ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ឥណ្ឌា​គួរ​តែ​ធ្វើ​ការ​រួម​គ្នា​លើគម្រោង​ថាមពល​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​


លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និយាយ​នៅ​ឯ​សាល Siri Fort ក្នុង​រដ្ឋ​ធានី​ញូដេលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៥។
លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និយាយ​នៅ​ឯ​សាល Siri Fort ក្នុង​រដ្ឋ​ធានី​ញូដេលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា​ ​សហ​រដ្ឋអាមេរិក​អាច​ក្លាយ​ជា​ដៃ​គូ​ដ៏​ល្អ​បំផុត​របស់​ឥណ្ឌា ​នៅ​ពេល​ដែល​លោក​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ទៅ​កាន់​រដ្ឋ​ធានី​ញូដេលី (New Delhi) ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ប្រាប់​អ្នក​ស្តាប់​ក្មេងៗ​នៅ​ឯ​ជំនួប​សាធារណ​ថា៖ «ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក​មិន​គ្រាន់​តែ​ជា​ដៃ​គូ​ធម្មតា​ប៉ុណ្ណោះ​ទេ។ ​ខ្ញុំ​ជឿជាក់​ថា ​សហរដ្ឋ​អាមេរិក​អាច​ជា​ដៃ​គូ​ដ៏​ល្អ​បំផុត​មួយ​របស់​ឥណ្ឌា»។

​លោក​ប្រធានា​ធិបតី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​សហរដ្ឋ​អាមេរិក​ចង់​ធ្វើ​ដៃ​គូ​ជាមួយ​ឥណ្ឌា​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​ផុតពី​ភាព​ក្រី​ក្រ ​ធ្វើ​ឲ្យ​រីក​លូតលាស់​ខាង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា ​ហើយ​និង​ប្រយុទ្ធ​នឹង​ការផ្លាស់​ប្តូរ​អាកាសធាតុ។​លោកប្រធានាធិបតី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ឥណ្ឌា​អា​ច​ជា​ភ្នាក់ងារ​ផ្លាស់​ប្តូរ​ដ៏​មាន​អំណាច​មួយ​សម្រាប់​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ផង​ដែរ ​ជា​ពិសេស​នៅ​ក្នុងការ​ផ្សព្វផ្សាយភាពចាំបាច់​នៃ​វ៉ាក់ស៊ាំង​សម្រាប់​កូនក្មេង។

លោក​ប្រធានា​ធិបតី​អូបាម៉ា​ក៏​បាន​អំពាវនាវ​ដល់​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ឥន្ធនៈ​ស្អាតដើម្បី​ជួយ​ប្រយុទ្ធ​ការឡើង​កម្តៅ​ផែនដី។ លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ទៀត​ថា ​ពិភពលោក​មិន​អាចប្រឆាំង​ការផ្លាស់​ប្តូរ​អាកាស​ធាតុ​ទេ ​ប្រសិនបើ​ប្រទេស​កំពុង​អភិវឌ្ឍ ​ដែល​មាន​ឥណ្ឌា​នៅ​ក្នុង​ចំណោម​នោះ​ដែរ​ បន្ថយ​ការប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​របស់​ខ្លួន។​ លោក​ប្រធានា​ធិបតី​មាន​ប្រ​សាសន៍​បន្ត​ទៀត​ថា ​ប្រទេស​តិចតួច​នឹង​រង​ផល​ប៉ះពាល់​ជាង​ប្រទេស​ឥណ្ឌា​ដោយសារ​ការឡើងទឹកសមុទ្រ ​ការរលាយផ្ទាំង​ទឹកកក​នៅ​ភ្នំ​ហេមពាន្ត ​ខ្យល់​មូសុង​និង​ព្យុះសង្ឃរា​កាន់​តែ​ខ្លាំង​ឡើង​ ដែល​បណ្តាល​មក​ពី​ការប្រែប្រួល​អាកាសធាតុ​។ ​តាម​ប្រសាសន៍​លោក​ប្រធានា​ធិបតី ​«ជា​បញ្ហា​បន្ទាន់​របស់​សកលលោក»។​

កាល​ពី​ថ្ងៃច័ន្ទ ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​សន្យាផ្តល់​ប្រាក់​៤​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ការវិនិយោគ​ទុន​និង​ប្រាក់​កម្ចី​របស់​អាមេរិក​ដល់​ឥណ្ឌា ក៏​ប៉ុន្តែ​ លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែលកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ធំបង្អស់​២​របស់​ពិភពលោក ​ត្រូវ​បាន​កត់​សម្គាល់​ដោយ​សក្តានុពល​ដែល​មិន​ទាន់​ប្រើ​ប្រាស់​នៅ​ឡើយ៕

XS
SM
MD
LG