អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងកាលពីថ្ងៃពុធម្សិលមិញថា អង្គការសហប្រជាជាតិនឹងធ្វើការកៀរគរភាគីអន្តរជាតិសំខាន់ៗដើម្បីដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ាដើម្បី «ធ្វើឲ្យប្រាកដ» ថា រដ្ឋប្រហារយោធារបស់ប្រទេសនេះបរាជ័យ។
លោក Guterres បានថ្លែងនៅក្នុងការពិភាក្សាតាមអនឡាញមួយជាមួយកាសែត Washington Post ថា៖ «រដ្ឋប្រហារនេះជាការមិនអាចទទួលយកបានជាដាច់ខាតបន្ទាប់ពីការបោះឆ្នោតមួយ ដែលខ្ញុំជឿថាជាការបោះឆ្នោតប្រក្រតី។
បន្ទាប់ពីរយៈពេលនៃការផ្ទេរអំណាចដ៏ធំមួយ វាមិនអាចទទួលយកបានជាដាច់ខាតក្នុងការប្រែក្រឡាស់លទ្ធផលនៃការបោះឆ្នោតនិងឆន្ទៈរបស់ប្រជាពលរដ្ឋនោះ»។
យោធាមីយ៉ាន់ម៉ាដែលហៅថា Tatmadaw បានដណ្តើមយកអំណាចកាលពីថ្ងៃច័ន្ទដោយបានប្រកាសស្ថានភាពអាសន្នក្នុងប្រទេសរយៈពេលមួយឆ្នាំ ហើយបានឃុំខ្លួនមេដឹកនាំលោកស្រី Aung San Suu Kyi លោកប្រធានាធិបតី U Win Myint និងមេដឹកនាំផ្សេងទៀតមួយចំនួនផងដែរ។
រដ្ឋប្រហារនោះបានកើតមានឡើងបន្ទាប់ពីមានភាពតានតឹងអស់រយៈពេលប៉ុន្មានថ្ងៃរវាងពួកយោធានិងគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាគណបក្សកាន់អំណាច។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាសម្រាប់បង្កើតរដ្ឋាភិបាលអាណត្តិថ្មី។ ក្រុមយោធា Tatmadaw បានបដិសេធពុំទទួលយកលទ្ធផលនៃការបោះឆ្នោតឡើយ ដោយបានចោទប្រកាន់ថា មានការលួចបន្លំយ៉ាងខ្លាំងក្លានៅក្នុងការបោះឆ្នោតនោះ។
កាលពីព្រឹកថ្ងៃពុធ ពួកអាជ្ញាធរនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រី Aung San Suu Kyi ចំពោះការនាំចូលទំនិញខុសច្បាប់និងការប្រើវិទ្យុទាក់ទងចំនួន ៦ គ្រឿងដោយមិនបានចុះបញ្ជី ដែលបានរកឃើញក្នុងអំឡុងពេលនៃការឆែកឆេរនៅផ្ទះរបស់លោកស្រីនៅរដ្ឋធានីណៃពីដោ។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកមានការរំខានដោយសារសេចក្តីរាយការណ៍អំពីការចោទប្រកាន់ថ្មីនេះ៕