ភ្លៀងបានធ្វើឲ្យប៉ះពាល់តិចតួចដល់ការរំជួលចិត្តនៅជុំវិញដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅកាន់ប្រទេសឥណ្ឌា ដោយមានកងទ័ពរាប់ពាន់នាក់បានចូលរួមនៅក្នុងក្បួនដង្ហែរដ៏ទាក់ទាញចិត្តនៅថ្ងៃច័ន្ទនេះដែលនៅទីនោះលោកប្រធានាធិបតី ជាភ្ញៀវកិត្តិយស។
លោកប្រធានាធិបតីអូបាម៉ាគឺជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកដំបូងដែលចូលរួមពិធីបុណ្យនៃការបង្កើតសាធារណរដ្ឋឥណ្ឌា ដែលប្រារព្ធរដ្ឋធម្មនុញ្ញដំបូងបង្អស់របស់ខ្លួនជារដ្ឋឯករាជ្យ ចូលជាធរមាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានចំណាយពេលថ្ងៃទីមួយនៃដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃកាលពីថ្ងៃអាទិត្យ ដើម្បីរឹតចំណងទាក់ទងជាមួយលោកនាយករដ្ឋមន្រ្តីហើយនិងបាបសម្រេចកិច្ចព្រមព្រៀងសំខាន់ៗ។
លោកប្រធានាធិបតីអូបាម៉ានិងនាយករដ្ឋមន្ត្រី Modi បានប្រកាសថា អ្នកទាំងពីរបានឈោងដល់កិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរដែលបានជាប់គាំងជាយូរយាណាស់មកហើយ។
សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយឥណ្ឌានៅឆ្នាំ២០០៨ ដើម្បីផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិល។ ក៏ប៉ុន្តែការអនុវត្តនោះត្រូវបាមជាប់គាំងដោយសារច្បាប់ឥណ្ឌា ដែលដាក់ឲ្យក្រុមហ៊ុននានាដែលស្ថាបនាហើយនិងផ្គត់ផ្គង់ឧបករណ៍ត្រូវទទួលខុសត្រូវក្នុងករណីមានគ្រោះថ្នាក់។
ភាគីទាំង២បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យដើម្បីបង្កើតការធានាដែលមានទឹកប្រាក់រាប់លានដុល្លារដែលមិនបង្ខំឲ្យឥណ្ឌាផ្លាស់ប្តូរច្បាប់របស់ខ្លួន។
សេចក្តីលម្អិតនោះមិនទាន់ច្បាស់នៅឡើយទេ។ ក៏ប៉ុន្តែលោកប្រធានាធិបតី អូបាម៉ា បានហៅកិច្ចព្រមព្រៀងកាលពីថ្ងៃអាទិត្យថា ជាជំហានដ៏សំខាន់មួយដែលបង្ហាញថា ភាគីទាំង២អាចធ្វើការជាមួយគ្នាដើម្បីបង្កើនទំនាក់ទំនង។
នាយករដ្ឋមន្រ្តីឥណ្ឌា Modi បានមានប្រសាសន៍ថា លោកសប្បាយរីករាយដែលឥណ្ឌានិងសហរដ្ឋអាមេរិកអាចធ្វើកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនៅក្រោមច្បាប់ឥណ្ឌានិងច្បាប់អន្តរជាតិ។
នៅឯពិធីជប់លៀងកាលពីយប់ថ្ងៃអាទិត្យ លោកប្រធានាធិបតីអូបាម៉ា បានលើកកែវស្រាប្រសិទ្ធិពរចំពោះអ្វីដែលលោកប្រធានាធិបតី បានហៅថា ភាពជាដៃគូដ៏ធំរវាងឥណ្ឌានិងសហរដ្ឋអាមេរិក ហើយនិងមិត្តភាពរវាងប្រជាពលរដ្ឋទាំង២។
ចូលរួមក្នុងពិធីនៃការបង្កើតសាធារណរដ្ឋឥណ្ឌានៅថ្ងៃច័ន្ទនេះ លោកអូបាម៉ានឹងថ្លែងនៅវេទិកាមេដឹកនាំពាណិជ្ជកម្មអាមេរិកាំង-ឥណ្ឌា។លោកប្រធានាធិបតី បានលុបចោលផែនការបំពេញទស្សនកិច្ចប្រាសាទ Taj Mahalនៅថ្ងៃអង្គារស្អែកនេះ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីតដើម្បីគោរពវិញ្ញាណព្រះមហាក្សត្រ Abdullah ដែលបានសោយទីវង្គតកាលពីសប្តាហ៍មុន៕