កាលពីថ្ងៃច័ន្ទម្សិលមិញ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក CDC បានឲ្យដឹងថា ជំងឺកូវីដ១៩ អាចឆ្លងតាមវីរុសដែលនៅវិលវល់នៅក្នុងខ្យល់។ ការលើកឡើងដូចនេះ គឺជាការទទួលស្គាល់អំពីក្ដីបារម្ភរបស់អ្នកជំនាញខាងសុខភាពសាធារណ:ដែលបានបញ្ជាក់អំពីការឆ្លងជំងឺកូវីដ១៩ តាមវីរុសនៃជំងឺនេះនៅក្នុងខ្យល់។
ការប្រកាសរបស់មជ្ឈមណ្ឌល CDC នេះបានធ្វើឡើងក្នុងពេលប៉ុន្មានសប្ដាហ៍ក្រោយមក បន្ទាប់ពីមជ្ឈមណ្ឌលនេះបានចេញផ្សាយ ហើយបានលុបចោលវិញនូវការព្រមានស្រដៀងគ្នានេះដែរ ដែលបានធ្វើឲ្យមានការជជែកដេញដោលអំពីវិធីដែលជំងឺកូវីដ១៩ នេះ ឆ្លងពីមនុស្សម្នាក់ទៅម្នាក់។
នៅក្នុងសេចក្ដីណែនាំនោះ មជ្ឈមណ្ឌល CDC បានឲ្យដឹងថា មានភស្តុតាងបង្ហាញថា មនុស្សដែលមានជំងឺកូវីដ១៩ អាចចម្លងទៅអ្នកដទៃ ដែលនៅគម្លាតឆ្ងាយជាង ២ ម៉ែត្របាន ក្នុងកន្លែងខាងក្នុង ដែលមានខ្យល់ចេញចូលមិនល្អ។
ក្នុងកាល:ទេស:បែបនេះ មជ្ឈមណ្ឌល CDC បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រជឿថា ចំនួននៃភាគល្អិត ឬតំណក់តូចៗនៃវីរុស ដែលបញ្ចេញដោយអ្នកជំងឺកូវីដ១៩ អាចប្រមូលផ្ដុំគ្នាគ្រប់គ្រាន់នៅក្នុងខ្យល់ក្នុងការចម្លងជំងឺនេះដល់អ្នកដទៃបាន។
មជ្ឈមណ្ឌល CDC បានព្រមានជាយូរមកហើយអំពីការឆ្លងជំងឺកូវីដ១៩ តាមរយៈតំណក់តូចៗនៃវីរុសនេះដែលអ្នកជំងឺបញ្ចេញទៅក្នុងខ្យល់ និងជាទូទៅធ្លាក់ទៅលើដី ដែលករណីនេះធ្វើឲ្យមានការណែនាំឲ្យរក្សាគម្លាតប្រហែល ២ ម៉ែត្រពីគ្នា។ តំណក់តូចៗខ្លះ គឺតូចមែនទែន ដែលធ្វើឲ្យតំណក់ទាំងនេះ អាចនៅហោះហើរវិលវល់ក្នុងខ្យល់ដូចជាផ្សែងបាន៕