រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃពុធ បានដាក់ទណ្ឌកម្មថ្មី ក្នុងគោលបំណងឲ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើស្ថាប័នចំនួន៩ ដែលក្នុងនោះ មានក្រុមហ៊ុនពាណិជ្ជកម្មពីរដែលមានទីស្នាក់ការក្នុងប្រទេសចិន។ ក្រុមហ៊ុនទាំងពីរនេះធ្វើការនាំចេញនូវលោហៈធាតុ និងសម្ភារៈផ្សេងទៀត ដែលមានតម្លៃរាប់លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងវិស័យការពារជាតិ របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
បុគ្គល១៦នាក់ផ្សេងទៀតក៏មានឈ្មោះនៅក្នុងបញ្ជីដាក់ទណ្ឌកម្មនេះផងដែរ។ ពួកគេទាំងនោះរួមមាន សមាជិករបស់គណបក្សពលករកូរ៉េ ដែលបានធ្វើអាជីវកម្មនៅក្នុងប្រទេសចិន រុស្ស៊ី និងនៅក្នុងតំបន់អាប់ខាសៀ ដែលជារដ្ឋមួយស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី និងភាគពាយ័ព្យប្រទេសហ៊្សកហ្ស៊ី។ ក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក ស្នើឲ្យប្រទេសទាំងនោះកុំធ្វើអាជីវកម្មជាមួយបុគ្គលទាំងនេះ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើជំនួញជាមួយនឹងជនជាតិអាមេរិកាំង។
អ្នកតំណាងឲ្យក្រុមហ៊ុន Korean Ryonbong General Corporation ១០នាក់ដែលមានទីតាំងនៅក្នុងប្រទេសចិន និងរុស្ស៊ី ក៏ស្ថិតក្នុងចំណោមនោះដែរ។ ក្រុមហ៊ុនដែលលក់សម្ភារៈឲ្យក្រសួងការពារជាតិរបស់កូរ៉េខាងជើងទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផងដែរ។
ក្រុមហ៊ុនដឹកជញ្ជូនកូរ៉េខាងជើងចំនួន៥ និងនាវាចំនួន៦ ក៏ស្ថិតក្នុងបញ្ជីខ្មៅដែរ។
លោករដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក Steven Mnuchin បានថ្លែងក្នុងសេចក្តីថ្លែងការណ៍នេះថា «ក្រសួងហរិញ្ញវត្ថុនឹងបន្តដាក់ទណ្ឌកម្មទៅលើបុគ្គល និងស្ថាប័ន ដែលផ្គត់ផ្គង់ហរិញ្ញវត្ថុដល់របបKim Jong unនិងដល់កម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ»៕