ការឆ្មក់ចាប់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក ដែលមានបំណងសំដៅលើជនអន្តោប្រវេសន៍ខុសច្បាប់ចំនួនប្រហែល ២ ពាន់នាក់ ដើម្បីអាចបញ្ជូនពួកគេទៅកាន់ប្រទេសកំណើតវិញ បានចាប់ផ្ដើមក្នុងទ្រង់ទ្រាយតូចស្ទើរតែគ្មានការចាប់អារម្មណ៍កាលពីថ្ងៃអាទិត្យម្សិលមិញ។
លោក Matt Albence នាយកស្ដីទីនៃទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ បាននិយាយថា៖ «យើងអនុវត្តច្បាប់ប្រឆាំងនឹងបុគ្គលមួយចំនួនដែលជាប់ពិរុទ្ធរឿងអន្តោប្រវេសន៍ និងដែលត្រូវបានចៅក្រមអន្តោប្រវេសន៍បញ្ជាឲ្យបញ្ជូនពួកគេចេញពីសហរដ្ឋអាមេរិក»។
លោកមិនបានផ្ដល់ព័ត៌មានណាមួយអំពីថាតើការចាប់ខ្លួនជនទាំងនេះធ្វើឡើងនៅទីណា ឬក៏ថាតើមនុស្សប៉ុន្មាននាក់ដែលត្រូវបានឃុំខ្លួននោះទេ។
ប៉ុន្តែ ការភ័យខ្លាចក្នុងចំណោមសហគមន៍អន្តោប្រវេសន៍នៅតាមទីក្រុងធំៗអំពីការឆ្មក់ចូលចាប់ខ្លួនពួកគេមិនមាននោះទេ។
គេឃើញមានសេចក្ដីរាយការណ៍ថា មិនមានសកម្មភាពឆ្មក់ចាប់ខ្លួនណាមួយធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នៅតាមទីក្រុងធំៗមួយចំនួនដូចជាទីក្រុង Miami ទីក្រុង New York ទីក្រុង Atlanta និងទីក្រុង Baltimore ជាដើមនោះទេ។ ទីក្រុងទាំងនេះគឺជាទីក្រុងដែលព្រះវិហារគ្រិស្តសាសនា និងមេធាវីចេញមុខការពារជនអន្តោប្រវេសន៍ខុសច្បាប់។ ព្រះវិហារគ្រិស្តសាសនា និងមេធាវីបានប្រាប់អ្នកដែលត្រូវគេចាប់ខ្លួនមិនឲ្យនិយាយ ឬក៏ធ្វើសញ្ញាអ្វីនោះទេ ប្រសិនបើគ្មានវត្តមានមេធាវីនៅជាមួយ។
មន្ត្រីទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ថា ពួកគេផ្ដោតខ្លាំងលើការចាប់ខ្លួននរណាដែលគេចាត់ទុកថាអាចបង្កគ្រោះថ្នាក់។ ប៉ុន្តែ អ្នកតស៊ូមតិឲ្យជនអន្តោប្រវេសន៍ថា ការឆ្មក់ចាប់ខ្លួននេះអាចធ្វើឲ្យគ្រួសារជនអន្តោប្រវេសន៍ទាំងនោះមានការបែកបាក់គ្នា និងអាចច្រឡំចាប់ខ្លួនអ្នកដែលមិនបង្កគ្រោះថ្នាក់៕