មនុស្សជាង ៣៦ លាន ៥ សែននាក់ បានឆ្លងវីរុសកូរ៉ូណាដែលបង្កជាជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នៅពេលដែលជំងឺនេះកំពុងរាលដាលនៅជុំវិញពិភពលោក។ នេះតាមស្ថិតិពីសាកលវិទ្យាល័យJohns Hopkins របស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក ឥណ្ឌា និងប្រទេសប្រេហ្ស៊ីល មានករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេ។ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ថា មានករណីឆ្លងថ្មីជាង ៧ ម៉ឺននាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
សហរដ្ឋអាមេរិក មានករណីឆ្លងជាង ៧ លាន ៦ សែននាក់ និងមនុស្សស្លាប់បានឡើងដល់ជាង ២ សែន ១ ម៉ឺន ២ ពាន់នាក់។ ឥណ្ឌាមានការឆ្លងជំងឺកូវីដ១៩ ជិត ៧ លានករណី ដោយមានមនុស្សស្លាប់ជាង ១ សែន ៦ ពាន់នាក់ រីឯប្រទេសប្រេហ្ស៊ីលមានករណីឆ្លងជាង ៥ លាននាក់ និងមនុស្សស្លាប់ទាំងអស់ជិត ១ សែន ៤ ម៉ឺន ៩ ពាន់នាក់។
ប្រទេសរុស្ស៊ីបានរាយការណ៍ថា តួលេខថ្មីនៃករណីវីរុសកូរ៉ូណាកាលពីថ្ងៃច័ន្ទ មាន ១ ម៉ឺន ២ ពាន់ ១ រយ ២៦ នាក់ ដោយធ្វើឲ្យចំនួនសរុបទាំងអស់មាន ១ លាន ២ សែន ៧ ម៉ឺន ២ ពាន់ ២ រយ ៣ ៨នាក់។ ចំនួនឆ្លងច្រើនបំផុតប្រចាំថ្ងៃកាលពីពេលមុន គឺនៅក្នុងខែឧសភា។ មន្ត្រីខ្លះក្នុងប្រទេសរុស្ស៊ីនិយាយថា ការរឹតត្បិតថ្មីអាចត្រូវធ្វើឡើង។
ក្រសួងសុខាភិបាលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនរដ្ឋ Maryland និងរដ្ឋ Virginia បានផ្ញើលិខិតកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់បុគ្គលិកដែលធ្វើការនៅសេតវិមាន ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ឬបានចូលរួមពិធីនៅថ្ងៃទី ២៦ ខែកញ្ញា នៅឧទ្យានផ្កាកុលាបក្នុងសេតវិមាន សម្រាប់ការតែងតាំងលោកស្រី Amy Coney Barrett ជាចៅក្រមតុលាការកំពូល។ លិខិតនេះជំរុញឲ្យពួកគេ «ធ្វើការទាក់ទងជាមួយមន្ត្រីសុខាភិបាល នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីសាកសួរចំពោះតម្រូវការឲ្យពួកគេធ្វើចត្តាឡីស័ក»។
សេតវិមានហាក់ដូចជាក្លាយជាប្រភពនៃករណីជំងឺកូវីដ១៩ ជាច្រើន រួមមានការឆ្លងជំងឺនេះដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សមាជិកសភាមួយចំនួន និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Notre Dame University និងបុគ្គលិកសេតវិមានផ្សេងៗទៀត៕