាងលម្អិត ហើយបានបន្ថែមការផ្តិតម្រាមដៃឌីជីថលផងដែរ។
ការស្លន់ស្លោ
គេមិនដឹងច្បាស់ថា នៅពេលណាដែលទីភ្នាក់ងារ USCIS បានចាប់ផ្តើមដឹងអំពីបញ្ហានេះ ហើយនៅពេលណាដែលអាមេរិកបានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើបញ្ហាអត្តសញ្ញាណជាន់គ្នានេះ។
អ្នកស្រី Langh អ្នកបកប្រែនៅមជ្ឈមណ្ឌល EMBARC ថ្លែងថា មានពាក្យចចាមអារ៉ាមនៅទូទាំងសហគមន៍ថា ជនភៀសខ្លួនមួយចំនួនអាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។
អ្នកស្រីបានថ្លែងថា៖«សហគមន៍នេះកំពុងច្រួលច្របល់។ ហើយពួកគេមិនទាំងដឹងពីរបៀបក្នុងការបង្ហាញពីអារម្មណ៍ភ័យខ្លាចរបស់ពួកគេផង។ ពួកគេគ្រាន់តែខ្លាចរដ្ឋាភិបាលបញ្ជូនពួកគេទៅវិញ ឬចាប់ពួកគេដាក់គុក»។
ប៉ុន្តែទោះបីពួកគេរងពាក្យបណ្តឹងពីបទឧក្រិដ្ឋក៏ដោយ ក៏ការបណ្តេញពួកគេចេញពីសហរដ្ឋអាមេរិកគឺជាការលំបាក។ មីយ៉ាន់ម៉ាស្ថិតក្នុងបញ្ជីប្រទេសដែល«រឹងរូស» មិនព្រមទទួលយកជនដែលអាមេរិកបណ្តេញទៅកាន់ប្រទេសកំណើតវិញ។
អ្នកស្រី Reena Arya មេធាវីមួយរូបនៅឯបណ្តាញច្បាប់សម្រាប់ជនអន្តោប្រវេសន៍កាតូលិក Catholic Legal Immigration Network ដែលធ្វើការជាមួយនឹងជនភៀសខ្លួននៅបរទេបានថ្លែងថា៖«វាអាចជាកំហុសតូចមួយរបស់មនុស្ស។ វាមិនមែនមានន័យថា ជនភៀសខ្លួនមិនគួរចូលមកអាមេរិកនិងមានអារម្មណ៍ថាមិនត្រូវបានទទួលស្វាគមន៍នោះទេ។ គ្មានប្រព័ន្ធណាមួយល្អឥតខ្ចោះទេ ហើយមិនគួរណាមានការសង្ស័យទៅលើមនុស្សគ្រប់គ្នាដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញនោះទេ»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា