បាតុកម្មនៅទូទាំងប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា បានឈានចូលដល់ថ្ងៃទី ៥ ហើយ នៅថ្ងៃពុធនេះ ទោះបីជាយោធាបានបង្កើនការប្រើកម្លាំងទប់ទល់នឹងក្រុមបាតុករក៏ដោយ។
កងកម្លាំងសន្តិសុខបានបាញ់គ្រាប់កាំភ្លើងព្រមាន និងបានបាញ់គ្រាប់កាំភ្លើងជ័រនិងបាញ់ទឹកលើក្រុមបាតុករដើម្បីព្យាយាមបំបែកការតវ៉ា។ សេចក្តីរាយការណ៍មួយចំនួនបានបញ្ជាក់ថា ករណីនេះបានធ្វើឲ្យបាតុករមួយចំនួនរងរបួស។
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានថ្កោលទោសអំពើហិង្សានេះ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់អ្នកកាសែតថា៖ «សហរដ្ឋអាមេរិកធ្វើការអំពាវនាវម្តងទៀតឲ្យយោធា [មីយ៉ាន់ម៉ា] លះបង់ចោលអំណាច ស្តាររដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញ ដោះលែងអ្នកជាប់ឃុំ និងដកចេញនូវការរឹតត្បិតលើផ្នែកទូរគមនាគមន៍ទាំងអស់»។
អង្គការសហប្រជាជាតិបានសម្ដែង «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីការបង្ក្រាបនេះ។
លោក Ola Almgren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ខ្ញុំអំពាវនាវឲ្យកងកម្លាំងសន្តិសុខ [មីយ៉ាន់ម៉ា] គោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដែលក្នុងនោះរួមមានទាំងសិទ្ធិនៅក្នុងការជួបជុំដោយសន្តិវិធី និងសិទ្ធិបញ្ចេញមតិផងដែរ»។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំពិសេសនៅថ្ងៃសុក្រខាងមុខ ដើម្បីពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ានេះ៕