លោករដ្ឋអាជ្ញាពិសេស Robert Mueller នឹងផ្ដល់សក្ខីកម្មនៅពីមុនសភាសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ អំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០១៦ និងថាតើលោក Trump ក្នុងនាមជាប្រធានាធិបតី មានបានរារាំងដំណើរការស៊ើបអង្កេតរបស់លោកដែរឬក៏យ៉ាងណានោះ។
សវនាការនេះគឺមានសារៈសំខាន់ណាស់សម្រាប់សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យទាំង ២៣៥ រូប ដែលអ្នកទាំងនោះជាងមួយភាគបី បានស្នើឲ្យមានការចាប់ផ្ដើមដំណើរការចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង។
អ្នកទាំងនោះចោទប្រកាន់ថា លោក Trump បានប្រព្រឹត្ត «អំពើឧក្រិដ្ឋធ្ងន់ធ្ងរ និងបទល្មើសមជ្ឈិម» ដោយការព្យាយាមរារាំងការស៊ើបអង្កេតរបស់លោក Mueller ដែលករណីនេះអាចជាមូលដ្ឋានឲ្យមានការចោទប្រកាន់ទម្លាក់លោក Trump ពីតំណែងបាន។
កន្លងមក របាយការណ៍របស់លោក Mueller បានសន្និដ្ឋានថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីអះអាងថាលោក Trump ឬក៏យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកបានឃុបឃិតជាមួយនឹងរុស្ស៊ីនោះទេ ទោះបីជាទីប្រឹក្សាយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកបានទាក់ទងជាច្រើនដងជាមួយនឹងភ្នាក់ងាររុស្ស៊ីក៏ដោយ។
ប៉ុន្តែ លោក Mueller បានសរសេរថា លោកមិនអាចកំណត់អំពីការចោទប្រកាន់លើលោក Trump ថាបានរារាំងដំណើរការយុត្តិធម៌ឬក៏យ៉ាងណានោះទេ ដោយប្រគល់បញ្ហានេះជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក William Barr ជាអ្នកសម្រេច។
បន្ទាប់ពីបានពិនិត្យមើលរបាយការណ៍នេះអស់រយៈពេល ២ ថ្ងៃមក លោក Barr និងអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Rod Rosenstein បានសម្រេចថា គ្មានភស្តុតាងណាមួយដើម្បីចោទប្រកាន់លោក Trump ថា រារាំងដំណើរការយុត្តិធម៌នោះទេ៕